Saturday, August 4, 2012

ព្រួត​គ្នា​វាយ​បុរស​វៀតណាម​ម្នាក់​ចោទ​ថា​ចាប់​ក្មេង​វះ​យក​ក្រលៀន​


ដោយ​ ៖ អារុណរះ ថ្ងៃទី 04 សីហា 2012ម៉ោង 15:56:43
​ខេត្ដកណ្ដាល​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រុស​ ស្រី​ចាស់​ក្មេង​៣​ភូមិ​​ លើកគ្នា​មក​ពពាក់​ពពូន​ព័ទ្ធ​ចាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​សំពង​ចាស់ដៃ ​បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ បើ​ទោះបីជា​សមត្ថកិច្ច​នគរ​បាល​ស្រុក​មុខកំពូល​ ក៏​ដូច​ជា​អាវុធហត្ថ​ បាន​ចុះ​អន្ដរាគមន៍​យ៉ាងណា​ក៏​ដោយ​ ក៏​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​តែ​មិន​ចង់​ស្ដាប់​ ថែម​ទាំង​នាំ​គ្នា​វាយ​ជនជាតិ​វៀត​ណា​ម​នេះ​រហូត​ដល់​លែង​មាត់​លែង​.​ក​ ។​
​ការ​ភ្ញាក់ផ្អើល​លើកគ្នា​មក​ព័ទ្ធ​ វាយ​ជនជាតិ​វៀតណាម​នេះ​ បន្ទាប់​ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​ មាន​ជនជាតិ​វៀតណាម​ម្នាក់​ដេញចាប់​ក្មេង​វះ​យក​ ក្រលៀន​នៅ​ក្នុងភូមិ​ ។​​ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ភូមិ​អន្លង់​ស្លែង​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ ។​
​ក្នុង​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យ​ មាន​ការ​ភ្ញាក់ផ្អើល​រហូត​ដល់​ថ្នាក់លើ​ រួច​បញ្ជា​កម្លាំង​មួយ​ផ្នែក​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ ដើម្បី​ឱ្យ​ដឹង​ពី​មូលហេតុ​ឱ្យ​ច្បាស់លាស់​ថា​ រឿង​នេះ​ផ្ដើម​ឡើង​ដោយ​មូលហេតុ​អ្វី​ពិតប្រាកដ​ ។​ ប៉ុន្ដែ​អស់​រយៈពេល​ជិត​១​ថ្ងៃ​សមត្ថកិច្ច​អាវុធហត្ថ​ ក៏​ដូច​ជា​នគរបាល​ស្រុក​មុខកំពូល​ បាន​នាំ​គ្នា​គ្រវីក្បាល​និង​ហួសចិត្ដ​នូវ​ទ​ង្វើ​របស់​ប្រជាពលរដ្ឋ​ទាំង​៣​ ភូមិ​ខាងលើ​ ធ្វើ​ទៅ​លើ​ជនជាតិ​វៀតណាម​១​រូប​ ។​ មិនតែប៉ុណ្ណោះ​ទ​ង្វើ​របស់​ប្រជា​ពលរដ្ឋ​មិន​ត្រឹមតែ​វាយ​បុរស​ជនជាតិ​ វៀតណាម​នេះ​ឱ្យ​បែក​មុខ​បែក​មាត់​សន្លប់​ លែង​ដឹងខ្លួន​នោះ​តែ​ ថែម​ទាំង​អូស​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ម៉ាក​សង់​កូរ៉េ​ ដុត​កម្ទេច​ចោល​មុខ​ផ្ទះ​មេ​ភូមិ​ទៀត​ ។​
​បុរស​ជនជាតិ​វៀតណាម​ដែល​រង​គ្រោះ​ នៅ​ក្នុង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ផា​ន់​ ខ្វាន់​មិន​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​ មេការ​ជួសជុល​អង់​តែ​ន​ក្រុមហ៊ុនទូរស័ព្ទ​ មិត្ដ​ហ្វូ​ន​ (០៩៧/០៨៨)​ មានស្រុក​កំណើត​ នៅ​ប្រទេស​វៀតណាម​ ស្នាក់​នៅ​បណ្ដោះ​  អាសន្ន​ក្នុងភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពា​ ស្រុក​មុខ​ កំពូល​ ខេត្ដកណ្ដាល​ ។​
​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​មុត​ ចាន់​ថន​ ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​មុខកំពូល​ ដែល​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ករណី​នេះ​ ពេញ​១​ថ្ងៃ​បាន​និយាយ​ឱ្យ​ដឹង​ថា​ ដើម​ ចម​នៃ​រឿង​នេះ​ គឺ​ផ្ដើម​ឡើង​ពី​បុរស​ម្នាក់​ ឈ្មោះ​ម៉ាត់​ ផ​ល្លី​ អាយុ​២៥​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បាន​និយាយ​ បំប៉ោង​សភាពការណ៍​ថា​ មាន​ជនជាតិ​ វៀតណាម​ចូល​ទៅ​ក្នុងភូមិ​ចាប់​ក្មេងៗ​វះ​ យក​ក្រលៀន​ ។​ គាប់​ជួន​ពេល​នោះ​ បុរស​ ជនជាតិ​វៀតណាម​ដែល​រង​គ្រោះ​ក៏​បាន​ វិល​ត្រឡប់​ពី​កន្លែង​ជួសជុល​អង់​តែ​ន​ ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​មក​ដល់​ភូមិ​ខាង​លើ​ ក៏​ស្រាប់តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​ ចាប់​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ដោយ​មិន​ បាន​សួរនាំ​រក​ខុស​ត្រូវ​នោះ​ឡើយ​ ហើយ​ ម៉ាត់​ ផ​ល្លី​ ក៏​ចូលរួម​វាយ​ជន​រង​គ្រោះ​ដែរ​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត ​ថា​ ចំពោះ​ឈ្មោះ​ម៉ាត់​ ផ​ល្លី​ ដែល​មាន​សភាព​ទន់​ល្វតល្វន់​ ហើយ​ថា​ខ្លួន​ត្រូវ​ថ្នាំពុល​នោះ​ គឺជា​ការ​ប្រឌិត​ហើយ​ ធាតុ​ពិត​ ម៉ាត់​ ផ​ល្លី​ បាន​ផឹក​ស្រាស​មួយ​ យប់​ទល់​ភ្លឺ​កំដរ​បុណ្យសព​ប្រជាពលរដ្ឋ​ ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​
​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ដែល​លើកគ្នា ​ រាប់រយ​នាក់​មក​ព័ទ្ធ​ចាប់​វាយ​ជនជាតិ​ វៀតណាម​ បណ្ដាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ ធ្ង​រ​នេះ​ មាន​ភូមិ​អន្លង់​ស្លែង​,​ ភូមិ​កំពង់​ ប្រាសាទ​ និង​ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពា​ ស្រុក​មុខកំពូល​ ខេត្ដកណ្ដាល​ ។​
​ចំពោះ​ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​ នគរបាល​ស្រុក​មុខកំពូល​កំពុង​តែ​ស្រាវ​ ជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត​ចំពោះ​ ករណី​ខាងលើ​នេះ​ ហើយ​លោក​ មុត​ ចាន់​ថន​ នាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​មុខ​ កំពូល​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​ ពាក្យ​ចចាមអារ៉ាម​ថា​ចាប់​ក្មេងៗ​វះ​ យក​ក្រលៀន​ខាងលើ​នេះ​មិន​ពិត​ទេ​ ។​
​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១២​ លោក​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែ​ត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ ដឹង​ថា​ ការ​វះ​យក​ក្រលៀន​មនុស្ស​ វា​មិន​ ងាយៗ​ដូចដែល​យើង​គិត​នោះ​ទេ​ បើ​គេ​ ចង់​ធ្វើ​ គឺ​មាន​ទីតាំង​ស្អាតបាត​ ឧបករណ៍​ គ្រប់គ្រាន់​ មិនមែន​ធ្វើ​នៅ​លើ​ភ្លឺស្រែ​ ឡើយ​ ហើយ​ពាក្យ​ចចាមអារ៉ាម​នេះ​ មិន​ មែន​ទើបតែ​កើតឡើង​នោះ​ទេ​ គឺ​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ តាំងពី​សណ្ដែក​ខៀវ​ចប់​ ផ្អើល​ខ្លាញ់​មនុស្ស​ រហូត​មក​ដល់​ វះ​ក្រលៀន​នេះ​ តែ​ធាតុ​ពិត​ទាំងអស់​គឺជា​ការ​ប្រឌិត​ប៉ុណ្ណោះ​ ។​

​បើ​ពាក្យ​ចចាមអារ៉ាម​ដែល​ច្រើន​តែ​ បំប៉ោង​បំផ្លើស​សភាពការណ៍​ ហើយ​ប្រជា​ ពលរដ្ឋ​នាំ​គ្នា​ធ្វើ​បែប​នេះ​ច្បាស់​ជា​មាន​ ជន​រង​គ្រោះជា​ច្រើន​ទៀត​អាច​រង​គ្រោះ​ ដោយសារ​ការ​លាប​ពណ៌​ ហើយ​ជា​ ពិសេស​នោះ​ក៏​មាន​ក្រុម​ពួក​ប្រឆាំង​មួយ​ ចំនួន​នាំ​គ្នា​បំភ្លៃ​សភាពការណ៍​នេះ​ដើម្បី​ ឱ្យ​ច្របូកច្របល់​ ។​ ដូច្នេះ​ដើម្បី​កុំឱ្យ​មាន​ ពាក្យ​ចចាមអារ៉ាម​ហើយ​គ្រោះថ្នាក់​ទៅ​ ដល់​ជន​ស្លូតត្រង់​ សូម​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ដូច​ជា​សមត្ថកិច្ច​ត្រូវ​ចាត់​ វិធានការ​ ឬ​ក៏​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ ចៀសវាង​ការ​និយាយ​តៗ​គ្នា​អាច​ក្លាយ​ទៅ​ បញ្ហា​ដូច​ករណី​ខាងលើ​នេះ​តទៅ​ទៀត​ ៕nokorwat

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons