Saturday, August 18, 2012

ដំណាំស្រូវប្រាំបីម៉ឺនហិកតា រួចផុតពីការខូចខាត ៩០ ភាគរយហើយ



បាត់ដំបង: ដំណាំ​ស្រូវ​ប្រមាណ​ជា​ប្រាំបី​ម៉ឺន​ហិកតា បាន​រួច​ផុតពី​ការខូចខាត បន្ទាប់ពី​មាន​អន្តរាគមន៍​បូមទឹក និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជាប់​គ្នា ដោយសារ​ឥទ្ធិពល​ព្យុះ​កៃ​តាក់ ដែល​បាន​រលាយ​នៅ​វៀតណាម​ខាងជើង​នោះ​រួចមក​។​
​    ​​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន ទឹក​និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១២​នេះ បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានីយ​បូមទឹក​ហ៊ុនសែន​ទី​៤៧ ស្ថិតក្នុង​ឃុំ​ថ្មា​ត​ពង ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​កំពុងតែ​ដំណើរការ​បូមទឹក មាន​ជម្រៅ​រហូតដល់ ១២ ម៉ែត្រ ដើម្បី​សង្គ្រោះ​ដំណាំ​ស្រូវ​បាន​ជាង ៣០០ ហិកតា នៅក្នុង​ឃុំ​នេះ​។​

​ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែសីហា នេះ​ថា ដំណាំ​ស្រូវ​ជាង​ប្រាំបី​ម៉ឺន​ហិកតា​នៅ​ទូទាំងប្រទេស ដែល​រង​ផលប៉ះពាល់​ពី​ភាពរាំងស្ងួត​ដោយ​កន្លែង មួយរយៈ​កន្លងទៅនេះ ឥឡូវនេះ (១៨ សីហា​) មាន​ភាព​ធូរស្រាល​វិញ​ហើយ បន្ទាប់ពី​មាន​អន្តរាគមន៍​បូមទឹក​ដោយ​ក្រសួង​ធនធានទឹក និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ស្ទើរ​ទូទាំងប្រទេស ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ​រួចមក​។​
​    ​
​ប្រភព​ខាងលើ ​បាន​ឲ្យ​ដឹង​ទៀតថា ដំណាំ​ស្រូវ​ជាង​ពីរម៉ឺន​ហិកតា ត្រូវបាន​សង្គ្រោះ​ដោយ​ការអន្តរាគមន៍​បូមទឹក​ដាក់ ក្រៅពីនេះ​គឺ​ដោយសារ​របប​ទឹកភ្លៀង ដែល​បានចាប់ផ្តើម​មាន​ឡើងវិញ​។ ចំនួន ៩០ ភាគរយ នៃ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា ប្រមាណ​ជា​ប្រាំបី​ម៉ឺន​ហិកតា ដែល​រង​ផលប៉ះពាល់​ពី​ភាពរាំងស្ងួត បាន​រួច​ផុតពី​ការខូចខាត​ហើយ នៅសល់​បន្តិចបន្តួច​កំពុង​ត្រូវបានធ្វើ​ការអន្តរាគមន៍​បន្ត​។​
​    ​
​ ចំណែកឯ​ស្ថានភាព​ព្យុះ​ទី​ហ្វុ​ង ឈ្មោះ​កៃ​តាក់ ដែលជា​ព្យុះ​ទី​១៣ នោះ ត្រូវបាន​ប្រភព​ដដែល​បញ្ជាក់ថា វា​បាន​ថយឥទ្ធិពល​មកជា​កូន​ព្យុះ​វិញ ហើយនឹង​រលាយ​នៅ​វៀតណាម​ភាគ​ខាងជើង​។ នៅពេល​ព្យុះ​នេះ​រលាយ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ ធ្វើ​ឲ្យ​ទឹកទន្លេ​មគ​ង្គ​ចាប់​ជន់​ឡើង​សាជាថ្មី​។​
​    ​
​លោក អ៊ុំ រី​ណា ប្រធានស្តីទី​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែសីហា នេះដែរ​ថា ភ្លៀង​ចាប់ផ្តើម​មាន​ធ្លាក់​រាយប៉ាយ​មកវិញហើយ បន្ទាប់ពី​ព្យុះ​ទី​១៣ បាន​រលាយ​។ ចាប់ពីពេលនេះ​ទៅ ភ្លៀង​ធ្លាក់​បានល្អ​ប្រសើរ​វិញ​ហើយ​។​
​    ​
​ ចំពោះ​ទឹកទន្លេ​មេគង្គ​វិញ បើ​យោងតាម​ការ​ព្យាករ​របស់​នាយកដ្ឋាន​ជលសា​ស្ត្រ នៅ​ថ្ងែ​ទី​១៨ ខែសីហា ឆ្នាំ​២០១២​នេះ បង្ហាញ​ឲ្យ​ឃី​ញ​ថា ទឹក​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់ ចតុមុខ មាន​កម្ពស់ ៧,១១ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែសីហា ០,០១ ម៉ែត្រ​។ ចំណែក​ទឹក​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រគរ កំពង់​លួង មាន​កម្ពស់ ៤,៦៣ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែសីហា ០,០២ ម៉ែត្រ​៕ ដោយ: មង្គល (CEN)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons