Aug-10-2012


លោកអនុសេនីយ៍ទោ ស៊ន កុសល នាយផ្នែកព្រហ្មទណ្ឌក្រុងបាត់ដំបងបានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធដែលឃាត់ខ្លួន
ឈ្មោះ ប៉ក់ សុវណ្ណ ហៅចាស់ អាយុ ៥០ឆ្នាំ ជាសន្តិសុខនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងប្រពន្ធឈ្មោះ
វ៉ើក សាម៉េត អាយុ ៣២ឆ្នាំ ស្នាក់នៅក្នុងសាលាជាមួយគ្នា។បាត់ដំបង៖ ប៉ូលិសក្រុងបាត់ដំបងបានឃាត់ខ្លួនបុរសស្ត្រី ២នាក់ប្ដីប្រពន្ធ តាមបណ្ដឹងនាយកសាលា កាលពីវេលា
ម៉ោង ១១ យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ខណៈពេលបុរសជាប្ដី ធ្វើសន្តិសុខយាមកាមនៅសាកលវិទ្យាល័យ
ឯកទេសនៃកម្ពុជា (CUS) និងប្រពន្ធ រួមគំនិតគ្នាលួចសម្ភារៈសាលាទៅលក់បួនលើកនៅក្នុងបរិវេណសាលា ស្ថិតក្នុង
ក្រុមទី២២ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង-បាត់ដំបង។
លោក ហូ ប៊ុនរ៉េត អាយុ ៣០ឆ្នាំ ជានាយករង CUS នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក បានឲ្យដឹងថា
ពីរនាក់ប្ដីប្រពន្ធនេះ គឺប្ដីជាសន្តិសុខយាមកាមការពារសាលា ហើយស្នាក់នៅក្នុងសាលាដែរ។ នៅពាក់កណ្ដាលយប់
ថ្ងៃទី៩ ខែសីហានោះ ពួកគេទាំងពីរនាក់បានរួមគំនិតគ្នាលួចកាត់ដែកសរសៃ ដែលសាលាទិញមកទុកកសាង
បានចំនួន ៧១កំណាត់ បម្រុងយកចេញទៅលក់ ប៉ុន្តែក្រោយពីមានគេឃើញសកម្មភាពនេះហើយ ក៏បានប្ដឹងប៉ូលិស
មកឃាត់ខ្លួនតែម្ដង។
លោកនាយករងរូបនេះបន្តថា សម្ភារៈក្នុងសាលាបាត់ជាច្រើនលើក មានកៅអី ដែកសរសៃ និងសម្ភារៈផ្សេងៗទៀត
ហើយសន្តិសុខនេះមិនដែលទទួលខុសត្រូវទេ ទើបនៅយប់ថ្ងៃទី៩ សីហា បានរៀបចំឃ្លាំមើលដោយផ្ទាល់ ស្រាប់តែ
ឃើញសន្តិសុខយាមសាលា ធ្វើចោរលួចសម្ភារៈសាលាទៅវិញ។
ជនសង្ស័យជាប្ដីបានសារភាពប្រាប់ប៉ូលិសថា ដោយសារធ្វើសន្តិសុខបានប្រាក់ខែតែ ៥០ដុល្លារ ចាយមិនគ្រប់
ទើបខ្លួនបែកគំនិតនាំប្រពន្ធលួចសម្ភារៈសាលាចំនួនបួនលើកហើយ គឺលើកទី១ លួចកៅអីឈើបានចំនួនបី
យកទៅលក់ឲ្យគេបានប្រាក់ ៣០ដុល្លារ។ លើកទី២ លួចដែកសរសៃជាង ៥០កំណាត់ យកទៅលក់បានប្រាក់
៣.៥០០០ រៀល។ លើកទី៣ លួចបានដែកសរសៃប្រមាណជាង ៥០កំណាត់ដែរ យកទៅលក់បានប្រាក់
៣.៥០០០ រៀលទៀត។ នៅលើកទី៤ វេលាម៉ោង ១១យប់ថ្ងៃទី៩ ខែសីហា បានលួចកាត់ដែកសរសៃ ៧១កំណាត់
មិនទាន់បានយកចេញទៅផង ស្រាប់តែលោកនាយករងសាលាដឹង ប្ដឹងប៉ូលិសចាប់ឃាត់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធ
តែម្ដង។
លោក ធុច រ៉ា អធិការប៉ូលិសក្រុងបាត់ដំបងបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់នាយករងសាលា និងចម្លើយ
សារភាពព្រមទាំងមានវត្ថុតាងជាក់ស្តែង ប៉ូលិសជំនាញក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ
ព្រមទាំងវត្ថុតាងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ដើម្បីចាត់ការបញ្ជូនបន្តទៅតុលាការ
នៅរសៀលថ្ងៃទី១០ ខែសីហានេះ៕cam111

