Thursday, August 2, 2012

ឃើញ​នា​ង​ស្រវឹង ដេក​ក្រៅ​ផ្ទះ យុវជន​ម្នាក់​ស្ទុះ​ភ្លែត​ផ្លោះ​របង​ចូល​ទៅ ត្រូវ​ខាង​ស្រី​ចោទ​ប្រកាន់​ពី​បទ​បៀត​បៀន​កេរ្តិ៍​ខ្មាស


ថ្ងៃទី​ 02 ខែសីហា ឆ្នាំ2012, ម៉ោង 02:26 PM ហេង សុខា
2

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ខណៈ​ពេល​ដែល​មាន​ការ​ផ្អើល​ឆោឡោ​ បន្ទាប់​ពី​យុវជន​នោះ ​ផ្លោះ​​ចូល​ផ្ទះ​ជូល​​ របស់​​នារី​វ័យ​​ក្មេង​​ម្នាក់​ កំពុង​​ដេក​​ក្នុង​ស្ថាន​​ភាព​​ស្រវឹង​ ពេល​​ត្រឡប់​​មក​​ពី​​ធ្វើការ​​វិញ ដោយ​ខាង​ស្រី​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​បៀត​បៀន​កេរ្តិ៍​ខ្មាស ។
ហេតុការណ៍នេះ ផ្អើលឆោឡោ កាលពីវេលាម៉ោង១២ និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ សីហា នៅផ្ទះលេខ 40BE2 ផ្លូវលេខ​១៣៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ ផល្លា អាយុ​១៧ឆ្នាំ ជាបុគ្គលិកបម្រើការនៅ​ភោជនីយដ្ឋានច្រឡំគូ ដែលមាន​ទីតាំង​នៅជិតកន្លែងកើតហេតុ ស្នាក់​នៅផ្ទះជួលកើតហេតុខាងលើ មាន​ស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ចំណែកជនបង្កមានឈ្មោះ រិន ដានិត ហៅប៉ ភេទប្រុស អាយុ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី១ ជំនាញ IT នៅសាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់នៅកន្លែងកើតហេតុ ត្រូវជាក្មួយរបស់ម្ចាស់ផ្ទះ ។
បើតាមសាក្សីឈ្មោះ រស្មី ធីតា ហៅអាវី ភេទស្រី អាយុ១៨ ឆ្នាំ ជាបុគ្គលិកធ្វើការតាមហាង ស្នាក់នៅជាមួយនារីរងគ្រោះ ត្រូវជាមិត្តភក្កិនឹងគ្នា បានឲ្យដឹងថា ឈ្មោះ ផល្លា មក​ស្នាក់​នៅជាមួយគ្នាបាន៣ ខែកន្លងមក ដោយនៅផ្ទះជួលជាមួយគ្នា ប្រមាណ៣ ទៅ៤ នាក់ នៅជាន់ទី២ ។ នៅយប់កើតហេតុនេះ ផល្លាចេញពីធ្វើការមកនៅសម្រាក​ក្នុង​ផ្ទះ ក្រៅបន្ទប់​ ស្រាប់តែឃើញជនសង្ស័យឈ្មោះ រិន ដានិត នៅអង្គុយជិតនាង ហើយផឹកភេសជ្ជៈសាំមូរៃ ដាក់ចូលក្នុងមាត់ ហើយខ្ពុរដាក់ចូលក្នុងមាត់ផល្លា ទំនង​ដូចជា​ដាក់​ថ្នាំសម្រើបលាយជាមួយផង ។ ឃើញបែបនេះពួកនាងក៍រត់ទៅប្តឹងប៉ូលិស ។
ប៉ុន្តែតាមការបំភ្លឺពីឈ្មោះ រិន ដានិត បានឲ្យដឹងថា កន្លងមក រូបគេជាអ្នកដើរយកលុយថ្លៃផ្ទះជួល ហើយរូបគេនឹងផល្លា បានទាក់ទង​សេចក្តីស្នេហាជាមួយគ្នារយៈ​ពេលពីរ​ថ្ងៃ​កន្លង​មកនេះ ស្រាប់តែនៅយប់កើតហេតុ ពេលដែលរូបគេទើបនឹងមកពីស៊ីជាមួយមិត្តភក្កិនៅខាងក្រៅ ហើយមានមិត្តភក្កិមកអង្គុយនិយាយគ្នាលេងនៅផ្ទះ ស្រាប់តែ​ឃើញ​នាងដើរមកពីធ្វើការក្នុងស្ថានភាពស្រវឹងទ្រេតទ្រោត ចូលទៅក្នុងផ្ទះ រួចដេកនៅក្រៅបន្ទប់ ឃើញទំនងពេក រូបគេក៏ផ្លោះបង្កាន់ដៃចូលទៅ​អង្គុយជិតនាង​ឃើញ​នាងក្អួត​បានបីនាងយកទៅលាងទឹក នៅបន្ទប់ទឹក មិនបានប៉ះពាល់រាងកាយនាងទេ ។ រូបគេ បានកាន់កំប៉ុងសំាមូរ៉ៃ យកទៅពិតមែន តែមិនបានដាក់ថ្នាំសម្រើបអីទេ បើសិន​ជាដាក់ថ្នាំសម្រើបមែននោះ រូបគេច្បាស់ជារវើរវាយមិនខាន ។
ពេលប៉ូលិសចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យរូបនោះ ផ្លោះបង្កាន់ដៃចេញពីក្នុងផ្ទះនោះ ពិតប្រាកដមែន ។ ចំណែកនារីរងគ្រោះ​សន្លប់ស្តូកស្តឹងបានបញ្ជូន​ទៅព្យាបាលនៅគ្លីនិកឯកជន តែគ្លីនិកមិនហ៊ានទទួលព្យាបាល ដោយសារខាងមិត្តភក្កិនារីរងគ្រោះ ប្រាប់ថា ត្រូវថ្នាំសណ្តំ ទើបបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ទាក់ទិននឹងករណីស្រីប្រកាន់ប្រុសប្រកែកនេះ ជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនទៅសាកសួរ នៅប៉ុស្តិ៍ផ្សារដេប៉ូ២ រួចបញ្ជូនបន្តទៅខណ្ឌទួលគោក​ដើម្បីចាត់ការតាម​នីតិ​វិធី​ច្បាប់ ៕agkor thom

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons