Thursday, August 2, 2012

លោតចូលទឹកសមុទ្ររំដោះខ្លួនពីទូកថៃ


(Written by ភ្នំពេញដេលីញូវ 
Thursday, 02 August 2012 00:00
មានពលករខ្មែរជាច្រើនបាន ចាញ់បោកមេខ្យល់នាំទៅធ្វើ ជាកម្មករលើទូកនេសាទ របស់ថៃ ដោយសន្យាថា បានទទួលប្រាក់បៀវត្សរ៍ខ្ពស់ តែទីបំផុតគ្រាន់ តែជាការ សន្យាខ្យល់តែប៉ុណ្ណោះ ។ ប្អូនប្រុសម្នាក់នេះបានធ្លាក់ ខ្លួនរស់នៅជា កម្មករលើកទូកនេសាទអស់រយៈពេលប្រាំបីឆ្នាំ ចុងបញ្ចប់ស្ទើរតែរកជីវិតមក ស្រុកវិញសឹងមិនបាន ។ តាមការរៀបរាប់របស់ប្អូនប្រុសនេះបានឱ្យដឹងថា គេ ត្រូវហែលបណ្តែតខ្លួនរាប់ម៉ោងលើមហាសាគរ តែជីវិតថ្លៃបាន ជួបទូកនេសាទ វៀតណាមជួយសង្គ្រោះទាន់ ។

    
      ប្អូនប្រុស សុះ ស្លេះ អាយុ ២៥ ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិវិហារក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានសុខភាព និង កម្លាំងមាំមួនប្រសើរឡើងវិញ បន្ទាប់ពីទូកនេសាទ វៀតណាមយកពីទឹកសមុទ្រទៅសង្គ្រោះនៅ មន្ទីរពេទ្យអស់រយៈពេលប្រាំបីថ្ងៃ ហើយបញ្ជូនត្រឡប់មក ប្រទេសកម្ពុជាវិញ តាមរយៈអង្គភាពនគរបាលបង្ក្រាប បទល្មើសលើផ្ទៃសមុទ្រ ។ ប្អូនប្រុសជីវិតថ្លៃរូប នេះបានងាកមករៀបរាប់ប្រាប់ពីដំណើររឿងក្នុងឆាកជីវិតចេញ ទៅរកស៊ីលើទូកនេសាទថៃឱ្យដឹងថា ប្អូនប្រុសជាកូនពៅក្នុងចំណោមបងប្អូនប្រុសៗទាំងបីជាជនជាតិខ្មែរអ៊ិស្លាម ។ បន្ទាប់ពីឈប់រៀននៅផ្ទះ មិនដឹងធ្វើអ្វីនោះ គួបផ្សំនឹងមានមេខ្យល់មកបបួលទៅរកស៊ីនៅស្រុកថៃខាងដើរទូកនេសាទ បានប្រាក់ ខែខ្ពស់ ប្អូនក៏សម្រេចចិត្តចេញទៅតាំងពីឆ្នាំ ២០០៤ មកម៉្លេះ ។


      ប្អូនបន្តថា នៅពេលទៅដល់មុននឹងចេញទៅនេសាទ ថៅកែថៃបាន និយាយប្រាប់ប្អូនថា ចេញទៅនេសាទ ក្នុងសមុទ្រម្តងឱ្យ ២.៥០០ បាទ ទៅ ដល់ ៨.០០០ បាទ ហើយក្នុងមួយខែចេញពីរដង ។ ឮថៅកែនេសាទនិយាយប្រាប់បែបនេះ ខ្លួនអរណាស់ ព្រោះបានប្រាក់ខែខ្ពស់ដែលប្អូនអាច ទទួលយកបាន ។ ថ្ងៃចេញទៅនេសាទក៏មកដល់ ក្នុងទូកនេសាទមួយដ៏ធំ មានតែប្អូនម្នាក់គត់ជាខ្មែរ ក្រៅពីនោះគឺជាជនជាតិថៃទាំងអស់ដប់នាក់ ។ ផ្ទៃជលសាដ៏ធំល្វឹងល្វើយមើលពុំឃើញ កោះត្រើយ វាពិតជាធ្វើឱ្យប្អូននឹក ស្រណោះដល់ស្រុកកំណើត ឪពុកម្តាយជាពន់ពេក ប៉ុន្តែដើម្បីជីវភាពគ្រួសារប្អូនត្រូវតស៊ូ ណាមួយមិននឹកស្មានថា រកពេលមកដីគោកវិញមិនបាន ដូច្នេះសោះ ។

      នៅលើផ្ទៃទឹកសមុទ្រប្អូនត្រូវចេញនេសាទចាប់តាំងពីម៉ោង ៥ ល្ងាច រហូតដល់ភ្លឺទើបបានឈប់សម្រាក ពេលឈប់សម្រាកពេលថ្ងៃកម្មករថៃគេ ដេកយ៉ាងស្រួល ឯប្អូនត្រូវនៅបម្រើគេសព្វបែបយ៉ាងដូចជាបាយទឹកគ្រប់ ពេលវេលា ។

      ប្អូនប្រុស សុះ ស្លេះ បន្តថា នៅលើទូកនេសាទសុទ្ធតែកម្មករថៃ ដែលស៊ូទ្រាំរស់នៅលើផ្ទៃសមុទ្រអស់រយៈពេល ប្រាំបីឆ្នាំបានប្រាប់ឱ្យដឹងថា នៅថ្ងៃមួយទូកនេសាទត្រូវបានវិលត្រឡប់មកពីនេសាទនៅសមុទ្រឥណ្ឌូណេស៊ីវិញ ដើម្បីយកផលនេសាទមកលក់ដូរនៅប្រទេសថៃ ហើយក៏បន្ត ធ្វើការនេសាទនៅព្រំដែនសមុទ្រអន្តរជាតិកម្ពុជា ពេលនោះហើយដែលប្អូន បានស្តាប់ឮជនជាតិថៃទាំងនោះនិយាយខ្សឹបខ្សៀវគ្នារៀបគម្រោងសម្លាប់ ប្អូនទម្លាក់ ទឹកសមុទ្រ ។ ដោយស្តាប់ឮអស់នោះ ប្អូនមិនហ៊ាននិយាយស្តីអ្វី មួយម៉ាត់ឱ្យទាស់ចិត្តពួកគេទេ ទោះជាគេបង្ខំឱ្យធ្វើការធ្ងន់ ឬ ដៀលជេរ ស្តីបន្ទោសប្រមាថមាក់ងាយយ៉ាងណាក៏ដោយ ។ ដោយអស់ជម្រើសនឹង រស់នៅជាទាសករដាច់ថ្លៃរបស់ថៃ ហើយបន្តរស់នៅទៀតក៏ស្លាប់នោះ ប្អូន  ក៏សម្រេចចិត្តលោតទឹកក្នុងពេលដែលកម្មករថៃកំពុងតែសម្រាកលង់ លក់អស់ នៅម៉ោង ៨ ព្រឹក ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១២ រួចហើយប្រឹងហែល ផ្សងព្រេងលើផ្ទៃទឹកឥតកោះត្រើយទៅតាមយថាកម្ម បើស្លាប់ក៏ស្លាប់ចុះ ប្រសើរជាងជនជាតិថៃសម្លាប់ ។

      ដោយប្អូនរស់នៅលើផ្ទៃទឹកអស់រយៈពេល ៨ ឆ្នាំ ប្អូនចេះហែលទឹក ពូកែនោះ នៅក្នុងលំហសមុទ្រដ៏ធំល្វឹង ល្វើយឥតកោះត្រើយប្អូនបានប្រឹង ហែលតាំងពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច រយៈពេល ៩ ម៉ោង យ៉ាងលំបាក និង នឿយហត់ស្ទើរដាច់ដង្ហើម ។

      ការប្រឹងហែលទប់ខ្លួនដោយទឹករលកធំៗអស់រយៈពេលជាច្រើនម៉ោង រហូតដល់ទន់ដៃទន់ជើងហែលលែងរួច ពេលនោះហើយដែលប្អូនដឹងខ្លួន ហើយគិតក្នុងចិត្តខ្លួនឯងថា“អស់សង្ឃឹមហើយ” ។ បានមួយសន្ទុះពេល ដែលកំពុងតែទន់ខ្លាំង ដកដង្ហើមស្ទើរលែងដល់គ្នា លិចអណ្តែតៗនោះក៏ បានជួបទូកនេសាទរបស់វៀតណាម ហើយបានជួយសង្គ្រោះ ជីវិតប្អូនយក ទៅព្យាបាលនៅមន្ទីរពេទ្យយោធាការពារព្រំដែនសុងដុក ខេត្តតាម៉ៅ ប្រទេសវៀតណាម អស់រយៈពេលប្រាំបីថ្ងៃ ។ ពេលប្អូនមានកម្លាំងកំហែង មាំមួនវិញគេក៏បានបញ្ជូនប្អូនមកអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃ សមុទ្រ ។ ថែមទាំងបានឧបត្ថម្ភថវិកាសម្រាប់ប្អូនវិលត្រឡប់មកស្រុកកំណើត វិញទៀតផង ។

      ជាចុងក្រោយប្អូនបានបញ្ជាក់ប្រាប់ថា ប្រាក់ខែដែលសន្យាប៉ុណ្ណេះ ប៉ុណ្ណោះគ្រាន់ជាការសន្យាខ្យល់ទេ កុំថា ឡើយបានប្រាក់ខែសូម្បីតែឈាន ជើងជាន់លើដីគោកគ្មានផង ប្រាំបីឆ្នាំស្គាល់តែផ្ទៃសមុទ្រ ។ ប្អូនប្រុសម្នាក់ នេះបានអំពាវនាវ សូមបងប្អូនកុំជឿតាមមេខ្យល់ឱ្យសោះ ជីវិតកម្មករទូក នេសាទថៃមិនខុសពីយកជីវិតទៅចោលក្នុងសមុទ្រឡើយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons