Thursday, August 2, 2012

នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចាត់ទុក​ការរួបរួម​រវាង​ សម រង្ស៊ី​ និង កឹម សុខា ​ជាព្យុះ​ក្នុងក្អម​


ទីបំផុតទៅ​ នៅថ្ងៃពុធ​នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា ​ដើម្បី​ឈាន​ទៅបង្កើត​គណបក្សថ្មី​មួយ ​ដើម្បីប្រកួត​ប្រជែង​ការបោះឆ្នោត នៅឆ្នាំ២០១៣ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែន។​ តាមលោក​នាយករដ្ឋមន្ត្រី ការរួបរួមនោះ គ្រាន់តែ​ជាខ្យល់ព្យុះ​នៅក្នុងក្អម​ ដែលមិនមាន​ផលប៉ះពាល់​អ្វីដល់​គណបក្ស​ប្រជាជនកម្ពុជា ដែលកំពុង​កាន់​អំណាចឡើយ។​ នៅព្រឹក​ថ្ងៃពុធនេះ​ លោកនាយក​រដ្ឋមន្ត្រី​ ក៏បាន​ប្រកាសថា ​ករណី​ចាប់ខ្លួន​លោកម៉មសូណង់ដូ​ គឺរដ្ឋាភិបាល មិនមាន​គម្រោង​បិទការ​ផ្សាយ​វិទ្យុ​សំបុកឃ្មុំ​ FM 105 មេហ្គាហឺត​របស់លោកទេ។
ថ្ងៃ ពុធ 01 សីហា 2012
ដោយ លី ម៉េងហួរ
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​លើការរួបរួម​រវាង​លោកសមរង្ស៊ី ​និងលោក ​កឹមសុខា
សេចក្តីរាយការណ៍របស់​លី ម៉េងហួរ
(02:08)
ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាលា​ច្បាប់ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ការរួបរួមរ​វា​ងគ​ណ​បក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ របស់លោក កឹម​សុខា ប្រៀប​ដូចជា ព្យុះ​ក្នុង​ក្អម​ ដែល​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​របស់​លោក​ទេ​។

លោកនាយក​រដ្ឋមន្ត្រី ​អះអាងថា ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រូបលោក​មិន​ខ្លាច​ញញើត​ នឹង​ការរួបរួម​រវាង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នោះឡើយ​។ មិន​ត្រឹមតែ​មិន​ខ្លាច​រអា តែ​លោក​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ ក៏​បាន​រិះគន់​ដល់​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នោះ ហើយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ជួយ​ខ្លួនឯង​ពិសេស​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ ថែមទៀត​ផង​។

ទោះជា​គណបក្ស​ប្រឆាំង ​សមរង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ ចាប់ដៃគ្នា​ ក៏​លោក​នាយករដ្ឋមន្ត្រី ​លើកឡើងថា​ មិន​អាច​ទទួល​សំឡេង​ឆ្នោត ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​ការគិតគូរ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឡើយ។​ ​អំពី​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ ​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ​និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ប្រកាសថា​ ករណី​នោះ ជា​រឿង​កំហុសឆ្គង​របស់​លោក​ម៉ម​សូណង់ដូ ​ដោយ​រដ្ឋាភិបាល មិន​មាន​ផែនការ​ដើម្បី​បិទ​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​សំឡេង​រិះគន់​រដ្ឋាភិបាល​នោះ​ទេ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាលា​ច្បាប់ នា​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ពី​ការយល់ព្រម និង​ត្រៀម​ខ្លួន ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់​ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ​ជុំវិញ​រឿង​ព្រំដែន​កម្ពុជា ​និង​វៀតណាម​។ ​រឿង​ព្រំដែន​នោះ គណបក្ស​ប្រឆាំង​ ចោទ​ប្រកាន់ថា ​រដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម​។​ លោកនាយក​រដ្ឋមន្ត្រី​ ត្រូវការ​ ៤ ម៉ោង​ ដើម្បី​ពន្យល់​ដល់​រដ្ឋសភា​ និង​ស្នើ​ឲ្យមាន​ការផ្សាយ​បន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ​នៅ​ព្រឹក​មិញ ក៏បាន​លើកឡើង​ពី​បេសកកម្ម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​វាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ​។ ក្រុមយុវជន​ទាំងនោះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី អះអាង ពួកគេ​មាន​ភារកិច្ច​ត្រឹមតែ​វាស់វែង ​ចែក​ដី​ដល់​ប្រជាពលរដ្ឋ ​នៅលើដី​ ដែល​មិន​មាន​ទំនាស់​ប៉ុណ្ណោះ៕cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons