Monday, July 16, 2012

កម្ពុជា​-​កូរ៉េខាងជើង សន្យា​ពង្រឹង​ទំនាក់ទំនង​លើ​គ្រប់​វិស័យ


សម្តេចហ៊ុនសែន ជួបជាមួយលោក Pak Ui Chun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង កាលពីរសៀលថ្ងៃទី១៤កក្កដា ឆ្នាំ២០១២ ( រូបថត៖ វេបសាយនគរបាលជាតិ ) ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ជួប​លោក Pak Ui Chun រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ( កូរ៉េខាងជើង ) នៅ​វិមាន​​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១២​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ប្រមុខ​ការទូត​កូរ៉េខាងជើង បាន​ព្រមព្រៀង​ពង្រឹង​ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​។​

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​ប្រាប់​អ្នកកាសែត ដោយ​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ដោយ​លើកឡើង​ក្នុង​ពេល​ជួប​សម្តេច​ហ៊ុន​សែន ថា កម្ពុជា គឺជា​សមាជិក នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ ហើយក៏​ជា​ប្រធាន​អាស៊ាន​ផង​នោះ កម្ពុជា​មាន​តួនាទី​សំខាន់​ណាស់​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ កូរ៉េ មានបំណង​ចង់ រឹតចំណង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​កម្ពុជា ឲ្យបាន​កាន់តែ​រឹងមាំ​ឡើង មិន​ត្រឹមតែ​លើ​វិស័យ​នយោបាយ​ទេ ប៉ុន្តែ​រួមទាំង​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ​។​

​លោក អ៊ាង សុផល្លែត បាន​បន្ថែមថា "​នៅក្នុង​ជំនួប​នោះ ឯកឧត្តម Pak Ui Chun បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម គីម ជុង​អ៊ុន ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដោយ​មានប្រសាសន៍ថា ប្រជាជន និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ សូម​គោរព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​ នាយករដ្ឋមន្ត្រី ដែល​បាន​នាំ​កម្ពុជា ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ និង​ទទួលបាន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ឆាក​អន្តរជាតិ​"​។

​លោក អៀង សុផល្លែត បាន​បន្ថែមថា "​ឯកឧត្តម Pak Ui Chun បាន​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា លោក​បាន​ជួប​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច ដោយ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ មានបំណង​ចង់​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការសាងសង់​រោងចក្រ​ម៉ាស៊ីន​កិនស្រូវ និង​ជួល​ដី​ដើម្បី​ដាំ​កៅស៊ូ ហើយ​ក្នុង​ករណី​ដែល​ភាគី​កម្ពុជា​យល់ព្រម​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ សូម​ជូន​អ្នកឯកទេស​លើ​វិស័យ​នេះ​មក​ធ្វើ​ការសិក្សា​"​។

​លោក អៀង សុផល្លែត បាន​បន្តថា "​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម គីម ជុង​អ៊ុន និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង ​ពីរ ដោយ​មានប្រសាសន៍ថា ជា​ការពិត​ណាស់​ដែល​ប្រទេស​ទាំង​ពីរ គប្បី​ជំរុញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឲ្យបាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ពិសេស​ទៅលើ​វិស័យ​អ្វី ដែល​យើង​អាច​ធ្វើទៅបាន ដូចជា​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​ទេសចរណ៍​ផង​ដែរ​"​។

​ពាក់ព័ន្ធ​នឹង​ ការចង់​បង្កើត​រោងចក្រ​ម៉ាស៊ីនកិនស្រូវ​វិញ លោក​អៀង​សុផល្លែត បាន​បន្ថែមថា សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា វា​ជា​បំណងល្អ ហើយ​ត្រឹមត្រូវ​សមស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​នាំ​អង្ករ​ចេញ​នោះ​។

​លោក អៀង សុផល្លែត បាន​បន្តថា "​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា កាលពី​ឆ្នាំ​ទៅ​ម៉ិញ កម្ពុជា​មាន​នៅ​សល់​ស្រូវ​ប្រមាណ ៤​លាន​តោន ហើយ​ស្រូវ​ទាំងនេះ អាច​កិន ហើយ​នាំ​ចេញ​បាន ដែល​ប្រការ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ បញ្ជូន​អ្នកបច្ចេកទេស​ខាង​វិស័យ​កសិកម្ម​មក​ធ្វើការ​សិក្សា ដើម្បី​ជ្រើសរើស​យក​ទីតាំង​សម្រាប់​តម្លើង​រោង​ម៉ាស៊ីនកិនស្រូវ នៅ​កន្លែង​ណា ដែល​មាន​សក្កា​នុព​ល និង​អាច​ប្រមូល​ទិញ​ពី​ប្រជាជន​បាន​នោះ​"​។

​ពាក់ព័ន្ធ​ជាមួយ​ផ្ទៃ​ ដី​ដាំ​កៅស៊ូ​វិញ លោក​អៀង​សុផល្លែត បាន​បន្តថា សម្តេច​តេជោ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​ចេញ​បទបញ្ជា មិន​ផ្តល់​នូវ​ដី​សម្បទាន​ថ្មី​ទៀត​ទេ ដូច្នេះ​សូម​ពិចារណា​ចូលរួម​ទុន​ជាមួយ​ក្រុមហ៊ុន ដែល​មាន​ដី​សម្បទាន​ស្រាប់ ព្រោះ​ក្រុមហ៊ុន​មួយចំនួន​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ ប៉ុន្តែ​ពុំ​ទាន់​មាន​ទុន​គ្រប់គ្រាន់​ធ្វើ​ការអភិវឌ្ឍ​នោះទេ​។​

​ លោក​អៀង​សុផល្លែត បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​វិស័យ​កសិកម្ម​នេះ គប្បី​ពិនិត្យមើល​ការបង្កើត​រោងចក្រ​កែឆ្នៃ ដើម្បី​នាំ​ផលិតផល​កសិកម្ម​ចេញ​ផងដែរ ព្រោះ​សព្វថ្ងៃ​នេះ កម្ពុជា មាន​ដំឡូង ពោត សណ្តែក ដែល​កំពុង​តែ​នាំចេញ ដោយ​ពុំ​ទាន់ កែច្នៃ ហើយ​ដែល​គប្បី​ពិនិត្យ​លើ​វិស័យ​នេះ ដែល​កំពុងតែ​មាន​សកម្មភាព​នោះ​។​

​ សូម​រម្លឹកថា ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤​កក្កដា ឆ្នាំ​២០១២ លោក​ប្រមុខ​ការទូត​កូរ៉េខាងជើង Pak Ui Chun បានបញ្ជាក់​ច្បាស់​ថា កូរ៉េខាងជើង បាន​ត្រៀម​រួចជា​ស្រេច ដើម្បី​ចូលរួម​តុ​ចរចា ៦ ភាគី​។ ចំណែក​ប្រមុខ​ការទូត​កម្ពុជា បាន​ស្វាគមន៍​យ៉ាង​រីករាយ ចំពោះ​ជំហរ​វិជ្ជមាន និង​បង្ហាញ​ពី​សុ​ឆន្ទៈ​របស់​កូរ៉េខាងជើង ក្នុង​ការចូល​រួម​កិច្ច​ចរចា ៦ ភាគី​ឡើងវិញ ស្តីពី បញ្ហា​ជម្លោះ​ឧបទ្វីប​កូរ៉េ និង​វិបត្តិ​នុយក្លេអ៊ែ​រ​៕​ ដោយៈ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons