Monday, July 16, 2012

ស្ដាប់ប្រធានមន្ទីរពេទ្យគន្ធបុប្ផានិយាយពីជំងឺដែល​​​នាំឲ្យកុមារជាង ៦០ នាក់ស្លាប់


លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (១១ កក្កដា ២០១២)៖ ចាប់តាំងពីខែមេសា ឆ្នាំ ២០១២ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និង នៅខេត្តសៀមរាបបានបញ្ជាក់ថា មានកុមារកម្ពុជា ប្រមាណ ៦៤ នាក់បានស្លាប់ដោយសារតែជំងឺម្យ៉ាង ដែលលោកវេជ្ជ បណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានអះអាងថា មានប្រវត្តិជំងឺ និងរោគសញ្ញាប្រហាក់ប្រហែល គ្នា។
បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោកបានប្រកាសនេះថា ជាជំងឺថ្មី និងអាថ៌កំបាំង ដែលសេចក្ដីប្រកាសនេះ ត្រូវបានគេចុះផ្សាយ តាមបណ្ដាញសារព័ត៌មាន ហើយក៏មានជនរួមជាតិកម្ពុជា មួយចំនួន ចែកចាយតាមបណ្ដាញ ព័ត៌មានសង្គម ដូចជា ហ្វេសប៊ុក (Facebook) និង Blog ជាដើម។
ក្រោយពីបានទទួលដំណឹងនេះ ប្រជាជនកម្ពុជាខ្លះ ដែលមានកូនចៅតូចៗមានការភិតភ័យ ហើយនៅព្រឹកថ្ងៃអាទិត្យទី ៨ កក្កដា ផ្នែកពិសោធន៍លើជីវសាស្ត្រនៃ វិទ្យាស្ថានប៉ាស្ទ័របានរកឃើញថា ជំងឺនេះបណ្ដាលមកពីមេរោគ Enterovirus 71 ឬហៅ កាត់ថា EV71 ដោយមេរោគនេះទាក់ទិននឹងជំងឺមាត់ ដៃ និងជើង ដែលជា មេរោគកើតមានកើតជាទូទៅមកលើកុមារ និងទារក។
បើតាមការអះអាងពីវេជ្ជបណ្ឌិត ជំនាញមួយចំនួនបានឲ្យដឹងថា រោគសញ្ញាគឺមានគ្រុនក្ដៅ ឈឺមាត់ និងមានកន្ទួល ដោយមានពងបែកនៅលើមាត់ ដៃ ជើង និងគូថ។
ទាក់ទិននឹងជំងឺនេះ លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសង្គ្រោះ កុមាររាប់សែននាក់ដោយមិនគិតថ្លៃទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបាននិយាយថា ជំងឺនេះ មិនមែនជា ជំងឺថ្មី ឬក៏ជាជំងឺអាថ៌កំបាំងនោះទេ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែក មួយនៅឯមន្ទីរពេទ្យគន្ធបុប្ផារបស់លោកក្នុងរាជធានីភ្នំពេញនាព្រឹក ថ្ងៃទី ៩ កក្កដា នេះ លោក Richner បាននិយាយថា ជំងឺនេះបានកើតឡើងដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៦៩ មក។
ជំងឺនេះក៏ត្រូវបានបណ្ដាញ សារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។
លោក Richner បាន សម្ដែងការសោកស្ដាយដែលមានការចេញសេចក្ដីប្រកាសព័ត៌មាន ដែលថា ជំងឺនេះជាជំងឺថ្មី និងអាថ៌កំបាំងនោះ ដែលនាំឲ្យប្រជាជនកម្ពុជាមានការភ័យខ្លាចជាខ្លាំង។
លោកក៏បានបន្ទោសបណ្ដាញ សារព័ត៌មានបរទេសមួយចំនួន ដែលបានដកស្រង់សំដីមន្ត្រីអង្គការសុខភាព ពិភពលោក ក្នុងការពង្រីក ព័ត៌មាននេះ ដែលនាំឲ្យកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងដល់ពលរដ្ឋកម្ពុជា ក៏ដូចជា ពិភពលោក។
នៅក្នុងលិខិតមួយរបស់លោកដែល បានផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២០ ខែ មិថុនា កន្លងទៅនេះបានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសាមក មានកុមារចំនួន ៤៧ នាក់ដែលមានអាយុច ន្លោះ២ ទៅ ៤ ឆ្នាំបានស្លាប់ នៅក្នុងមន្ទីរពេទ្យរបស់លោក។
លោកបាននិយាយថា កុមារទាំងនោះត្រូវបានព្យាបាលដោយឲ្យលេបនិងចាក់ថ្នាំនៅខាងក្រៅ រួចទៅហើយ ទើបនាំ យកមកកាន់មន្ទីរពេទ្យរបស់លោក ហើយកុមារទាំងនោះភាគច្រើនមកពីភាគខាងត្បូងនៃប្រទេស។
លោកក៏បានបន្ទោសពីការព្យាបាល មួយចំនួននៅឯខាងក្រៅមន្ទីរពេទ្យដែលប្រើថ្នាំមិនត្រឹមត្រូវ ឬថ្នាំខុស ដែលថ្នាំ ទាំងនោះអាចបំផ្លាញសរសៃឈាមតូចៗដែលមាននៅក្នុងសួតរបស់ កុមារជាអ្នកជំងឺ។
បើតាមការអះអាងរបស់លោកគឺថា កុមារទាំងនោះមុននឹងស្លាប់គឺមានបញ្ហាសួត ដែលពួកគេពិបាកដកដង្ហើម។ លោក Richner បាន អំពាវដល់មាតាបិតាឲ្យបង្កើនអនាម័យកាន់តែច្រើនឡើងក្នុងការរស់នៅ ដោយសំអាតដៃជើង របស់កុមារបន្ទាប់ពីចូលបង្គន់ និងសំអាតដៃមុនហូបអាហារ គឺថា «រស់នៅឲ្យមានអនាម័យល្អ»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគ Enterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។
លោក Richner បាន និយាយដោយបន្ធូរបន្ថយការភិតភ័យពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះ ជំងឺនេះថា តាមពិតទៅ ជំងឺគ្រុនឈាមជាជំងឺដែលកាចសាហាវ ដោយលោកបញ្ជាក់ថា គ្រាន់តែនៅចន្លោះថ្ងៃទី ១-១៧ មិថុនា មន្ទីរពេទ្យរបស់លោកបានទទួលកុមារមានជំងឺចំនួន ៩.៤៤០ នាក់ ដែលក្នុងនោះមាន ៣.០៧៣ ករណីជា ជំងឺគ្រុនឈាម ហើយគ្រាន់តែនៅព្រឹកថ្ងៃទី ២០ មិថុនា មានកុមារជាអ្នកជំងឺចំនួន ២.៣៣០ នាក់ ដែលក្នុងនោះមាន ៥១៤ ករណីជាជំងឺគ្រុនឈាម។
លោក Richner ក៏ បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជួយបរិច្ចាគ ដល់មូលនិធិ របស់លោកសម្រាប់ព្យាបាល កុមារក្នុងម្នាក់ ២៧ ដុល្លារ ឬថា ត្រូវបង្កើនការបរិច្ចាគទ្វេដងពី ២ លានដុល្លារ ទៅ ៤ លានដុល្លារជាបន្ទាន់ ដោយសារតែស្ថានភាពរបស់កាន់តែធ្ងន់ធ្ងរ៕ ដោយៈ healthcambodia.org

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons