- Friday, 13 July 2012 09:54
សៀមរាប: កូនភ្លោះ ស្រីបីនាក់ក្នុងគ្រួសារមួយ បានកើតនៅក្នុងត្រកូលអ្នកក្រីក្រ មានទីលំនៅភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប ត្រូវបានលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាំយកអំណោយទៅចែកជូនដល់ឪពុកម្ដាយកូនភ្លោះបី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២នេះ។ក្នុងឱកាសចុះទៅដល់ផ្ទះ ឪពុកម្ដាយកូនភ្លោះបី លោក សេង ទៀង ក៏បាននាំយកនូវថវិការបស់សម្ដេច និងលោកជំទាវ មានចំនួន ៣ លានរៀល, អង្ករ ២០០ គីឡូក្រាម, ទឹកដោះគោឌុយម៉ិចពីរកេស ស្មើនឹង ២៩ កំប៉ុងធំ, ស្ករស ៥ គីឡូក្រាម, ក្រមាពីរ និងសារុងពីរ។
លោក សេង ទៀង បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាអំណោយមួយដ៏ច្រើនគួរសម ដែលអាចឱ្យឪពុកម្ដាយកូនភ្លោះបី យកទៅចិញ្ចឹមបីបាច់ថែរក្សាកូន ឱ្យលូតលាស់បានល្អប្រសើរ។ លោកបន្ដថា ភ្លោះបីនេះ គឺជាកូនភ្លោះទី២៣០ ដែលសម្ដេច និងលោកជំទាវផ្ដល់អំណោយ។
លោកស្រី ឮ ចិន្ដា ប្រធានក្រុមប្រឹក្សាឃុំជីក្រែង បានប្រាប់ CEN នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នេះថា កូនភ្លោះបីខាងលើ បានប្រសូតនៅម៉ោង ១៣ រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាខេត្ដសៀមរាប។ ម្ដាយកូនភ្លោះបីខាងលើ មានឈ្មោះ គង់ សុខឿម អាយុ ៣៦ឆ្នាំ និងមានប្ដីឈ្មោះ មួន ស អាយុ ៣៤ឆ្នាំ។ ទាំងពីរនាក់ប្ដីប្រពន្ធ រស់នៅភូមិអន្លង់ត្នោត ឃុំ-ស្រុកជីក្រែង ខេត្ដសៀមរាប។ បច្ចុប្បន្ននេះដែរ កូនភ្លោះទាំងបីនាក់បានចេញពីមន្ទីរពេទ្យហើយ កំពុងរស់នៅភូមិឃុំខាងលើ។ ដោយ: បាយ័ន (CEN.COM.KH)

