Friday, July 13, 2012

សហភាព​អឺរ៉ុប និង​អង់គ្លេស​ចុះ​កិច្ច​ព្រមព្រៀង​រក្សា​សន្តិភាព​ជាមួយ​អាស៊ាន

ថ្ងៃ ព្រហស្បតិ៍ 12 កក្កដា 2012
ដោយ លី ម៉េងហួរ
(RFI)
នៅព្រលប់​ថ្ងៃទី១២​កក្កដានេះ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប និង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ១០ ប្រទេស លើ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ នៅ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់ថា TAC។ ​កិច្ច​ព្រមព្រៀង​រក្សា​សន្តិភាព ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មក​ដល់​ពេលនេះ មាន​ប្រទេស​ចំនួន ៣៩ បាន​ចុះ​ហត្ថលេខា​ចូលរួម។
អង់គ្លេស​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយ​អាស៊ាន
អង់គ្លេស​ចុះ​ហត្ថលេខា​សន្តិភាព​ជាមួយ​អាស៊ាន
©RFI/ ly menghour
សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពីទីក្រុង​ភ្នំពេញ
(01:49)

ពិធី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​បាន​ធ្វើឡើង នៅ​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។ មុនគេ គឺ​លោកស្រី Catherine Ashton តំណាង​ជាន់ខ្ពស់​របស់​សហភាពអឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​នយោបាយ​សន្តិសុខ។ បន្ទាប់មក រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​អង្គុយ​ចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស មក​ពី​ប្រទេស​អាស៊ាន​ទាំង ១០។

ក្នុង​ពេល​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ចន្ទ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន បាន​លើក​ឡើង​ថា ការចូលរួម​របស់​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នៅក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ នៅ​អាស៊ី​អាគ្នេយ៍ (TAC) ​ជា​ការរួម​ចំណែក​យ៉ាង​សំខាន់​ណាស់ ដល់​សន្តិភាព និង​សន្តិសុខ នៅក្នុង​តំបន់​របស់​អាស៊ី​អាគ្នេយ៍។

ជា​ការកត់​សម្គាល់ ចក្រភព​អង់គ្លេស ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​មាន ២៧ ប្រទេស និង​ជា​ប្រទេស​មហាអំណាច​នៃ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ របស់​អង្គការ​សហប្រជាជាតិ។ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ក៏​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា ដែល​សំដៅ​ថែរក្សា​សន្តិភាព ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

មក​ដល់​ថ្ងៃនេះ ប្រទេស​មហាអំណាច​ទាំង ៥ រួម​មាន៖ ចិន បារាំង រុស្ស៊ី អាមេរិក និងអង់គ្លេស សហភាព​អឺរ៉ុប ព្រម​ទាំង​ប្រទេស​ផ្សេងទៀត សរុប​ចំនួន ៣០ ប្រទេស បាន​ចូលរួម​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ ​នៅ​អាស៊ី​អាគ្នេយ៍ របស់​អាស៊ាន។

លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា បាន​ពន្យល់​ថា សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ចូល​ជា​សមាជិក​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ នៅ​អាស៊ី​អាគ្នេយ៍ ពេលនេះ មាន​សារៈសំខាន់​ណាស់ ដោយ​មកពី​ចក្រភព​អង់គ្លេស គឺជា​ប្រទេស​មហាអំណាច ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ។ ម្យ៉ាងទៀត សហភាព​អឺរ៉ុប ជា​ស្ថាប័ន​តំណាង​ឲ្យ ២៧​ប្រទេស។

សារសំខាន់​នៃ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ សង្កត់ធ្ងន់លើ​ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ ជាពិសេស​ការលើក​កម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់ ព្រម​ទាំង​កំណត់​ពី​ការ​មិន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​គម្រាម​កំហែង និង​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ឡើយ៕cam news
————————————————–

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons