Thursday, July 12, 2012

លោក​ម៉ម សូណង់​ដូ វិល​ត្រឡប់​​មក​​​វិញ​ ដោយ​ពុំ​មាន​ការ​ចាប់​ខ្លួន

ថ្ងៃទី​ 13 ខែកក្កដា ឆ្នាំ2012, ម៉ោង 10:37 AM ឈ ភ
1


  ភ្នំពេញ: ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បានវិលត្រឡប់​មក​កាន់​កម្ពុជា​វិញ នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ១០​យប់​​ ដោយ​មាន​ការចូលរួម​ឃ្លាំ​មើល​ពី​សង្គម​ស៊ីវិល និង​ការរង់ចាំ​យក​ព័ត៌មាន​ពី​សំណាក់​អ្នកកាសែត
 ដោយហេតុ​ថា អាច​នឹង​មាន​ការចាប់​ខ្លួន ព្រោះថា លោក​ជា​ជន​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​សមាជិក​សមាគម​លោក ក្នុង​ការបង្កើត​រដ្ឋ​ក្នុង​រដ្ឋ ឬ​ធ្វើ​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នា​ពេល​កន្លងមក​នេះ តែ​មន្ត្រី​រដ្ឋាភិបាល អះអាងថា ការមកដល់​មាតុប្រទេស​របស់​លោក​ម៉ម​សូណង់ដូ មិនទាន់​មាន​វិធានការ​អ្វី​ទេ ព្រោះ​នៅ​រង់ចាំ​បទបញ្ជា​ពី​តុលាការ​។​

​ អ្នកស្រី ឌី​ន ផា​ណា​រ៉ា ជាភរិយាលោក​ម៉ម សូណង់ដូ បាន​និយាយថា ប្តី​របស់​អ្នកស្រី វិល​ត្រឡប់​​មក​ពី​សហ​រដ្ឋ​អាមេរិក​វិញ តាម​ជើង​យន្តហោះ​កូរ៉េ​អៀន​អ៊ែរ​។ សមាជិក​សមាជិកា នៃ​សមាគម​អ្នកប្រជាធិបតេយ្យ ទៅ​រង់ចាំ​ទទួល និង​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​តាម​ឃ្លាំ​មើល​ខា្ល​ចមាន​ការចាប់ខ្លួន​។ ប៉ុន្តែ​ អ្នកស្រី សង្ឃឹមថា នឹង​មិន​មាន​ការចាប់​ខ្លួន​ប្តី​របស់​អ្នកស្រី នោះទេ។

​ អ្នកស្រី ឌី​ន ផា​ណា​រ៉ា បានបន្តទៀតថា ប្ដី​របស់​អ្នកស្រី បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក តាម​ការអញ្ជើញ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅប្រទេស តាំងពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១២ ហើយ​រហូត​មក​ដល់​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១២ គឺ​មាន​រយៈពេល ៤​ខែ​គត់​។​

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ម៉ម សូណង់ដូ បាន​ឲ្យដឹង​ថា លោក​មិន​ភ័យ​ខ្លាច​នឹង​ការចាប់ខ្លួន​ណាមួយ ពី​សំណាក់​សមត្ថកិច្ច​ឡើយ ព្រោះ​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផុស​មហាជន​ឲ្យ​ចាប់ដី ពិសេស​ករណី​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​
​លោក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ឲ្យដឹងថា មិនមាន​វិធានការ​អ្វី​ទេ ទៅលើ​លោក ម៉ម សូណង់ដូ នោះទេ​ព្រោះប៉ូលិស​មិន​ទាន់​មាន​អ្វី​ពី​ខាង​តុលាការ​នៅឡើយ​ទេ​។  ទាល់តែ​មាន​បទបញ្ជា​ពី​តុលាការ ព្រោះ​រឿង​នេះ តុលាការ​ជា​អ្នក​ស៊ើបអង្កេត​។ ទាល់តែ​មាន​បទបញ្ជា​ពី​តុលាការ ទើប​យើង​អនុវត្ត  ហើយ​ដោយ​អត់​មាន​បញ្ជា​អ្វី​ពី​តុលាការ អីចឹង​ការវិលត្រឡប់​របស់​លោក​ម៉ម សូណង់ដូ ដូចជា​មិន​មាន​បញ្ហា​អ្វី​ទេ​៕​agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons