Tuesday, July 17, 2012

គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម សូម​ឲ្យ​រាជរដ្ឋាភិបាល ដោះលែង លោក ម៉ម សូណង់ដូ​


ភ្នំពេញ: ​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ និង​ទទូច​ដល់​រាជរដ្ឋាភិបាល ព្រមទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​-​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ បាន​សេចក្ដីថ្លែងការណ៍ សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុ​ក្រ​ឃ្មុំ FM ១០៥ MHz និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ បន្ទាប់មក លោក ម៉ម សូណង់ដូ ត្រូវបាន​បញ្ជូន​ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ នៅ ម៉ោង ១០:២០​នាទី ព្រឹក ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ពន្ធនាគារ​ព្រៃ​ស​)​។​

​សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ សមត្ថកិច្ច​ប្រមាណ ២០​នាក់ បាន​ចូលទៅ​ចាប់ខ្លួន​លោក ម៉ម សូណង់ដូ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តក្រចេះ លេខ​៧១ ច​.​ខ​/១២​ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ចោទប្រកាន់​ពីបទ អ្នកផ្តើមគំនិត​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​, កុបកម្ម​, ជ្រៀតជ្រែក ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ​, ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំងនឹង អាជ្ញាធរ​ស្របច្បាប់ តាម​បញ្ញត្តិ​មាត្រា ២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩, និង​មាត្រា​៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

​មូលហេតុ​នៃ​ ការចោទប្រកាន់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​មើលឃើញថា មាន​ជាប់ទាក់ទង​នឹង​ករណី​វិវាទ​ដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់វិធានការ បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​របស់គាត់ កាលពី​ខែឧសភា ឆ្នាំ​២០១២ ហើយ​នៅក្នុង​ប្រតិបត្តិការ​នោះបាន​បណ្តាល​ឲ្យ​កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់បាត់​បង់ជីវិត​។ សំណុំរឿង លោក ម៉ម សូណង់ដូ ត្រូវបាន​ផ្ទេរ​ពី​ខេត្តក្រចេះ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ សេចក្ដីថ្លែងការណ៍ បានលើកឡើង​ទៀតថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម យល់ឃើញថា ការចាប់ខ្លួន​លោក ម៉ម សូណង់ដូ នាពេលនេះ គឺ​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ទេ ហើយ​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២ ឲ្យ​តាម​ចាប់ខ្លួន លោក ប៊ុន រដ្ឋា រួមទាំង​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។

​ កន្លងមក​សមាគម​អ្នកប្រជាធិបតេយ្យ បានធ្វើ​សន្និសីទកាសែត​បដិសេធ​ថា លោក ម៉ម សូណង់ដូ មិនបាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទំនាស់​ដីធ្លី​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​នោះទេ​។
​ឆ្លងតាម​ព្រឹត្តិការណ៍​នយោបាយ​ជា​បន្តបន្ទាប់ នាពេល​កន្លងមកនេះ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​មើលឃើញថា ការចាប់ខ្លួន​ប្រធាន​វិទ្យុ​សំបុ​ក្រ​ឃ្មុំ មាន​ច​រិ​ក​ជា​នយោបាយ ហើយ​សកម្មភាព​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ភាពមិន​ឯករាជ្យ​របស់​តុលាការ​ដែរ ដែល​អាចជា​មធ្យោបាយរ​បស់​អ្នកមានអំណាច ប្រើប្រាស់​សំរាប់​បង្ករ​ការគំរាមកំហែង​ដល់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ដែល​មានមតិ​ជំទាស់ និង​អាច​ឈានទៅ រក​ការបិទ​វិទ្យុ FM ១០៥ MHz របស់លោក ម៉ម សូណង់ដូ ទៀតផង​ដែរ​។​

​គណៈកម្មាធិការ​ប្រព្រឹត្តិ​ កម្ម សូម​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សាលាដំបូង​រាជធានី​ភ្មំ​ពេញ ធ្វើការ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ ដើម្បី​រក្សា​កិ​តិ្ត​យស​របស់​ប្រទេសជាតិ​ឲ្យ​សក្តិសម ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជា​ប្រធាន​សមាគម​អាស៊ាន​៕​
ដោយ: លីន​ណា (CEN.COM.KH)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons