Tuesday, July 17, 2012

លោក ម៉ម សូណង់ដូ ត្រូវ​បញ្ជូន​ទៅ​ឃុំ​​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស


(2012-07-16)
 លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​កង​កំលាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា នេះ តាម​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ ភ្នំពេញ។


អ្នក​គាំទ្រ​ឈរ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ ដោះលែង​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១២។

លោក សុក សំអឿន មេធាវី ការពារ​ក្ដី​លោក ម៉ម សូណង់ដូ ឲ្យ​ដឹង​ថា ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ គឺ​អ្នកស្រី សែម ស័ក្ដិកូឡា នេះ ធ្វើ​ឡើង​ដោយ​យោង​តាម​ដីកា​ចោទ​ប្រកាន់​របស់​ព្រះរាជអាជ្ញា​សាលា​ដំបូង​ ខេត្ត​ក្រចេះ ដែល​ចោទ​ប្រកាន់​ពី​បទល្មើស​ចំនួន ៤ គឺ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ធ្វើ​កុបកម្ម  ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។
ទាក់ទង​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​នេះ អ្នក​គាំទ្រ​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ១០០​នាក់ ចូល​រួម​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។ ពួកគេ​ស្រែក​អះអាង​ថា លោក ម៉ម សូណង់ដូ គ្មាន​ទោសពៃរ៍​ទេ អ្វី​ដែល​គាត់​ធ្វើ​គឺ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​អ្នក​ក្រីក្រ ហេតុ​នេះ​ការ​សម្រេច​ឃុំ​ខ្លួន​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ។
ដូច​គ្នា​នេះ​ដែរ ភរិយា​លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន ផាណារ៉ា មាន​ប្រសាសន៍​ថា ស្វាមី​របស់​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​នូវ​ទោស​កំហុស​អ្វី​នោះ​ទេ ដូច្នេះ​ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើ​ស្វាមី​អ្នកស្រី មិន​យុត្តិធម៌​នោះ​ទេ។
អ្នកស្រី​បន្ត​ថា បើ​ស្វាមី​អ្នកស្រី​ប្រព្រឹត្ត​ខុស​ពិត​ប្រាកដ​មែន គាត់​មិន​មែន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​មក​ចូល​ស្រុក​វិញ​ឲ្យ​អាជ្ញាធរ​ចាប់ ​ខ្លួន​នោះ​ទេ ព្រោះ​គាត់​អាច​គេច​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន តែ​ដោយសារ​គាត់​ជា​មនុស្ស​ស្អាតស្អំ ហេតុ​នេះ​គាត់​មិន​ខ្លាច​នឹង​ត​ទល់​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ មក​លើ​រូប​គាត់​ឡើយ។
ឆ្លើយ​តប​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ សំដែង​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ចៅក្រម​ស៊ើបសួរ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ធានា​ខ្លួន​លោក ម៉ម សូណង់ដូ ឲ្យ​នៅ​ក្រៅ​ឃុំ?
លោក​ថ្លែង​បន្ត​ថា ការ​ឃុំ​ខ្លួន​គេ​ធ្វើ​ឡើង​ដើម្បី​ការពារ​ជន​សង្ស័យ​គេច​ខ្លួន ប៉ុន្តែ​ករណី​លោក ម៉ម សូណង់ដូ  ចៅក្រម​មិន​គួរ​សង្ស័យ​ខ្លាច​កើត​មាន​ការ​គេច​ខ្លួន​នោះ​ទេ។ លោក​​ថា បើ​សិន​​ជា​លោក ម៉ម សូណង់ដូ ​មាន​បំណង​គេច​ខ្លួន លោក​មិន​មែន​ចូល​ស្រុក​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ឡើយ ព្រោះ​លោក​បាន​ដឹង​ហើយ​ថា រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ចាប់​ខ្លួន​លោក​តាំង​ពី​លោក​មិន​ទាន់​ចូល​ស្រុក​ ម្ល៉េះ។
កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អាជ្ញាធរ​ត្រូវ​តែ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​ជា​មេខ្លោង​ក្នុង​សកម្មភាព​បង្កើត​ចលនា​ចាប់​ដី​ដោយ​ខុស​ច្បាប់​នៅ​ឃុំ​ កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ លោក ហ៊ុន សែន បាន​និយាយ​ថា ប្រធាន​សមាគម​នោះ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កុមារី​មួយ​រូប​ក្នុង​ពេល​កង ​កំលាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ទៅ​បង្ក្រាប​សកម្មភាព​ចាប់​ដី​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​នោះ។
លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «កុំ​លេង​ដូច​ពួក​អា​សមាគម​អ្នក​ ប្រជាធិបតេយ្យ "ចូល​សមាគម​អញ​ចាំ​អញ​រក​ដី​ឲ្យ​អ្ហែង បង់​លុយ​ប៉ុណ្ណេះ ប៉ុណ្ណោះ"។ បើ​មិន​វ៉ៃ​ខ្នោះ​ឯង​ទេ គឺ​ថា ប៉ុន្តែ​វា​នៅ​ខាង​ក្រៅ​ប្រទេស ប៉ុន្តែ​យើង​ធ្វើ​បត្យាប័ន​រហូត​កាត់​ទោស​អ្ហែង គឺ​ថា ករណី​ស្លាប់​ក្មេង​ខ្ញុំ​បាន​សំដែង​ការ​សោកស្ដាយ​នេះ​ជា​ឧបទ្ទវហេតុ មិន​មែន​ជា​ការ​បាញ់​សម្លាប់​ទេ ហើយ​អ្នក​ណា​អ្នក​បង្ក គឺ​ពួក​អា​សមាគម​អ្នក​ប្រជាធិបតេយ្យ​ហ្នឹង​ឯង​ជា​អ្នក​បង្ក ទើប​មាន​ករណី​ហ្នឹង​កើត​ឡើង។ អ៊ីចឹង​ត្រូវ​កាត់​ទោស​អា​នោះ អា​អ្នក​មេ​នោះ និយាយ​គ្នា​ឲ្យ​ច្បាស់​ម្ដង»
ឆ្លើយ​តប​នឹង​ការ​ប្រកាស​ចាប់​ខ្លួន​ប្រមុខ​រដ្ឋាភិបាល​នេះ លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កក្កដា ខណៈ​លោក​បាន​ចូល​រួម​ខួប​លើក​ទី​២ នៃ​ការ​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ ដោយ​លោក​បាន​ថ្លែង​ថា លោក​មិន​ខ្លាច​ការ​ចង់​ចាប់​ខ្លួន​លោក​ពី​សំណាក់​អាជ្ញាធរ​ឡើយ។
លោក ម៉ម សូណង់ដូ៖ «អ្នក​ឯង​មាន​អំណាច អ្នក​ឯង​ឈ្លើយ អ្នក​ឯង​ធ្វើ​បាប​ជាតិ អ្នក​ឯង​បំផ្លាញ​ជាតិ អ្នក​បង្កាច់​គេ អ្នក​ឯង​ចង់​ចាប់​គេ​ដាក់​គុក អ្នក​ឯង​ចង់​បាញ់​គេ​ចោល អ្នក​ឯង​ធ្វើ​ម៉ា​សេរី ម៉ម សូណង់ដូ អត់​ព្រឺ​រោម​ជើង​ទេ។ លោក​ធំ​មិន​មែន​ធុន​រត់​ចោល​កូន​ចៅ​ទេ សុខ​ចិត្ត​ស្លាប់​ដើម្បី​ការពារ​កូន​ចៅ ជាតិ​ខ្មែរ សាសន៍​ខ្មែរ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត ខ្ញុំ​សុខ​ចិត្ត​ងាប់ ដើម្បី​ដូរ​យក​សេរីភាព»
ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១២ កក្កដា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ  លោក ម៉ម សូណង់ដូ ថ្លែង​ថា ​លោក​មិន​ខ្លាច​នឹង​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ៕អាស៊ីសេរី

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons