Tuesday, July 17, 2012

យីង​ឡាក់៖​ទំនប់​សាយ៉ា​ប៊ូរី​នៅ​មិន​ទាន់​សង់


លោកស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ យីង​ឡាក់។ រូបថត ហេង ជីវ័នសៀមរាបៈ ក្រុមហ៊ុន​ថៃ​ដែល​គ្រោង សាង​សង់ ​ទំនប់​វារី​អគ្គិសនី​សាយ៉ា​ប៊ូរី​ នៅ​ប្រទេស ឡាវ​នៅ​មិន​ទាន់​សាង​សង់​ទេ ​រហូត​ដល់​ការ​សិក្សា ពី​ផល​ប៉ះ​ពាល់​ បរិស្ថាន​នៃ​ទំនប់​នោះ ទៅ​លើ​ទន្លេ​មេគង្គ​ បញ្ចប់​។ នេះ​បើ​តាម​សម្តី​របស់​លោកស្រី​ នាយក​រដ្ឋ​មន្ត្រី​ថៃ យីង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​បាន​ថ្លែង​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍ មុន។
លោក​ស្រី យីងឡាក់ បាន​បញ្ជាក់​ជា​ថ្មី ​ពី​ការ​តាំង​ចិត្ត​ចំពោះ​ការ​សិក្សា​នេះ​ ដែល​ ប្រទេស ​ក្នុង​គណៈ​កម្មា​ធិការ​ទន្លេ​មេគង្គ​ (MRC)​រួម​មាន​ប្រទេស​ កម្ពុជា ឡាវ ថៃ និង​វៀតណាម ​បាន​ឯក​ភាព​គ្នា​ពី​ខែ​ធ្នូ ថា ត្រូវ​ធ្វើ​មុន​ពេល​ការ​សាង​សង់​នោះ​ត្រូវ​ចាប់​ផ្តើម។
លោកស្រី យីងឡាក់​ បាន​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន នៅ​ខេត្ត​សៀមរាប​ថា៖ ​«យើង​នឹង​សិក្សា​រួម​គ្នា​ទៅ​លើ​វិសាល​ភាព​នៃ​ផល​ប៉ះពាល់​នៅ​ដង​ទន្លេ​ មេគង្គ​និង​ពិនិត្យ​មើល​ថា មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ»។
ប្រទេស​ វៀតណាម និង​កម្ពុជា​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ផល​ប៉ះ​ពាល់​ពី​ទំនប់​នេះ​ទៅ លើ​សហគមន៍​នៅ​ផ្នែក​ខាង​ក្រោម​ទន្លេ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ថៃ Ch. Karnchang បង្កើន​ការ​សាង​សង់។
លោក ហ៊ុន សែន ថ្លែង​ដែរ​ថា លោក​ប្រើ​ជំនួប​ប្រជុំ​ពី​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បង្ហាញ​ក្តី​បារម្ភ​បែប​ នោះ​ជម្រាប​ទៅ​លោកស្រី​ យីងឡាក់​ដែល​ប្រទេសថៃ​នឹង​ទទួល​អគ្គិសនី​ពី​ទំនប់​នោះ​៩៥​ភាគ​រយ​។
លោក​បាន​ថ្លែង​ថា៖ ​«លោក​ជំទាវ យីងឡាក់​ បាន​បញ្ជាក់​ថា ទំនប់​នោះ​ពុំ​ទាន់​សាង​សង់​ទេ»។
លោក ​បន្ត​ថា៖ ​«យើង​រីក​រាយ​ជាមួយ​ដំណឹង​នេះ ហើយ​សង្ឃឹម​ថា វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ទាំង​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​​លើ និង​ផ្នែក​ខាង​ក្រោម»។
ទោះ​មាន​សេចក្តី​រាយ​ការណ៍​កាល​ពី​ខែ​មេសា ​ថា ក្រុមហ៊ុន Ch. Karn​chang បាន​ចុះ​កិច្ច​សន្យា​សាង​សង់​តាំង​ពី​ខែ​មីនា​ក្តី ក៏​ប្រទេស​ឡាវ​បាន​អះ​អាង​ថា មាន​តែ​ការងារ​រៀប​ចំ​បឋម​សម្រាប់​ទំនប់​វារី​អគ្គិសនី​កម្លាំង ១ ២៦០ មេហ្គាវ៉ាត់​នេះ​ប៉ុណ្ណោះ​។
លោក តែ ណាវុធ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ថ្លែង នៅថ្ងៃ​ម្សិល​មិញ​ថា ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​ទី​ក្រុង​វៀង​ចន្ទន៍ ប្រទេស​ឡាវ ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ទៅ​ពិនិត្យ​ទី​តាំង​ទំនប់​សាយ៉ា​ប៊ូរី​នា​ថ្ងៃ​ នេះ​និង​ថ្ងៃ​ស្អែក។ លោក​ថា៖​ «ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា​គាត់​ទៅ​ឬ​អត់​ទេ»។​លោក​បន្ត​ថា កម្ពុជានិង​វៀត​ណាម​នឹង​បន្ត​ព្រាង​លិខិត​ផ្ញើ​ទៅ​រដ្ឋាភិបាល​ឡាវ ស្នើ​ឲ្យ​ប្រទេស​នេះ​ផ្អាក​ការ​សាង​សង់​សិន។
រដ្ឋមន្ត្រី​ការ​បរទេស​ ឡាវ លោក Thongloun Sisolouth ថ្លែង​ទៅ​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ភ្នំពេញ​កាល​ពី ​ថ្ងៃ​សុក្រ​ថា ការ​ងារ​សាង​សង់​បឋម​កំពុង​ត្រូវ​បាន​ផ្អាក។ តាម​ទី​ភ្នាក់​ងារ​រ៉យទ័រ លោក​ថ្លែង​ថា៖​ «រដ្ឋា​ភិបាល​ឡាវ​បាន​សម្រេច​ផ្អាក​ការ​សាង​សង់​សិន។ យើង​ត្រូវ​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត»។
អ្នកស្រី Ame Trandem នាយក​កម្ម​វិធី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរ ជាតិ​បាន​ថ្លែង​ថា វា​សំខាន់​ដែល​ផល​ប៉ះពាល់​អន្តរ​ព្រំដែន​នៃ​ទំនប់​នោះ​ត្រូវ​គេ​សិក្សា សិន មុន​ពេល​សង់​។
អ្នកស្រី​ថ្លែង​ថា៖​ «ក្រុមហ៊ុន​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​លើ​ប្រទេស​កម្ពុជា ទេ»។ អ្នកស្រី​ថា កម្ពុជា​នឹង​ប្រឈម​ធ្ងន់​ធ្ងរ បើ​គម្រោង​នេះ​ប៉ះ​ពាល់​ដល់​​ការ​ផ្លាស់​ទី​របស់​មច្ឆជាតិ។ ក្រុមហ៊ុន Ch.Karnchang មិន​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​ម្សិលមិញ​៕ ដោយៈ ជាង សុខា-Shane Worrell (ភ្នំពេញប៉ុស្តិ៍)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons