Tuesday, July 17, 2012

សង្គម​ស៊ីវិល​បួងសួង​សុំ​ឲ្យ​ដោះលែង​លោក ម៉ម សូណង់ដូ

ដោយ វិជ័យ អានន្ទ និង ម៉ៅ សុធានី
2012-07-17
(​វិទ្យុ​អាស៊ីសេរី)
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ជួប​ជុំ​គ្នា​នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​នាយក​វិទ្យុ​សំបុក​ឃ្មុំ។
តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
តំណាង ​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ នៅ​វត្ត​អង្គ​មេត្រី សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។
RFA/Vichey Anandh
តំណាង និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ ២០០​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កក្កដា ដើម្បី​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់​ក្នុង​លោក​ជួយ​បន្ទន់​ចិត្ត​ ចៅក្រម​ឲ្យ​មាន​ការ​អាណិត​អាសូរ​ដល់​លោក ម៉ម សូណង់ដូ ហើយ​ព្រម​ដោះ​លែង​គាត់​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន។
សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មក​ពី​ខេត្ត​កំពង់ចាម លោក ប៉ោ ហន មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា តុលាការ​អាច​រក​យុត្តិធម៌​ជូន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៀត​ឡើយ ហេតុ​នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គ្មាន​អ្វី​ក្រៅ​ពី​ការ​បន់ស្រន់ និង​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សុំ​ឲ្យ​ជួយ​បន្ទន់​ចិត្ត​ តុលាការ​ឲ្យ​ពិចារណា​ឡើង​វិញ ហើយ​ដោះ​លែង​លោក​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។
លោក ប៉ោ ហន៖ «យើង​ខ្ញុំ​មក​បួង​សួង​វត្ថុ​ស័ក្ដិសិទ្ធិ​ខ្លាំង​ពូកែ សុំ​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​ឲ្យ​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ណា​មួយ​ដែល​ឃោរឃៅ សាហាវ​ព្រៃ​ផ្សៃ​ចំពោះ​លោក​ប្រធាន សុំ​ឲ្យ​ដោះលែង​លោក​ប្រធាន»
ម្យ៉ាង​ទៀត​លោក​សុំ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ មេត្តា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​លោក មម៉ សូណង់ដូ។
សមាជិក​ម្នាក់​ទៀត​មក​ពី​ខេត្ត​កណ្ដាល លោក គ្រោង យ៉ុង លើក​ឡើង​ថា ការ​ចូល​រួម​របស់​លោក​ក្នុង​ពិធី​បួង​សួង​ឱកាស​នេះ ដោយសារ​លោក​ឃើញ​ទង្វើ​ល្អៗ​ជា​ច្រើន​របស់​លោក ម៉ម សូណង់ដូ ដូចជា​ការ​ខំ​ប្រឹង​បង្ហាត់បង្ហាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជួយ​រំដោះ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត​ការ​ តស៊ូ​ដើម្បី​ស្វែង​រក​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ដើម។
លោក គ្រោង យ៉ុង៖ «គាត់​មិន​ធ្វើ​អបគមន៍​អី​នោះ​ទេ គាត់​ចង់​ថា ជួយ​ប្រជាពលរដ្ឋ។ តុលាការ​គាត់​ខុស ព្រោះ​ខ្ញុំ​ឃើញ​គាត់​ល្អ​បាន​ខ្ញុំ​ហ៊ាន​មក​ត​ទល់ និង​បួងសួង​នៅ​ព្រៃស ព្រោះ​ថា ស្រលាញ់​គាត់​កាន់​យុត្តិធម៌ ត្រឹមត្រូវ»
លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ចុក ងួន។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៦ កក្កដា លោក​ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី សែម ស័ក្ដកូឡា សម្រេច​ឃុំ​ខ្លួន​ផ្អែក​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​សាលា​ដំបូង​ ខេត្ត​ក្រចេះ តាម​រយៈ​ការ​ផ្ទេរ​យុត្តាធិការ​ពី​សាលា​ដំបូង​ខេត្ត​ក្រចេះ មក​តុលាការ​រាជធានី​ភ្នំពេញ។
ទាក់ទិន​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​នេះ អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល ​ស្គាល់​ចំពោះ​ដីកា​សម្រេច​ឃុំ​ខ្លួន​នេះ និង​បាន​រិះគន់​ថា តុលាការ​មិន​ឯករាជ្យ។
ជាមួយ​គ្នា​នេះ​ដែរ នៅ​បន្ទាប់​ពី​មាន​ការ​សម្រេច​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ក៏​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៧ កក្កដា បង្ហាញ​ថា កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​ថា នៅ​រយៈ​កាល​បី​ខែ​កន្លង​ទៅ​នេះ មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី រួម​មាន ការ​បាញ់​សំលាប់​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ការ​បាញ់​សំលាប់​ក្មេង​ស្រី ហេង ចន្ថា នា​ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្រុម ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ ការ​គំរាម​ចាប់​ផ្សឹក​ព្រះសង្ឃ លួន សាវ៉ាត ក្នុង​ករណី​ទាមទារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ក្នុង​ករណី​ដក​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង និង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​តុលាការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នា​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
សេចក្ដី​ថ្លែងការណ៍​នោះ​សរសេរ​រិះគន់​ថា ប្រទេស​សមាជិក និង​ប្រទេស​មួយ​ចំនួន​មិន​មែន​សមាជិក​អាស៊ាន ដែល​បាន​មក​ប្រជុំ​អាស៊ាន មិន​យក​ចិត្ត​ទុក​ដាក់ និង​បាន​មើល​រំលង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​មិន​មែន​ជា​សមាជិក​អាស៊ាន​ទាំង​នោះ មិន​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​របៀបវារៈ​ក្នុង​វេទិកា​ប្រជុំ​ អាស៊ាន។
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស (FIDH) និង​អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទោស​ធ្ងន់ធ្ងរ​ ដល់​លោក ម៉ម សូណង់ដូ ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។
អ្នកស្រី ឌេប៊ី ស្តូហាដ (Debbie Stothard) អគ្គ​នាយក​រង​នៃ​សហព័ន្ធ​អន្តរជាតិ​សំរាប់​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ ហើយ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​គំរាមកំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​លោក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ទង្វើ​ទាំង​នោះ គឺ​ផ្ទុយ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ប្រឆាំង​នឹង​ច្បាប់​ប្រទេស​ខ្លួន និង​ច្បាប់​អន្តរជាតិ។
អង្គការ​អន្តរជាតិ​ពីរ​នេះ​ក៏​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ ដោយ​ពុំ​មាន​លក្ខខណ្ឌ និង​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។Cam news

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons