Friday, July 13, 2012

កិច្ច​ប្រជុំ​អាស៊ាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង


2012-07-13
កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី​៤៥ និង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន ព្រម​ទាំង​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ទៀត នៅ​ទីក្រុង​ភ្នំពេញ បាន​ឈាន​ដល់​ថ្ងៃ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ឯ​វិមាន​សន្តិភាព។
RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ចូល​រួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៩ និង​ធ្វើ​សន្និសីទ​កាសែត នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២។

ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ទាំង​នោះ មាន​អស់​រយៈពេល​១​សប្ដាហ៍ និង​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់ និង​ជោគជ័យ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នោះ​បាន​ទេ ដោយ​សារ​តែ​ប្រទេស​សមាជិក​អាស៊ាន មួយ​ចំនួន​មិន​ទាន់​បាន​ចុះ​សម្រុង​គ្នា លើ​ការ​ដោះស្រាយ​នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea)។
ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​កំពុង​តែ​មាន​ជម្លោះ​តានតឹង ដណ្ដើម​កាន់​កាប់​ប្រជុំ​កោះ​ស្ត្រាតលី (Spratly) និង​កោះ​ប៉ារ៉ាសែល (Paracel) ជាមួយ​ប្រទេស​ចិន (China) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ដូច​ជា​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី(Malaysia) និង​ប្រទេស​ប្រ៊ុយណេ (Brunei)។ ប៉ុន្តែ​កន្លង​មក ប្រទេស​ហ្វីលីពីន និង​វៀតណាម បាន​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន ខ្លាំង​ជាង​គេ។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន កំពុង​តែ​យក​បញ្ហា​ជម្លោះ​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​នោះ មក​ធ្វើ​ជា​ចំណាប់​ខ្មាំង មិន​ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​បាន នៅ​ថ្ងៃ​បញ្ចប់​នៃ​កិច្ច​ប្រជុំ៖ «នៅ​កន្លែង​នេះ គឺ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស វា​មិន​មែន​ជា​តុលាការ​កាត់​ក្តី​ឲ្យ​ភាគី​ជម្លោះ​ឲ្យ​អ្នក​ណា​ចាញ់ អ្នក​ណា​ឈ្នះ ដី​នេះ​របស់​អ្នក​ណា កោះ​នេះ​របស់​អ្នក​ណា ដែន​សមុទ្រ​នេះ​របស់​អ្នក​ណា។ ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ អាច​ដោះស្រាយ​តាម ស៊ី.អូ.ស៊ី (COC) ដែល​ក្នុង​នោះ​មាន​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ»
លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ នេះ កម្ពុជា​បាន​ខិតខំ​ធ្វើ​សេចក្តី​ព្រាង នៃ​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ស្ដី​ពី​ជម្លោះ​នៅ​ សមុទ្រ​ចិន​ខាង​ត្បូង។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​បរាជ័យ​មួយ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ឆ្នាំ​នេះ៖ «ហើយ​បរាជ័យ​នៅ​ប្រទេស​កម្ពុជា យើង​អាច​ឆ្លុះ​បញ្ចាំង​នូវ​អសមត្ថភាព​របស់​ប្រទេស​យើង ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​មូល​មាត់​គ្នា»
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កន្លង​មក​នេះ ភាគី​ទាំង​អស់​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​ចំនួន​ជាង ១៣០​ចំណុច គឺ​នៅ​សល់​តែ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដែល​មិន​ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ឡើយ។
កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នេះ ចង់​ឲ្យ​ភាគី​ជម្លោះ​នោះ​រក្សា​ទុក​បញ្ហា​នេះ​មួយ​ឡែក​សិន ដើម្បី​ដោះស្រាយ​បន្ត ហើយ​ចេញ​សេចក្តី​ថ្លែងការណ៍​សម្រេច​រួម​គ្នា​មួយ។
តែ​ទោះ​យ៉ាង​ណា លោក ហោ ណាំហុង បាន​បញ្ជាក់​ថា បញ្ហា​មិន​ចុះ​សម្រុង​គ្នា​នេះ គឺ​មិន​អាច​ប៉ះពាល់​ដល់​ផែនការ​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​បញ្ហា​ដាច់​ដោយ​ឡែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។(វិទ្យុអាស៊ីសេរី)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons