Monday, July 23, 2012

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រទះឃើញជួយសង្រ្គោះស្ត្រីវៀតណាមម្នាក់វង្វេងផ្លូវ


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖ ស្ត្រី​វៀតណាម​វ័យ​២០​ឆ្នាំ​ម្នាក់​វង្វេង​ផ្លូវ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ប្រទះ​ឃើញ​ជួយសង្គ្រោះ ហើយ​ប្រកាស​រក​សាច់ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​លំនៅឋាន​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីបញ្ជាការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ។
តាម​ការ​ឲ្យ​ដឹង ពី​លោក ដាង់ យ៉ីង​យ៉ា អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ថា​កូន​ស្រី របស់​គាត់​មានឈ្មោះ ដាង់ ធី​ម៉េង ភេទ​ស្រី អាយុ​២០ ឆ្នាំ​ជា​កូន​ទី​ពីរ​ក្នុង ចំណោម​កូន​បួន​នាក់​នាង​មាន​សុខភាព​ល្អជា​ធម្មតា​តាំងតែ​ពី​តូច ហើយ​ធ្វើការ​នៅ​រោងចក្រ កាត់ដេរ​ក្រុង​ភ្នំពេញ ដោយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ ។
ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ខែ​នេះ នាង​ហាក់​មាន​សភាព​មិនសូវ​ស្រួល​ដូចជា​សរសៃប្រសាទ ដោយ​មិន ដឹង​អំពី​មូលហេតុ ស្រាប់តែ​បាត់​ដំណឹង​ឈឹង​តែ​ម្ដង មិន​ដឹង​ជា​នាង​រត់​ទៅ​ទីណា​ឡើយ ។ លោក​បន្ត​ថា ដោយសារ​បាន​គុណ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ជួយសង្គ្រោះ​កូនស្រី​របស់​គាត់ ទាន់​ពេល​វេលា ខណៈ​ដែល​នាង​វង្វេងផ្លូវ​គ្មាន​គោលដៅ ហើយ​ប្រកាស​រក​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​ទើប​លោក​បាន​ជួប​មុខ​កូនស្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន​វិញ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons