Monday, July 23, 2012

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជើងខ្លាំងខាងនាំហ្គាសគេចពន្ធតាមច្រករបៀងប៉ោយប៉ែត


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត) ស្ត្រី​ជើង​ខ្លាំង​ខាង​នាំ​ហ្គាស​គេច​ពន្ធ​តាម​ច្រក​របៀង​ប្រចាំ​នៅ​តំបន់​ ជាយដែន​កម្ពុជា-ថៃ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​គោក លេខ​៩១១ សហការ​ជាមួយ​និង​កម្លាំង​ប៉ូលិស​អន្តរាគមន៍​ខេត្ត​បន្ទាយមានជ័យ​ចុះ​ អនុវត្តន៍​តាម​ដីកា​របស់​តុលាការ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២ ក្នុង​ទីតាំង​ស្តុក​ហ្គាស ដែល​ជា​លំនៅឋាន​របស់​ស្ត្រី​នោះ​តែ​ម្ដង ស្ថិត​ក្នុង​ភូមិ​បាលិលេយ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត 
      ស្ត្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ងួន ស៊ី​ណេត មាន​ប្ដី​ជា​គ្រូបង្រៀន​អសកម្ម​ឈ្មោះ ក្រូច កែវ  តាម​ប្រភព​ព័ត៌មាន​បាន​ខ្សឹប​ប្រាប់​ថា ការ​ឃាត់​ខ្លួន​ស្ត្រី​ជើង​ខ្លាំង​រូប​នោះ​ដោយសារតែ​រូប​គាត់ មាន​គំនិត​អាក្រក់​ជំពាក់​លុយ​គេ​ជាង​មួយ​ម៉ឺន​ដុល្លា ពុំ​ព្រម​សង ព្រោះ​អាងខ្នង​ជា​ក្មួយ​ឧកញ៉ា​ម្នាក់ 
ប្រភព​បន្ត​ទៀត​ថា ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​បញ្ចូល​គុក​បាន​មួយ​យប់ ស្រាប់តែ មាន​អស់លោក​អ្នកធំ និង​អ្នក​កាសែត​បាន​ជួយ​អន្តរាគមន៍​ឲ្យ​ស្ត្រី​នោះ​បាន​នៅ​ក្រៅ​ឃុំ​វិញ  សូម​រំលឹក​ផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​ស្ត្រី​ឈ្មោះ ងួន ស៊ី​ណេត បាន​ធ្វើ​សកម្មភាព​ដឹក​ហ្គាស​គេច​ពន្ធ​តាម​ច្រក​របៀង​បន្ត​កន្ទុយ​គ្នា​ ទាំង​យប់​ទាំង​ថ្ងៃ បង្ក​សំឡេង​រំខាន​ដល់​អ្នកជិតខាង និង​បង្ក​ការ​បំផ្លិចបំផ្លាញ​ផ្លូវ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បន្ទាត់​ ព្រំប្រទល់​ដែន កម្ពុជា-ថៃ ខូច​ខាត​ស្ទើរ​គ្មាន​សល់ ព្រោះតែ​ទ្រាំ​នឹង​រថយន្ត​ធុន​ធ្ងន់​ដឹក​ហ្គាស​ធុន​យី​ឌុប​របស់​ស្ត្រី​ ខាងលើ​មិនបាន ខណៈ​ដែល​រដូវ​វស្សា​ឈាន​ចូល​មកដល់ 
ការ​រក​ស៊ី​ល្មើសច្បាប់​របស់​ស្ត្រី​រូប​នេះ​បណ្ដាល​ឲ្យ​បាត់បង់​ចំណូល​ ចូល​រដ្ឋ​រាប់​សែន​ដុល្លា​ក្នុង​មួយ​ខែៗ បែរ​ជា​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ដោយ​ពួកគេ​គិត​តែ​អំពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​នាំគ្នា​ទៅ​ដាក់​ខែ​យក​ លុយ​ពី​ស្ត្រី​នោះ​គ្រប់គ្នា ។ ម្យ៉ាងវិញទៀត ងួន ស៊ី​ណេត តែងតែ​យក​ច្បាប់​របស់​លោកធំ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ទៅ​គំរាម​គេ​គំរាម​ឯង ថា​ហ្គាស​របស់​ខ្លួន​មាន​ច្បាប់ ប៉ុន្តែ​ធាតុ​ពិត​ច្បាប់​នោះ គឺ​សម្រាប់​ដឹកជញ្ជូន​តាម​ផ្លូវ​ត្រង់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ុណ្ណោះ មិនមែន​ឲ្យ​យក​ច្បាប់​នេះ​ទៅ​ចេញ​ហ្គាស​តាម​ច្រក​របៀង​ឡើយ 
ប្រជាពលរដ្ឋ និង​អ្នក​រកស៊ី​មួយ​ចំនួន​ត្រេកអរ​ស្ទើរ​គ្រប់គ្នា​នៅ​ពេល​ដែល​ឃើញ​ សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​​ខាងលើ ព្រោះ​រយៈ​ពេល​កន្លង​មក ងួន ស៊ី​ណេត រូប​នេះ​ធ្លាប់​ស្រែក​ប្រមាថ​អ្នកកាសែត​យ៉ាង​ចាស់ដៃ​ដែល​សុទ្ធ​សឹង​ជា​ពាក្យ ​សម្ដី អសីលធម៌​បំផុត ហើយ​ថែមទាំង​បោក​បំផ្លាញ​កាមេរ៉ា​អ្នកកាសែត​ចោល ទៀត​ផង ហើយ​ប្រកាស​មិន​ព្រម​សង ឥឡូវ​ពិតជា​កម្ម​តាម​ស្នង​មែន​ប្រព្រឹត្ត​អំពើ​អាក្រក់ ឃើញ​ទាន់​ហន់​នឹង​ភ្នែក​មែន

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons