Thursday, July 26, 2012

ជិះម៉ូតូបោះពួយទៅបុកម៉ូតូកង់បីពីក្រោយ របួសធ្ងន់២នាក់ ស្រាលម្នាក់


  Jul-26-2012
កណ្ដាល​៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ កាលពីវេលា​ម៉ោង ​៨ ​និង ​២០​នាទី​ព្រឹក​​ថ្ងៃទី​២៦ ​កក្កដា ឆ្នាំ​២០១២ ​
តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​រវាង​ម៉ូតូ​ម៉ាក​ឃ្លី​ក​ស៊េរី​២០១២ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BK-7474 ​បើក​បុក​ម៉ូតូ​កង់​បី
​ចំ​ពីក្រោយ​ពេញទំហឹង ​ក្នុង​ទិសដៅ​ស្របគ្នា ​បណ្ដាល​ឲ្យ​ភាគី​​ម៉ូតូ​ម៉ាក​ឃ្លី​ក​ដែល​បើកបរ​ដោយ​ជនជាតិ​វៀតណាម​ ២​នាក់
​រង​របួស​ធ្ងន់ធ្ងរ​។ ​ចំណែក​ភាគី​ខាង​ម៉ូតូ​កង់​បី​រង​របួស​ស្រាល​។

                                     

                                     

                                      

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅត្រង់​ចន្លោះ​គីឡូម៉ែត្រលេខ​២០ ស្ថិតក្នុង​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ
ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុន​ពេល​កើ​តេ​ហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ឃ្លី​ក បើកបរ​ដោយ​ជនជាតិ​វៀតណាម
​បើក​បោះពួយ​យ៉ាង​លឿន​ ​ក្នុងទិសដៅ​ពី​អ្នក​លឿង ឆ្ពោះទៅកាន់​ក្រុងភ្នំពេញ​។ តែ​ចៃដន្យ​ជួប​ឧបសគ្គ​បុក​ម៉ូតូ​កង់​បី​
ពីក្រោយ​លាន់​សូរ​ផាំង​តែម្ដង​។

ប្រភពដដែលបានបន្តថា ម៉ូតូ​កង់​បី​បាន​ដឹក​ប្រពន្ធ​កូន​ប្រុង​បត់​ឆ្លង​ចូល​ផ្ទះ​របស់​ខ្លួន​នៅ​ឃុំ​គគីរ ខណៈ​ពេលនោះ​ត្រូវ​ម៉ូតូ​
មួយ​គ្រឿង​នេះ បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ម៉ូតូ​កង់​បី​ក្រឡាប់​បះជើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ បណ្ដាល​ឲ្យ​កូនស្រី​
របស់​គាត់​រង​របួស​ពក​ក្បាល​។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ប៉ូលិស​ចរាចរ​ស្រុក​កៀនស្វាយបាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​អនុវត្តន៍​
តាមច្បាប់​ចរាចរណ៍​ជើងគោក និងយក​ម៉ូតូ​​ទាំងនោះ​ទៅរក្សាទុក​នៅ​អធិការ​ស្រុក​បណ្ដោះអាសន្ន​ រង់ចាំ​ធ្វើការ
​ដោះស្រាយ​ជា​ក្រោយ​​។ ចំណែក​ជនរងគ្រោះ​ជនជាតិ​វៀតណាម​ ទី​១ឈ្មោះ យូ ភេទ​ប្រុស អាយុ​​ ២០​ឆ្នាំ និង​ទី​២ឈ្មោះ
ទៀង ភេទ​ប្រុស អាយុ​ ២២​ឆ្នាំ រស់នៅ​កំពង់ចម្លង​អ្នក​លឿង​។ នៅពេលនេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​
ក្រុងភ្នំពេញ​៕
 
www.tcnewscambodia.com 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons