Friday, July 20, 2012

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួតប្រជែង​សំណួរចម្លើយ​តំបន់​អាស៊ាន​លើក​ទី​៥


ភ្នំពេញ: ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​ការប្រកួតប្រជែង​សំណួរចម្លើយ​តំបន់​អាស៊ាន​លើក​ទី​៥ (The 5th ASEAN Regional Quiz Competition) ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​៣ និង​ទី​៤ ខែសីហា ឆ្នាំ​២០១២ នៅ​សា​លស​ន្នី​សីទ​ចតុមុខ ក្រោម​អធិបតីភាព​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ និង​មានការ​ចូលរួម​ពី​តំណាង​ទូត នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ផងដែរ​។​

​ តំណាង​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៤ រួមមាន ក្រសួង​ព័ត៌មាន​, ក្រសួងការបរទេស​, ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួបជុំគ្នា​នៅ​ទីស្ដីការក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២​នេះ ដើម្បី​ជជែក​ពី​របៀបវារៈ​ទាំងឡាយ របស់​បេក្ខជន​ចូលរួម​ប្រកួត ដែល​មកពី​ប្រទេស​អាស៊ាន​ទាំង​១០​។
​ ការប្រកួតប្រជែង​សំណួរចម្លើយ​តំបន់​អាស៊ាន​លើក​ទី​៥ នឹង​ជួយ​បង្កើន​ចំណេះដឹង​ដល់​យុវជន ពាក់ព័ន្ធ​នឹង​អាស៊ាន គ្រា​ដែល​ប្រទេស​អាស៊ាន​កំពុងធ្វើការ​ប្រកួតប្រជែង​គ្នា ឈានទៅរក​ការធ្វើសមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥​។

​សូមជម្រាបថា ប្រទេស​នីមួយៗ​នឹងមាន​បេក្ខជន ៣​នាក់ ចូលរួម​ឆ្លើយ​សំណួរ​ដែល​ទាក់ទង​នឹង​អាស៊ាន​។

​ គួរ​រម្លឹក​ផងដែរ​ថា ក្នុងការ​ប្រកួតប្រជែង​សំណួរចម្លើយ​តំបន់​អាស៊ាន​លើក​ទី​៤ បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​បេក្ខជន​កម្ពុជា មិនបាន​ទទួល​ចំណាត់​ក្នុងចំណោម​លេខ​១ ដល់​លេខ​៣ នោះទេ​៕​(CEN.COM.KH)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons