Tuesday, July 17, 2012

កម្ពុជា​ ដកកងទ័ព៤៨៥នាក់ ​ចេញ​ពី​តំបន់ប្រាសាទ​ព្រះវិហារ



ថ្ងៃទី​ 18 ខែកក្កដា ឆ្នាំ2012, ម៉ោង 02:59 AM ឈ ភ

ព្រះវិហារ: ការកែសម្រួលដក​កងទ័ព​កម្ពុជាលើក​ទី​១ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវ​ប្រារព្ធ​ឡើងនា​ព្រឹក​ថ្ងៃទី​១៨​កក្កដា នេះ នៅ​ទីបញ្ជាការ​សន្តិភាព ៥​មករា​-​ព្រះវិហារ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការពារជាតិ​។
 ​ការសម្រេច​កែសម្រួលដក​កងទ័ព​កម្ពុជា​ជា​ឯកតោភាគី​នេះ បាន​ធ្វើឡើងបន្ទាប់​ពី​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​សៀមរាប​។ ។

បើតាមសេចក្ដីជូនដំណឹង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹង​ថានា​ថ្ងៃ​ទី​១៨​កក្កដា​នេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើការ​កែសម្រួល​កងទ័ព ចំនួន ៤៨៥ នាក់ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន (PDZ) តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិ (ICJ) ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១  គឺនៅចំណុច ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាងជើង ជណ្តើរ​បុរាណ​ខាងកើត និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ហើយ​ជំនួស​វិញ​ដោយ​កម្លាំងនគរបាល​ចំនួន ២៥៥ នាក់ និង​សន្តិសុខ​អភិរក្ស​ប្រាសាទ​ចំនួន ១០០​នាក់​។​ នៅក្នុងពេលនិង​ម៉ោង​ជាមួយគ្នា​នោះ​ដែរ ក៏​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ២០០៨-២០១២​ផងដែរ។​

ក្រោយពីកងទ័ព​ថៃបាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ មក នៅ​អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ​២០១១ កម្ពុជា​បាន​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ហើយតុលាការនេះ​បាន​ចេញ​ដីកា កាលពី​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១១ ដោយ​តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ ត្រូវ​ដក​កងទ័ព ចេញពី​តំបន់​ព្រំដែនទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ​៕agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons