Tuesday, July 3, 2012

រោងចក្រ​កាត់​ដេរ និង​ស្បែក​ជើង កំពុង​ជួប​បញ្ហា​ខ្វះ​កម្មករ


ថ្ងៃទី​ 03 ខែកក្កដា ឆ្នាំ2012, ម៉ោង 04:20 PM ឈ ភ
1


  ភ្នំពេញ៖ វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើង​ នៅ​កម្ពុជា កំពុង​តែ​ជួប​ប្រទះ​ការ​ខ្វះ​កម្លាំង​កម្មករ សម្រាប់​បំពេញ​ការងារ​ប្រមាណ​ជាង ៤​ម៉ឺន​នាក់។
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ លោក លី តេកហេង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​ នៅកម្ពុជា(GMAC) បាន​ប្រាប់​បណ្តាញ​ព៌ត័មាន​ក្នុង​ស្រុក​ថា
 សមាគមលោក កំពុងតែប្រកាសជ្រើសរើសកម្មករ-ការិនី កាត់ដេរប្រមាណជា ៤ម៉ឺនឲ្យចូលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលទើបនឹង បើកថ្មីៗ។
លោកបន្តថា បច្ចុប្បន្នក្នុងវិស័យកាត់ដេរយើងពិបាកនឹងរកកម្មករណាស់ ក៏ព្រោះ​តែ​ព័ត៌មាននៃការខ្វះខាតនេះ​បានដឹងទូលំទូលាយទៅដល់បងប្អូន ​នៅតាមបណ្តា​ខេត្ត​ឆ្ងាយ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និង GMACបានខិតខំធ្វើការផ្សព្វផ្សាយពីវិស័យកាត់ដេរនៅកម្ពុជា ដើម្បី ទាក់ទាញអ្នកវិនិយោបរទេសឲ្យមកវិនិយោគកាន់តែច្រើន តែបើខ្វះខាតកម្លាំងពលកម្មនេះ អាចនឹងរាំងស្ទះ ដល់ការរីកចម្រើននៃវិស័យកាត់ដេរ អ្នកវិនិយោគអស់ជំនឿចិត្ត លើប្រទេសកម្ពុជាយើង។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វិស័យកាត់ដេរនៅកម្ពុជាកំពុងជួបបញ្ហាខ្វះខាតកម្មករពិតមែន។ នេះ ក៏ព្រោះតែកម្មករ​កម្មការិនីដែលបម្រើការងារក្នុងវិស័យនេះទទួលបានប្រាក់ខែតិច មិនអាចទ្រទ្រង់ជីវភាពបាន ទើបប្រថុយជីវិតឆ្លងដែន ទៅធ្វើការនៅបរទេស ដែលមានដូចជា​ប្រទេសថៃ ម៉ាឡេស៊ី ជាដើម។
លោក លី តេកហេង បានបញ្ជាក់ថា ជាទូទៅកម្មករ កម្មការិនី កាត់ដេរជាមធ្យមអាចរកចំណូលបាន ពី១២០ ដុល្លារទៅ ១៥០ដុល្លារក្នុង១ខែ ហើយអ្នកខ្លះទៀតរកបាន​ពី២០០​ដុល្លារទៅ ៣០០ដុល្លារឯណោះ។
លោកក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋ គួរតែធ្វើការក្នុងស្រុក ជាជាងប្រថុយជីវិតឆ្លងដែនទៅធ្វើការនៅបរទេស ដែលប្រកបដោយគ្រោះថ្នាក់ ហើយប្រសិនចង់បំពេញ​ការងារ​ក្នុងវិស័យកាត់ដេរ អាចទំនាក់ទំនង GMAC ផ្ទាល់តែម្តង។
សព្វថ្ងៃនេះប្រទេសកម្ពុជា មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែក ជើងចំនួន ៤២០រោងចក្រ ហើយ៦៦ រោងចក្រ ទើបនឹងបើកថ្មី៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons