Sunday, July 29, 2012

ពលរដ្ឋ​បឹងកក់​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ការ​ចោទប្រកាន់​របស់​អភិបាល​ក្រុង​ភ្នំពេញ


ថ្ងៃ អាទិត្យ 29 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI
ជម្លោះ​ដី​ធ្លី​នៅក្នុង​សហគមន៍​បឹង​កក់ ​បាន​ផ្ទុះឡើង​ចាប់​តាំង​ពី​ឆ្នាំ២០០៧​ រហូត​មក​ដល់​បច្ចុប្បន្ន​​ រវាង​ក្រុម​ហ៊ុន​ស៊ូកាកូអ៊ីន ​ដែល​ធ្វើ​វិនិយោគដើម្បី​ប្រែ​ក្លាយ​តំបន់នោះ​​ឲ្យទៅ​ជា​​តំបន់​រមណីយដ្ឋាន​ និង​អាគារ​​ពាណិជ្ជកម្ម។ គម្រោង​នោះ​បាន​ធ្វើ​​ឲ្យប៉ះពាល់​ពលរដ្ឋ​ជាង​៤០០០គ្រួសារ។ ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​ បាន​បញ្ចេញ​នូវ​ប្រ​តិកម្ម​យ៉ាង​ខ្លាំងៗ កាល​ពី​ព្រឹកមិញ​ ប្រ​ឆាំងនឹង​លោក​អភិបាល​​ក្រុង ​កែប ជុតិមា ដែល​បាន​ធ្វើ​បទសម្ភាសន៍​ក្នុង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ ​ចោទ​ប្រកាន់​ពលរដ្ឋ​បឹង​កក់​ថា ​​​យក​រឿង​បឹង​កក់​ប្រែ​​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​ចង​ជើង​រូប​គាត់​​។
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ
ពលរដ្ឋ​សហគមន៍​បឹងកក់​បង្ហាញ​ឯកសារ ដើម្បី​តប​នឹង​ការ​ចោទប្រកាន់​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ
សេចក្តីរាយការណ៍​របស់​គីន ហត្ថារ៉ូ ពី​ទីក្រុង​ភ្នំពេញ
(02:27)
ពលរដ្ឋ​ជា​ង​៥០​គ្រួសារ ​នៅ​ក្នុង​សហគមន៍​បឹង​កក់​​ ​បញ្ចេញ​ប្រ​តិកម្ម​ប្រ​ឆាំងតប​ទៅ​នឹង​លោក​កែប​ ជុតិមា អភិបាល​រាជ​ធានី​​ភ្នំពេញ​ ដែល​បាន​ចោទ​ប្រកាន់ពួកគេ​ថា ​រស់នៅ​​លើ​ទឹក​ ដែល​ជា​សម្បត្តិ​​របស់​រដ្ឋ និង​យក​រឿង​បឹង​កក់​ធ្វើ​ជា​រឿង​នយោបាយ។

​​ប្រ​តិកម្ម​របស់​ពលរដ្ឋ​បឹង​កក់​បាន​ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​ សារព័ត៌មាននៅ​ព្រឹកមិញ​ នៅ​ក្នុង​សហគមន៍​បឹង​កក់ ​​បន្ទាប់​​​ពី​លោក​កែប ជុតិ​មា​ បាន​ធ្វើ​បទ​សម្ភាសន៍​នៅ​ក្នុង​ទូរទស្សន៍​ក្នុងស្រុក​មួយ ​​កាល​ពីយប់​ថ្ងៃ​ទី ២៦ ខែ​កក្កដា ដោយ​មាន​ប្រសាសន៍​ថា ​ពលរដ្ឋ​បឹង​កក់​ទទួល​បាន​ប្លង់​ជាង​ ៨០០គ្រួសារ​ហើយ​ រី​ឯ​ចំនួន​៦៤​គ្រួសារ​ផ្សេង​ទៀត​រស់​​នៅ​​លើ​ទឹក​ ដែល​ជាដី​របស់​រដ្ឋ​ គ្មាន​ឯ​ក​សារ​គ្រប់​គ្រាន់​ និង​ចោទ​ពលរដ្ឋ​ថា​យក​រឿង​បឹង​កក់​ធ្វើ​ជារឿង​នយោ​បាយ​​​ចង​ជើង​គាត់។​

ពលរដ្ឋ​ទាំង​អស់​បាន​លើ​ក​ឡើង​នៅ​ក្នុង​សន្និសីទសាព័ត៌មាន​ថា​ ការ​លើក​​ឡើងរបស់​លោក​អភិបាល​​ក្រុង​បែប​នេះ​​ គឺជា​ការ​មិន​ទទួល​ខុស​ត្រូវ​ អសមត្ថភាព​​ក្នុង​ការ​ដឹក​នាំ​ ​និង​​ព្យាយាម​​លាក់​បាំង​ការ​ពិត​។ ផ្ទះ​ពលរដ្ឋ​ដែល​អាជ្ញា​ធរ​​​និង​ក្រុម​ហ៊ុន​បូម​ខ្សាច់​ពន្លិច​ និង​វាយ​កម្ទេច​​​នោះ ​សុទ្ធ​តែ​មាន​ឯ​កសា​រ​បញ្ជាក់​គ្រប់​គ្រាន់ ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​​ដែន​ដី។ ​

ដោយ​មាន​បង្ហាញ​ទាំង​ឯកសារ​ដូច​ជា​ប័ណ្ណស្នាក់​នៅ​ និង​លិខិត​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ២០០៧​នោះ​ ពលរដ្ឋ​​បាន​អះអាង​ថា​ ​​ការ​ចោទ​ប្រកាន់​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ដែល​​បាន​ថ្លែង​តាម​រយៈ​បទ​សម្ភាសន៍​​​​នៅ​ក្នុងទូរទស្សន៍​​នោះ​ គឺ​បាន​បំផ្លើស​ពី​ការ​ពិត​ ហើយ​ថា លោក​អភិបាលក្រុង​​មិន​គួរ​ធ្វើ​ភ្លេច​ មិន​ដឹង​មិន​ឮ​នោះ​ទេ​ គួរ​តែ​ពិចារណា​ឡើង​វិញ។ ហើយ​ការលើក​ឡើង​របស់​លោក​អភិបាល​ក្រុង​ដែល​ថា​យក​រឿងបឹង​កក់​ធ្វើ​ជា​រឿង​ នយោ​​បាយ​នោះ ​តាម​ពិត​លោក​អភិបាលក្រុង​​ខ្លួន​ឯង​​ជា​អ្នក​​យក​រឿង​របស់​បឹង​កក់​ប្រែ​ ក្លាយ​ទៅ​ជារឿង​នយោ​បាយ​ ​ដើម្បី​បិទ​បាំង​​​អំពើ​អាក្រក់​ និង​អំពើ​ពុក​រលួយរបស់​ខ្លួន។​

មន្ត្រី​សាលា​ក្រុងភ្នំពេញ​​បាន​បដិសេធពុំ​ធ្វើ​ការ​អត្ថា​ធិប្បាយ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ប្រ​តិកម្ម​របស់​​ពលរដ្ឋ​នោះ​ទេ​​​​​​ កាល​​ពី​ព្រឹក​មិញ។​ ​ ​

នៅ​ក្នុង​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៧ ដែល​សាលាក្រុង​ភ្នំពេញ​បាន​ចុះ​កិច្ច​សន្យា​ជួល​ដីទំហំ​១៣៣​ ហិក​តា ​ឲ្យទៅ​ក្រុម​ហ៊ុន​ឯក​ជន​ស៊ូកាកូអ៊ីន ​ ដើម្បីវិនិ​យោគ​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋា​ន​ អាគា​រ​ពាណិ​ជ្ជកម្ម​នោះ​ បាន​ធ្វើ​​ឲ្យប៉ះពាល់​ពលរដ្ឋ​ជាង​៤០០០គ្រួសារ​។ នៅ​ក្នុងជម្លោះ​​នោះដែរ​​ ស្ត្រីក្នុង​សហគ​មន៍​បឹង​កក់​១៣​នាក់ ត្រូវ​បាន​អាជ្ញាធររាជធានីភ្នំពេញចាប់ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​ព្រៃស​​ ដោយ​សាលាដំបូងរាជធានីភ្នំពេញ​សម្រេច​​​ផ្តន្ទា​ទោសឲ្យជាប់ពន្ធនាគារ​ពី​ មួយឆ្នាំ​ទៅពីរឆ្នាំកន្លះ ពីបទប្រឆាំង​មន្ត្រី​រាជ​ការ​សាធារណៈ និងបំពានកាន់​កាប់​​អចលន​វត្ថុរបស់​នីតិបុគ្គល​​​សាធា​រណៈ​។ ប៉ុន្តែ​ស្ត្រី​ទាំង​នោះ​​ត្រូវ​បាន​​ក្រុម​ប្រឹក្សា​ចៅក្រម​សាលាឧទ្ធរណ៍​​ បន្ថយ​ទោស​មក​នៅ​ត្រឹម​១​ខែ​៣​ថ្ងៃ​៕
(cam news)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons