Tuesday, July 10, 2012

រដ្ឋមន្ត្រី​ការបរទេស​ចិន​សន្យា​ជួយ​ស្រាវជ្រាវ​លើ​ករណី​ជំងឺ​រាតត្បាត​លើ​កុមារ​កម្ពុជា

ថ្ងៃ អង្គារ 10 កក្កដា 2012
ដោយ លី ម៉េងហួរ
RFI
នៅក្នុង​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ជី (Yang Jie Chi) បាន​សន្យា​ជួយ​ដល់​កម្ពុជា តាមរយៈ​ការបញ្ជូន​អ្នកឯកទេស​ចិន និង​ជំនួយសម្ភារៈ​ថ្នាំពេទ្យ ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ដំណោះស្រាយ​លើ​ជំងឺ​រាតត្បាត ដែល​បាន​សម្លាប់​កុមារ​កម្ពុជា ចំនួន ៥២ នាក់​។ ជំងឺ​ចម្លែក​នោះ​ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ទៅ​នឹង​សំ​បោរ កំ​ហាក ទឹក​មាត់ ទឹករងៃ​ចេញពី​ពង​បែក ឬ​លាមក របស់​អ្នកជំងឺ ហើយ​ឆ្លង​ខ្លាំង​បំផុត​ក្នុង​សប្តាហ៍​ទី​១​។ ជំងឺ​នោះ ត្រូវបាន​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ជា​មេរោគ Enterovirus 71 ( EV 71 ) ដែល​ជា​ជំងឺឆ្លង​ដ៏​កាចសាហាវ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ពិសេស កុមារ ក្នុង​រយៈពេល​មួយ​សប្តាហ៍​។​
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ហោ ណាំហុង ទទួល​ជួប​រដ្ឋមន្រ្តី​ការបរទេស​ចិន​ Yang Jiechi
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ហោ ណាំហុង ទទួល​ជួប​រដ្ឋមន្រ្តី​ការបរទេស​ចិន​ Yang Jiechi
REUTERS/Samrang Pring
សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

រដ្ឋមន្ត្រីការបរទេស​ចិន លោក យ៉ាង ជា​ជី ( Yang JieChi ) បាន​សន្យា​បញ្ជូន​គ្រូពេទ្យ​ជំនាញ រួម​ជាមួយ​សម្ភារៈ​ ​ថ្នាំពេទ្យ មក​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ដំណោះស្រាយ​លើ​ជំងឺ​រាតត្បាត ដែល​បាន​សម្លាប់​កុមារ​កម្ពុជា ចំនួន ៥២ នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ប្រមុខ​ការទូត​ចិន​បានប្រកាស​ដូច្នេះ នៅពេល​ជួប​ប្រជុំ​ជាមួយ​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ​។ រដ្ឋមន្ត្រីការបរទេស​ចិន ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាច្រើន នៅ​ប៉ុន្មាន​ថ្ងៃនេះ ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ ​២០១២ បាន​លើកឡើង​ថា ជំងឺ​ចម្លែក រាតត្បាត ដែល​សម្លាប់​កុមារ​កម្ពុជា​នោះ បាន​ឆ្លង​តាមរយៈ​ការប៉ះពាល់​ផ្ទាល់ ទៅ​នឹង​សំបោរ កំ​ហាក ទឹក​មាត់ ទឹករងៃ​ចេញពី​ពង​បែក ឬ​លាមក របស់​អ្នកជំងឺ​។ ជំងឺ​នោះ ឆ្លង​រាតត្បាត​ខ្លាំង​បំផុត ក្នុង​សប្តាហ៍​ទី​១។ ជំងឺ​រាតត្បាត​ចម្លែក​លើ​កុមារ​នោះ ត្រូវ​គេ​ស្គាល់​ថា បង្កដោយ មេរោគ Enterovirus 71 ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។

​សេចក្តីប្រកាស​លើក​ឡើង​ថា គិត​ចាប់ពី​ខែ​មេសា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ ​២០១២ ជំងឺ​រាតត្បាតដ៏​ចម្លែក​នោះ បាន​កើតមាន ៥៩ ករណី និង​សម្លាប់​កុមារ​កម្ពុជា​ចំនួន ៥២​នាក់​។ កុមារ​ទាំងនោះ មាន​អាយុ​ចាប់ពី ៣​ខែ ដល់ ១១​ឆ្នាំ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​រួម បាន​លើកឡើង​ថា បច្ចុប្បន្ន មិន​មាន​ការព្យាបាល​ជាក់លាក់​ណាមួយ សម្រាប់​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់ ដែល​ជា​ជំងឺឆ្លង​រាតត្បាត​លើ​កុមារ​នោះទេ​។ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ឲ្យ​ឪពុកម្ដាយ គួរ​ស្វែងរក​ដំបូន្មាន​ពី​គ្រូពេទ្យ ប្រសិន​បើ​កូន​គាត់ ក្ដៅខ្លួន ក្អួត និង​ទន់ដៃទន់ជើង​។ អ្នកជំងឺ​គួរ​ផឹកទឹក ឬ​វត្ថុ​រាវ​ឲ្យបាន​ច្រើន​។ ចំណែក​បុគ្គលិក​សុខាភិបាល គួរ​ព្យាបាល​អ្នកជំងឺ តាម​រោគសញ្ញា និង​មិន​ត្រូវ​ប្រើ​ថ្នាំ ស្ដេរ៉យ (Steroids) ឡើយ​។​

​នៅថ្ងៃនេះ មិនអាច​ទាក់ទង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានទេ​។ ក៏ប៉ុន្តែ​ជំនួយការ​របស់​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា មន្ត្រី​ជំនាញ​កំពុង​តាមដាន​លើ​ករណី​ជំងឺឆ្លង​នោះ និង​មិន​ទាន់​មាន​សេចក្ដីសន្និដ្ឋាន​ចុងក្រោយ ពី​ការអង្កេត​ស្រាវជ្រាវ​នៅ​ឡើយ​ទេ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons