Tuesday, July 10, 2012

ក្រុម​​ទំនើងជា​​បុគ្គលិក​​សន្តិសុខ ខារ៉ាអូខេ​​សាន់ កូ ផឹក​ស៊ី​​កាប់​​ចាក់​​គ្នា​​ផ្អើល​​ភ្ញៀវ​​ពេញ​​ខារ៉ាអូខេ​



(ដោយអ៊ិនសាមិត្តប៉ោយប៉ែត)៖ ក្រុម​សន្តិសុខ​ដែល​ជា​បុគ្គលិក​ក្លឹប​ខារ៉ាអូខេ សាន់ កូ ចំនួន​បួន​នាក់​ក្នុងចំណោម​បក្ស​ពួក របស់​គេ​ជាច្រើន​នាក់​ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ត្រូវ​សមត្ថកិច្ច ប៉េអឹម​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​ពួកគេ វាយ​កាប់​ចាក់​គ្នា ដូច​ក្នុង​រឿង​បងតូច​ ​បងធំ សង្គម​ងងឹត នៃ​ភាពយន្ត​ហុងកុង​អីចឹង បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ ភ្ញៀវ​ដែល​កំពុង​ផឹកស៊ី​ផ្អើល​រត់​ចែក​ជើង​​គ្នា ។                                                                                                                                                               ​            ការឃាត់​ខ្លួន​នេះគឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង០៤ និង០០​នាទី​ថ្ងៃ​ទី​៥ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ក្លឹប​ខារ៉ាអូខេ​ខាងលើ​តែ​ម្ដង ដោយ​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ចំនួន បួន​នាក់ ដែល​មាន​ឈ្មោះ ដូច​ខាងក្រោម ទី​១​ឈ្មោះ​សូ រិទ្ឋី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទី​២៖ ឈ្មោះ​ជូន ជូ​ឡាយ ភេទ​ប្រុស​អាយុ ២២​ឆ្នាំ ទី​៣៖ ឈ្មោះ ថាច់ វាសនា ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ និង​ទី​៤៖ ឈ្មោះ​ឃុយ វ៉ាន់​លី ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ អ្នក​ទាំង​បួន ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ក្លឹប​ខាងលើ ។
លោក ហម ម៉ុត មេ​បញ្ចា​ការ​ប៉េអឹម​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ថា ដោយមាន​សេចក្ដី​រាយការណ៍​ថា​មាន​ក្រុម​បង​តូច​បងធំ វ៉ៃ​កាប់​ចាក់​គ្នា ផ្អើល​ពេញ​ខារ៉ាអូខេ​ខាងលើ ខណៈ​នោះ​លោក​បាន​បញ្ជា​កម្លាំង ឲ្យ​ទៅដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ចំនួន​បួន​នាក់​នៅនឹង​កន្លែង យក​មក​ទីបញ្ជាការ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ទីបញ្ជាការកង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ។
ដោយឡែក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​រឿង​វ៉ៃ​កាប់​ចាក់​គ្នា​នេះ​ដែរ នៅសល់​មួយ​ចំនួន​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​លោក​ថៅកែ ក្លឹប​បា ខារ៉ាអូខេ សាន់ កូ ឈ្មោះ ជឿន បាន​លួចលាក់​ដោយ​មិន​បញ្ជូន​ពួកគេ​ឲ្យ​ច្បាប់​ដោះស្រាយ​ឡើយ ប៉ុន្តែ​ទោះបីជា​លោក​ថៅកែ​ឈ្មោះ ជឿន ខំប្រឹង​លាក់​បំពួន​ឲ្យ​ជន​សង្ស័យ​រត់គេច​ខ្លួន​ទៅដល់​ជើងមេឃ​ក៏ដោយ គេ​សង្ឃឹមថា សមត្ថកិច្ច និង​តាម​ដល់​ទី​បញ្ចប់​មិន​អនុញ្ញាត​ឲ្យ​ក្រុម​នោះ រស់​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​បាន​ឡើយ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons