Thursday, July 26, 2012

កម្ពុជា​ទទួល​នាវា​មន្ទីរពេទ្យ ក្នុង​បេសកកម្ម​ភាពជា​ដៃ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២



​ បេសកកម្ម​ភាពជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ (Pacific Partnership 2012) ដែលមាន​ការចូលរួម​របស់​សមាជិក​ចម្រុះ​សាសន៍ ជា​ទាហាន និង​ស៊ីវិល​ចំនួន​ជាង ១.២០០ នាក់ នៅលើ​នាវា​មន្ទីរពេទ្យ ឈ្មោះ USNS Mercy (T-AH 19) របស់​ផ្នែក​សេវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក នឹង​មកដល់​កំពង់់ផែ​ក្រុងព្រះសីហនុ ដើម្បី​ផ្តល់ជំនួយ​ផ្នែក​វិស្វកម្ម ពេទ្យសត្វ ទន្តពេទ្យ និង​ការព្យាបាល​ជំងឺ​ទូទៅ ដល់​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា ពីថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១២​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១២ បាន​លើកឡើងថា បេសកកម្ម​ភាពជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក គឺជា​បេសកកម្ម​សម្រាប់​សកម្មភាព​មនុស្សធម៌​ប្រចាំឆ្នាំ​ធំជាងគេ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ បេសកកម្ម​នេះ មានការ​សម្របសម្រួល​គ្នា ក្នុងចំណោម​ប្រទេស​ម្ចាស់ផ្ទះ ប្រទេស​ដៃគូ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​អន្តរជាតិ​ដទៃទៀត ដើម្បី​ឲ្យ​មាន​ភាពស៊ីចង្វាក់​គ្នា ក្នុងការ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយធម្មជាតិ​។​
​    ​
​លោក Jeff Daigle ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នឹងចូលរួម​ក្នុង​ពិធី​ស្វាគមន៍ នៃ​ការមកដល់​របស់​នាវា​មន្ទីរពេទ្យ USNS Mercy នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ១០ ព្រឹក នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​
​    ​
​សេចក្តីប្រកាស​ព័ត៌មាន​ បាន​បន្តទៀតថា បេសកកម្ម​របស់​នាវា​មន្ទីរពេទ្យ​នេះ នឹង​ផ្តល់ជូន​នូវ​សេវា​ពិនិត្យ​សុខភាព​ដោយ​មិន​គិតថ្លៃ ដែល​រួមមាន ជំងឺ​ភ្នែក ធ្មេញ ជំងឺ​កុមារ និង​ការព្យាបាល​ទូទៅ ចាប់ពី​ម៉ោង ៨ និង ៣០​នាទី ព្រឹក ដល់​ម៉ោង ៤ និង ៣០ រសៀល នៅតាម​កន្លែង​មួយចំនួន​ដូចខាងក្រោម​នេះ ៖

- ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ : នៅ​សាលាបឋមសិក្សា ហ៊ុនសែន ជើងគោ ក្រុងព្រះសីហនុ​
- ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១២ : នៅ​វិទ្យាល័យ​សម្តេចឪ ខេត្តតាកែវ​
-​ថ្ងៃទី​២ ខែសីហា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ : នៅ​សាលាបឋមសិក្សា​កណ្តោលដុំ ខេត្តកំពង់ស្ពឺ​
-​ថ្ងៃទី​៤ ខែសីហា ដល់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១២ : នៅ​អនុវិទ្យាល័យ ហ៊ុន សែន ចាំ​យាម ខេត្តកោះកុង​។​
​    ​
​ សេវា​ពេទ្យសត្វ​សម្រាប់​សត្វ​តូចៗ រួមមាន ការចាក់​ថ្នាំ​ការពារ និង​គ្រៀវ​សត្វ ជាដើម នឹងមាន​ផ្តល់​ពី​ម៉ោង ៨ និង ៣០​នាទី ព្រឹក ដល់​ម៉ោង ៤ និង ៣០​នាទី រសៀល នៅតាម​កន្លែង​ដូចខាងក្រោម​នេះ ៖

- ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១២ : នៅ​សាលាបឋមសិក្សា​កណ្តោលដុំ ខេត្តកំពង់ស្ពឺ​
- ថ្ងៃទី​៤ ខែសីហា ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ : នៅ​សាលាបឋមសិក្សា​ហ៊ុនសែន ជើងគោ ក្រុងព្រះសីហនុ​។​

​ ក្រៅពី​ការផ្តល់សេវា​ពេទ្យ ក្រុម​តន្ត្រី​នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក នឹងធ្វើ​ការប្រគំ​តន្ត្រី​ជូន​សាធារណជន​ទស្សនា ដោយ​មិន​គិតថ្លៃ​ផងដែរ នៅតាម​ទីកន្លែង​ចំនួន​ពីរ ចាប់ពី​ម៉ោង ៧ យប់​ទៅ នៅ​ទីតាំង​ដូចខាងក្រោម​នេះ ៖
​    ​
- ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១២ : នៅ​ឆ្នេរ​អូ​ឈើទាល ក្រុងព្រះសីហនុ​
- ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០១២ : មិនទាន់​ច្បាស់​។​    ​
​    ​
​ ប្រទេស​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​បេសកកម្ម​ភាពជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ជា​លើកដំបូង​នៅ​ឆ្នាំ​២០១០ ដោយ​នៅពេលនោះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង ១៤.០០០ នាក់ បានទទួល​ការព្យាបាល និង​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​។ បេសកកម្ម​ភាពជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១២ ជួយ​ប្រទេស​ម្ចាស់ផ្ទះ​តាមរយៈ​កម្មវិធី និង​សកម្មភាព ដែល​បម្រើ​សហគមន៍ និង​បង្កើន​សមត្ថភាព​ក្នុងការ​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​ការសម្របសម្រួល​គ្នា​រវាង​យោធា និង​ស៊ីវិល ក្នុងចំណោម​ប្រទេស និង​អង្គការ​ដែលមាន​បំណង​ដូចគ្នា ក្នុងការ​ធ្វើ​ឲ្យ​តំបន់​ប៉ាស៊ីហ្វិក​បន្ត​មាន​សន្តិសុខ និង​ស្ថេរភាព​។​
​    ​
​ចំពោះ​ព័ត៌មាន​បន្ថែម ស្តីពី​បេសកកម្ម​ភាពជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក សូម​ចូល​មើល​គេហទំព័រ ដែលមាន​អាសយដ្ឋាន​ដូចខាងក្រោម​នេះ ៖

- Website: www.cpf.navy.mil/PP
- Blog: http://pacificpartnership.wordpress.com
- Facebook: www.facebook.com/pacificpartnership
- Twitter: http://twitter.com/pacificpartner
- Additional media and b-roll: https://s3.amazonaws.com/Customer-delivery/USNS+Mercy+For+MSC.zip៕ ដោយ: កូឡាប (CEN.COM.KH)

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons