- Thursday, 12 July 2012 08:15
វិមានសន្តិភាព: លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី១២កក្កដា ឆ្នាំ២០១២ វេលាម៉ោង ៥ និង ១៥ នាទី នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ។ លោកស្រី ហ៊ីលឡារី គ្លីនតុន មកចូលរួមកិច្ចប្រជុំជាច្រើន ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសដៃគូជាច្រើនទៀត រួមទាំងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ លោកស្រី គ្លីនតុន មកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី១១កក្កដា ឆ្នាំ២០១២។
លោកស្រីគ្លីនតុន បាននាំនូវប្រតិភូវិនិយោគអាមេរិកយ៉ាងធំ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី នឹងចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃទី១៣កក្កដា ឆ្នាំ២០១២ នៅខេត្តសៀមរាប។
នៅខេត្តសៀមរាប លោកស្រី គ្លីនតុន ក៏នឹងចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយ ស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រី គឺជាគំនិតផ្តួចផ្តើមរួមគ្នា ដោយក្រសួងការបរទេសអាមេរិក និងក្រសួងកិច្ចការនារីនៃព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកនៅក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមនៃប្រទេស ទន្លេមេគង្គក្រោម (LMI) ដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕ ដោយ: សុខ ភក្តី (CEN.COM.KH)

