Saturday, July 21, 2012

យុវជនឈាមរាវម្នាក់តាំងខ្លួនជាបងធំកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវសមត្ថកិច្ចឃាត់ខ្លួន


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖ យុវជន​ឈាម​រាវ​ម្នាក់​តាំង​ខ្លួន​ជា​បងធំ​សង្គម​ងងឹត​ប្រើ​កាំបិត​ពូថៅ ដាវ​សាំ​ម៉ូ​រ៉ៃ បង្ករ​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា ម៉ោង​១៧និង៣០​នាទី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ឡធ្យូង​ក្នុង​ភូមិ​បាលិលេយ្យ​២ សង្កាត់/​ក្រុង​ប៉ោយប៉ែត ពី​បទ (បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្នក​ដទៃ​មាន​ស្ថាន​ទម្ងន់​ទោស) ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដាឆ្នាំ២០១២
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ​សេង សា​វ៉ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ ប្រជា​ធម្ម សង្កាត់/​ក្រុង​ប៉ោយប៉ែត ។ មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ និង​គូកន បី​នាក់​ផ្សេង​ទៀត​មានឈ្មោះ​ផល រដ្ឋា ហៅ (ឡ​) ទី​២​ឈ្មោះ​ដា និង​ទី​៣​ឈ្មោះ​វើន ។ ជន​ដៃដល់​ទាំង​បួននាក់​ប្រដាប់​ដោយ​អាវុធ​ដាវ​សាំ​ម៉ូ​រ៉ៃ គ្រប់​ដៃ​បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​ទុច្ចរិត​ក្នុង​គោលបំណង​ទៅ​កាប់សម្លាប់​អ្នកស្រុក​នៅ​ក្នុង​ភូមិ ប៉ុន្តែ​ដោយសារ​អ្នកស្រុក​ភ័យខ្លាច​រត់​អស់ ពួកគេ​ក៏​កាប់​បំផ្លាញ​ផ្ទះ អ្នកស្រុក​តែ​ម្ដង​ទៅ ។
ដើមហេតុ​គឺ​បណ្ដាល​មក​ពី​ពួកគេ​ខឹង​ចាស់ៗ​នៅ​ក្នុង​ភូមិ​ខាងលើ​ស្ដី​ប្រៀនប្រដៅ ថា​ពួក​ឯង​ក្មេងៗ ដើរ​លេង​យប់ ម៉ោង​១.​ម៉ោង​២​យប់​ហើយ មិន​ព្រម​ចូល​ដេក​ធ្វើ​ជា​ក្មេង​បាត​សង្គម។ពួកគេ​ទាំងនោះ​ខឹង ក៏​ទៅ​កែន​គ្នីគ្នា ប្រដាប់​អាវុធ​មក​តាម​កាប់ ប៉ុន្តែ​សំណាងល្អ​ចាស់ៗ​ទាំងនោះ​រត់​ចូល​ផ្ទះ​អស់ មិន​ព្រម​ចេញ​មក​ក្រៅ​ទើប​ពួកគេ​បាន​ត្រឹម​តែ​កាប់​បំផ្លាញ​ផ្ទះ​តែប៉ុណ្ណោះ ។
លោក ហម ម៉ុត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ថា ដោយ​យោង​តាម​ពាក្យ បណ្ដឹង​ជនរងគ្រោះ​ឈ្មោះ សៀ វិចិត្រ​អាយុ​២៨ ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ ក្រុម​ក្មេង​ទំនើង​កាប់​បំផ្លាញ ។ លោក​ក៏បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះទៅ​ស្រាវ​ជ្រាវ​ហើយ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​របស់​គេ​ទាំង​បួន ។ លោក​ហម ម៉ុត បាន​បន្ត​ទៀត​ថា សេង សា​វ៉ី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ជា​ការ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ដោយ​យោង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ទី​បញ្ជាការកង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដោយឡែក​បក្សពួក​របស់​គេ​ដែល​កំពុង​តែ​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​បន្ត ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons