ក្រសួង សុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកទើបតែបានរកឃើញរោគសញ្ញាថ្មីមួយ ដែលបានសម្លាប់កុមារកម្ពុជា យ៉ាងហោចណាស់៥២ នាក់ ចាប់តាំងពីជំងឺនេះ បានផ្ទុះឡើងកាលពីខែមេសា រហូតដល់ថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះ។ វត្តមានជំងឺដ៏អាថកំបាំងមួយនេះ ត្រូវបានរកឃើញ ដោយមន្ទីរពេទ្យគន្ធបុប្ផា។ថ្ងៃទី 10 ខែកក្កដា ឆ្នាំ2012, ម៉ោង 11:03 AM ឈ ភ
មេរោគថ្មីដែលទើបនឹងរកឃើញនេះមានឈ្មោះថា អ៊ីនធើរ៉ូ វ៉ៃរុស៧១ (Enterovirus-71) ឬអក្សរកាត់ថា EV-71 ដែលបង្កឡើងពងបែកនៅដៃជើង និងក្នុងមាត់។ មេរោគនេះ ត្រូវបានគេដឹងថា អាចបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ។
ជំងឺដ៏អាថ៌កំបាំងមួយ បានផ្ទុះឡើងនៅកម្ពុជា ចាប់តាំងពីខែមេសា រហូតដល់ថ្ងៃទី៥ ខែកក្កដាដែលបានធ្វើឲ្យកុមាររងគ្រោះ ដោយសារតែជំងឺឡើងដល់៥៩ នាក់ ក្នុងនោះមាន៥២ នាក់ បានស្លាប់បាត់បង់ជីវីត។ កុមារទាំងនោះ មានអាយុចាប់ពី៣ ខែ រហូតដល់១១ ឆ្នាំ ដែលភាគច្រើនអ្នកជំងឺមានអាយុតិចជាង៣ ឆ្នាំ។
អាការៈនៃជំងឺដ៏អាថកំបាំងនេះជាទូទៅ អ្នកជំងឺក្តៅខ្លួន ការបរិភោគអាហារថយចុះ អស់កម្លាំង ហើយភាគច្រើនឈឺបំពង់ក។ ពងបែកក្នុងមាត់ ចាប់ផ្តើមចេញមួយថ្ងៃ ឬពីរថ្ងៃក្រោយរោគសញ្ញានេះចេញ។ ដំបូងមានស្នាមក្រហម ហើយក្រោយមកស្នាមនេះក្លាយជាពងបែក និងដំបៅនៅក្នុងមាត់។ ភាគច្រើន គេឃើញមាននៅអណ្តាត អញ្ចាញ និងផ្នែកខាងក្នុងនៃថ្ពាល់។ អ្នកជំងឺអាចមានស្នាមកន្ទួលរមាស់ភាគច្រើន នៅលើបាតដៃ បាតជើង គូទ និងអវៈយវៈភេទ។ អ្នកជំងឺអាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬមានតែស្នាមកន្ទួល ឬពងបែកនៅក្នុងមាត់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺពងបែក ដៃជើង និងក្នុងមាត់ជាជំងឺឆ្លង ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយសារតែការប៉ះសំបោរ កំហាក ទឹកមាត់ ទឹករងៃ ដែលចេញពីពងបែក ឬក៏លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងដល់អ្នកដទៃបានយ៉ាងខ្លាំងបំផុតនៅក្នុងសប្តាហ៍ ទី១ តែអ្នកជំងឺអាចចម្លងជំងឺនេះ រហូតដល់សប្តាហ៍ក្រោយៗទៀត។ ជំងឺពងបែក ដៃជើង និងក្នុងមាត់ មិនអាចចម្លងពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ៕

