Sunday, July 22, 2012

កម្មករ​រោងចក្រ​តៃណាន​ដាក់​ញត្តិ​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក


ច័ន្ទ 23 កក្តដា 2012 - 11:57 amដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្មករ​រោងចក្រ​តៃណាន​ប្រមាណ​៥០​នាក់​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ហើយ ដើម្បី​ឲ្យ​ស្ថានទូត​ប្រទេស​មហា​អំណាច​នេះ​ជួយ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ ដែល​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជិត​១​ខែ​មក​ហើយ​នោះ។

កម្មកររោងចក្រតៃណានធ្វើការតវ៉ានៅខាងមុខរោងចក្រកន្លងមក
ក្នុង​ញត្តិ​ដាក់​ទៅ​កាន់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ​បាន​ សរសេរ​ថា កម្មករ​កម្មការិនី​រោងចក្រ​តៃណាន (អតីត​រោងចក្រ​តៃយៀន​ទី១ ទី២ និង​ខេមវែល) មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បាន​ធ្វើ​ការ​ទាមទារ​អស់​រយៈ​ពេល​៤សប្តាហ៍​មក​ហើយ ចាប់​ពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សម​រម្យ​ឡើយ បន្ទាប់​ពី​បាន​ដឹង​ថា រោងចក្រ​នេះ​បាន​ប្តូរ​ឈ្មោះ ពី​រោងចក្រ​តៃយៀន ទៅ​រោងចក្រ​តៃណាន កាល​ពី​ឆ្នាំ​២០១០ ដោយ​និយោជក​ពុំ​បាន​ជូន​ដំណឹង និង​ពុំ​មាន​ការ​ធានា​អះអាង​អំពី​អត្ថ​ប្រយោជន៍​របស់​ក្រុម​កម្មករ ដោយ​មាន​ន័យ​ថា និយោជក​រំលោភ​ច្បាប់​ការងារ។
ញត្តិ​បន្ត​ថា នៅ​ថ្ងៃទី​០៥-០៦ ខែកក្កដា ឆ្នាំ​២០១២ មាន​ជំនួប​ចរចា​មួយ​ក្រោម​អធិបតីភាព​រដ្ឋមន្រ្តី​ក្រសួង​ការងារ ប៉ុន្តែ​ពុំ​បាន​ដំណោះ​ស្រាយ​ឡើយ។ ហើយ​នៅ​ថ្ងៃទី​១៣ និង​ទី១៨ ខែកក្កដា ឆ្នាំ​២០១២ ក្រោម​ការ​សម្រប​សម្រួល​របស់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា ក៏​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ដែរ។ ដោយ​បាន​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២ ពេល​តំណាង​កម្មករ​ប្រមាណ​២០នាក់​ដង្ហែ​ញត្តិ​ដាក់​ជូន​នាយក​រដ្ឋមន្រ្តី​ កម្ពុជា ​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្រ្កាប​ដោយ​ហិង្សា បណ្តាល​ឲ្យ​មន្រ្តី​សហជីព​ម្នាក់​រង​របួស​ធ្ងន់ និង​ឃុំ​ខ្លួន​នៅ​ស្នងការ​ក្រុង​អស់​ជា​ច្រើន​ម៉ោង​ថែម​ទៀត ដែល​វា​គឺ​ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង និង​រំលោភ​សិទ្ធិ​កម្មករ។
ជា​ចុង​ក្រោយ​តំណាង​កម្មករ​រោងចក្រ​តៃណាន បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ជួយ​ អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ដល់​ពួក​គេ ព្រោះ​ទីផ្សារ​របស់​រោងចក្រ​តៃណាន​នេះ​មាន​នៅ​សហរដ្ឋ​អាមេរិក ដូច​ជា​ក្រុមហ៊ុន GAP, Levistrauss និង OLANAVY ដែល​ជា​អ្នក​ទទួល​ទិញ​ពី​រោងចក្រ​តៃណាន។
ដំណោះ​ស្រាយ​ដែល​កម្មករ​រោងចក្រ​តៃណាន​ចង់​បាន​នោះ​រួម​មាន ១.សុំ​ឲ្យ​ភាគី​និយោជក​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ស្តីពី​ការងារ ​លើ​៥​ចំណុច (១៧០​ដុល្លារ​ម្នាក់​ក្នុង​មួយ​ឆ្នាំ)។ ២.សុំ​ឲ្យ​នយោជក​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច​ចំនួន​១៣៥​ដុល្លារ​ ម្នាក់​ក្នុង​មួយ​ឆ្នាំ៕free press

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons