Wednesday, July 4, 2012

ជន​អនាថា​ម្នាក់ ត្រូវ​​គេ​​វាយ​​នឹង​​ដុំ​ថ្ម​​ស្លាប់ យ៉ាង​អាណោច​អាធ័ម


ថ្ងៃទី​ 04 ខែកក្កដា ឆ្នាំ2012, ម៉ោង 03:05 PM ជូលី
1

រាជធានី​ភ្នំពេញៈ បុរស​ចំណាស់ជា​ជនអនាថា​ មិ​ន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​ជន​អន្ធពាល​ ប្រើ​ដុំ​ថ្ម​វាយ សម្លាប់ នៅ​ក្នុង​ឃ្លាំង​រថយន្ត​មួយ ដែល​គេ​ទុក​ចោល​ជា​ច្រើន​ខែ​មក​ហើយ នៅ​ក្រុម​៦ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ​តាម​បណ្តោយ​ផ្លូវ​២០០៤ ។
ជនអនាថាម្នាក់នេះ ត្រូវបានអ្នក​ជិតខាងឃើញដេកស្លាប់ នៅវេលា​ម៉ោង៦ ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១២ ។
នៅនឹងកន្លែងកើតហេតុ តាមការឲ្យ​ដឹងពីបុរសឈ្មោះលឹម ម៉េង អាយុ​២៥ ឆ្នាំ ជាជាងជួសជុល ម៉ាស៊ីន​ត្រជាក់ មានទីលំនៅក្បែរ​កន្លែង​កើត​ហេតុ ហើយជាអ្នកដែលបាន​ឃើញ​ជនរងគ្រោះ ដេកស្លាប់មុនដំបូងគេ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែកក្កដានេះ គាត់បានយកខោអាវទៅហាល នៅក្រោយឃ្លាំងរថយន្តខាងលើ ក៏​ប្រទះឃើញសាសពជនរង គ្រោះ​ដេកស្លាប់ ដោយរុំក្រណាត់ជិតមុខ ហើយក៏ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ចភ្លាម ៗផងដែរ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខ និងប៉ូលិសបច្ចេកទេសរាជធានីភ្នំពេញ​ បានចុះធ្វើកោសល្យ​វិច័យ​លើ​សាកសព រកឃើញថា សាកសពជនរងគ្រោះ​ត្រូវ​គេ​វាយបែក ក្រអូមមាត់ខាងក្រោម រយះក្រោមភ្នែកខាងស្តាំ និងស្នាមជាំប្រមាណ១៥ សង្ទីម៉ែត្រ នៅក្រោមទ្រូងខាងឆ្វេង ។ ហើយចំពោះសាកសព នៅពេលសមត្ថកិច្ច​ប៉ះ​ពាល់ ​ក៏បានហូរឈាមចេញ​ពីមាត់ថែមទៀត។ នៅក្បែរសាកសពសមត្ថកិច្ច បានរកឃើញដុំឥដ្ឋចំនួន៤ ដុំថែមទៀត។ ឃើញបែបនេះ សមត្ថកិច្ច​បានសន្និដ្ឋាន​ជាជំហាន​ដំបូង​ថា សាក​សព​ជនរងគ្រោះ ត្រូវបានជនអន្ធពាលវាយ សម្លាប់​នឹងដុំឥដ្ឋនេះតែម្តង។​
ចំពោះរឿងវាយសម្លាប់ជនអនាថានេះ សមត្ថកិច្ចអាសន្និដ្ឋានបានថា ប្រហែលជាជនអនាថានេះ បានចូលទៅក្នុងដីឡូត៍គេនៅក្បែរនេះ ហើយត្រូវបានគេវាយ រួចរត់មកដល់​ចំណុច​ឃ្លាំង​ខាងលើ បន្ទាប់មក​ត្រូវបានគេចាប់វាយសម្លាប់ថែមទៀត នៅក្នុងឃ្លាំងនេះតែម្តង។
ចំណែកឯប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ២០០៤ ក៏បានឲ្យដឹងដែរថា ជនអនាថាខាងលើនេះ ធ្លាប់ដើរត្រាច់ចរនៅលើផ្លូវ២០០៤ ​រហូតទៅដល់ផ្សារហ្សេនជូរីផ្លាហ្សា ខណ្ឌ​ពោធិ៍សែនជ័យថែមទៀត ហើយក៏មានប្រជាពលរដ្ឋខ្លះ មានការអាណិតអាសូរ តែងតែផ្លល់ចំណីអាហារឲ្យហូប​ជា​ហូរ​ហែរ​។ ពួកគាត់បញ្ជាក់ថា ជនអនាថានេះ មានអត្តចរិត​ស្លូតបូត មិនដែលចេះរករឿងអ្នកដទៃនោះទេ មិនគួរណា ត្រូវជនឥន្ធពាលធ្វើបាប ដូចនេះសោះ៕Agkor thom

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons