Thursday, June 7, 2012

រាជ​វាំង​មិន​ទទួល​យក​ញតិ្ត​អ្នក​បឹង​កក់


Wednesday, 06 June 2012
ឃុត សុ​ភចរិយា
(ភ្នំពេញ ប៉ុស្តិ៍)
កូន​ៗ​អ្នក​បឹង​កក់​ដែល​ម្តាយ​​ជាប់​ឃុំ​បាន​​ស្រែក​យំ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ តែ​បាន​ផល​អវិជ្ជមាន​។ ចរិយា
កូន ៗ អ្នក បឹង កក់ ដែល ម្តាយ ជាប់ ឃុំ បាន ស្រែក យំ សុំ អន្តរាគមន៍ ពី ព្រះ មហាក្សត្រ តែ បាន ផល អវិជ្ជមាន ។ ចរិយា
ភ្នំពេញៈ ពល​រដ្ឋ​ក្នុង​សហ​គមន៍​បឹង​កក់​ប្រមាណ​ជា ៥០ នាក់ កាល​ពី​ម្សិល​មិញ បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​គ្មាន​មន្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង​ណា​ម្នាក់​ចេញ​មក​ទទួល​យក​ញត្តិ ​របស់​ពួក​គេ ដែល​គ្រោង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ ព្រះ​បាទ សម្តេច​ព្រះ​បរម​នាថ នរោ​ត្ដម សីហ​មុនី ទូល​សូម​ឲ្យ​ព្រះ​អង្គ ជួយ​អន្តរា​គមន៍​ដោះ​លែង​ឪពុក​ម្តាយ និង​អ្នក​ភូមិ​ដែល​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ។
បន្ទាប់​ពី​ត្រឡប់​ពី​សាក​សួរ​ព័ត៌​មាន​នៅ​រដ្ឋសភា អំពី​សំណើ​ពួក​គេ ដែល​បាន​ដាក់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ស្នើ​សុំ​សភា​អន្ត​រាគមន៍​ទៅ​ប្រមុខ​រដ្ឋា​ភិបាល​ឲ្យ​ជំរុញ​ទៅ​អាជ្ញាធរ​រាជ ​ធានី​ឲ្យ​ពន្លឿន​ការ​កំណត់​ព្រំ​ប្រទល់​ដី ១២,៤៤ ហិក​តា ឲ្យ​ច្បាស់​ដើម្បី​ជា​មូល​ដ្ឋាន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ ក្នុង​តំបន់​បឹង​កក់​នោះ ក្រុម​អ្នក​ភូមិ​បឹង​កក់​ដែល​មាន​ក្មេង​ៗ​កូន​អ្នក​ជាប់​ឃុំ​ផង​នោះ បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​នៅ​លើ​សួន​ច្បារ​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​ដាក់​ញត្តិ ថ្វាយ​ព្រះ​មហា​ក្សត្រ។ ប៉ុន្តែ គ្មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ណា​ម្នាក់​ចេញ​មក​ទទួល​ញតិ្ត ពី​ពួក​គេ​ឡើយ បើ​ទោះ​ជា​មាន​កុមារា កុមារី ដែល​ជា​កូន​ៗ​អ្នក​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​ព្រៃ​ស ស្រែក​យំ​សំពះ​អង្វរ​យ៉ាង​ទ្រហឹង​អឺង​កង​ក៏​ដោយ។
ក្រុម​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​ដូន​ពេញ បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​ទាំង​នេះ​រំសាយ​ការ​ប្រមូល​ផ្ដុំ​ចេញ​ពី​ទី​នោះ ដោយ​អនុ​ញ្ញាត​ឲ្យ​តំណាង​ពួក​គេ​៥​នាក់​យក​ញត្តិ​ទៅ​ដាក់។
លោក លឹម ហុង អធិការង​នគរ​បាល​ខណ្ឌ​ដូន​ពេញ បាន​ថ្លែង​ថា ៖ «ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ទុក​តំណាង​ប្រាំ​នាក់​នៅ​ទី​នេះ ដើម្បី​ដាក់​ញត្តិ​នោះ ក្រៅ​ពី​នេះ​សុំ​ធ្វើ​ការ​រំសាយ ហើយ​ខ្ញុំ​សុំ​ធានា​ថា​នឹង​ជូន​តំណាង​ទៅ​ដាក់​ញត្តិ»។
អ្នកស្រី យោម បុប្ផា តំណាង​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​និយាយ​ថា​៖«​ខ្ញុំ​សុំ​ឲ្យ​អ្នក​ភូមិ​ដែល​ មក​គាំទ្រ​ការ​ដាក់​ញត្តិ​នៅ​រង់​ចាំ ហើយ​ខ្ញុំ​ប្រាំ​នាក់​នឹង​តាម​លោក​ចូល​ទៅ​ដាក់​ញត្តិ»​។ តែ​យ៉ាង​ណា​ការ​ចរចា​នោះ​មិន​បាន​សម្រេច​ឡើយ ដោយ​អាជ្ញាធរ​មិន​យល់​ព្រម​តាម​ពលរដ្ឋ ហើយ​ពល​រដ្ឋ​ក៏​មិន​ជឿ​ជាក់​លើ​សមត្ថ​កិច្ច។
ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល ដែល​ឃ្លាំ​មើល​ពី​បញ្ហា​នេះ​យល់​ថា កាល​ដែល​គ្មាន​មន្ត្រី​ព្រះ​បរមរាជ​វាំង ចេញ​មក​ទទួល​ញត្តិ​ពី​អ្នក​ភូមិ​បឹង​កក់ អាច​មក​ពី​គេ​ជាប់​រវល់​កិច្ច​ការ​ច្រើន ឬ​មួយ​ជា​ចេតនា​មិន​ចង់​អើពើ​ចំពោះ​សុខ​ទុក្ខ​របស់​អ្នក​ភូមិ​ទាំង​នេះ។
លោក ណើប លី ប្រធាន​កម្ម​វិធី​ពង្រឹង​អំណាច​សហ​គមន៍​នៃ​ក្រុម ការ​ងារ​ពិសេស​សិទ្ធិ​លំ​នៅ​ដ្ឋាន និយាយ​ថា៖​«យើង​ពិត​ជា​អាណិត​អាសូរ​ពល​រដ្ឋ​ទាំង​នេះ ពួក​គេ​អស់​ជម្រើស​ទើប​មក​រក​ការ​ជួយ​អន្តរា​គមន៍​ពី​ព្រះ​មហា​ក្សត្រ តែ គ្មាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ណា​ចេញ​មក​ទទួល​ញត្តិ​ពួកគេ​ទេ»។
កាល​ពី​ម្សិល​មិញ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ខុទ្ទ​កាល័យ​ព្រះ​បរម​រាជ​ វាំង​បាន​ទេ។ ក្រុម​អ្នក​ភូមិ​បាន​រំសាយ​ចេញ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​នៅ​ម៉ោង​១១៖៤៥​ នាទី​ព្រឹក ហើយ​ពួក​គេ​អះ​អាង​ថា នឹង​លើក​គ្នា​វិល​ត្រឡប់​មក​ដាក់​ញត្តិ​ថ្វាយ​ដល់​ព្រះ​មហា​ក្សត្រ​ឲ្យ​ខាង​ តែ​បាន​នៅ​ថ្ងៃ​ក្រោយ​ទៀត៕
—————————————————————————————————————-


 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons