Thursday, June 7, 2012

លោក រ៉ុង ឈុន ស្នើសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដោះលែង​តំណាង​អ្នក​បឹងកក់​ទាំង ១៥​នាក់


ថ្ងៃទី 7 មិថុនា 2012
ដោយ: លីនណា
CEN
កូនៗតំណាងអ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារ (រូបថតនាពេលកន្លងមក)
កូនៗតំណាងអ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារ (រូបថតនាពេលកន្លងមក)
ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ បានទូល​ថ្វាយ​សារលិខិត​ដល់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ស្នើសុំ​ព្រះរាជអន្តរាគមន៍ ដោះលែង​តំណាង​អ្នក​បឹងកក់​ទាំង​១៥​នាក់ និង​ដាក់វិន័យ​ចៅក្រម និង​ព្រះរាជអាជ្ញា​។​
Give our kids a better deal
កូនៗតំណាងអ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារ (រូបថតនាពេលកន្លងមក)
លិខិត​លោក រ៉ុង ឈុន ទូលថ្វាយ​ព្រះមហាក្សត្រ បាន​លើកឡើងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹងកក់​ទាំង​៧​ភូមិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ចំនួន​ជិត​៨០០​គ្រួសារ បាន​ទទួលរង​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុមហ៊ុន​ស៊ូ​កា​កូ​អ៊ី​ន បូម​ខ្សាច់​ពន្លិច និង​វាយ​ផ្ទះសម្បែង​របស់​ពួកគាត់ ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​គ្មាន​ដោះស្រាយ និង​ផ្ដល់​សំណង​ជូន​ពួកគាត់​សមរម្យ​ឡើយ​។​
Give our kids a better deal
កូនៗតំណាងអ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារ (រូបថតនាពេលកន្លងមក)
លោក រ៉ុង ឈុន បន្តថា ចំពោះ​ការបាត់បង់​ផ្ទះ និង​ដីធ្លី​នេះ ប្រជាពលរដ្ឋ​បឹងកក់​បានធ្វើ​ការទាមទា​រ ម្ដង​ហើយ​ម្ដងទៀត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​យុត្តិធម៌​សម្រាប់​ពួកគាត់ ប៉ុន្តែ​ការប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ របស់​ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ​សហការ​ណ៍​ជាមួយ​ក្រុមហ៊ុន ប​ង្គ្រា​ប​ដោយ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​បឹងកក់​។​
​លោក រ៉ុង ឈុន បាន​បញ្ជាក់ថា “​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់​តំណាង​អ្នក​បឹងកក់​ចំនួន​១៣​នាក់ ខណៈ​ពួកគាត់​កំពុង​ធ្វើ​សន្និសីទកាសែត ស្ដីពី​ការសាងសង់​ផ្ទះ​មាន​ចំនួន​១៨​គ្រួសារ​ឡើងវិញ ដោយ​គ្មាន​ដីកា​ពី​តុលាការ ជាការ​រំលោភច្បាប់ និង​សិទ្ធិមនុស្ស​។ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​យ៉ាង​តក់ក្រហល់ ដោយ​កាត់សេចក្ដី​ដាក់ទោស​តំណាង​ពលរដ្ឋ​ទាំង​១៣​នាក់ រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី ហើយ​រងគ្រោះ​ថែម​មួយទៀត ឱ្យ​ជាប់គុក​មាន​រយៈពេល​២​ឆ្នាំ និង​៦​ខែ ប៉ុន្តែ​ការអនុវត្ត​ពេល​១​ឆ្នាំ មាន​១​នាក់ ២​ឆ្នាំមាន​៥​នាក់ និង​២​ឆ្នាំ ៦​ខែ​មាន​៧​នាក់ ដោយ​ការ​កាត់សេចក្ដី​របស់​តុលាការក្រុង​ភ្នំពេញ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​”​។​
​លោក រ៉ុង ឈុន បានបញ្ជាក់​ទៀតថា “​ប្រព័ន្ធតុលាការ មិនបាន​អនុត្ត​ន៍​អំណាច​ខ្លួន​ឱ្យ​ស្របតាម​មាត្រា​១២៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែងថា អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ និង​ត្រូវ​ធានា​រក្សា​អនាគត និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​។ ការយក​ប្រព័ន្ធតុលាការ ទៅ​បម្រើ​ផលប្រយោជន៍​អ្នកមានអំណាច និង​អ្នកមាន​លុយ ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​”​។​
​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សូម​ព្រះមហាក្សត្រ​ធ្វើ​ព្រះ​តំរិះ ចំពោះ​ការ​កាត់សេចក្ដី​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​ដាក់ទោស​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​សកម្មភាព​ទាមទារ​ស្របច្បាប់ រក​យុត្តិធម៌​ពី​ក្រុមហ៊ុន​រំលោភ​យក​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគាត់ ហើយ​សូមឱ្យ​ព្រះអង្គ​ដាក់វិន័យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត ដែល​ប្រើប្រាស់​អំណាច ដាក់ទោស​ប្រជាពលរដ្ឋ​ដោយ​អយុត្តិធម៌​។ ទង្វើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ប្រព័ន្ធតុលាការ​មិន​គោរព​ច្បាប់ នាំឱ្យ​កុមារា​កុមារី​បែក​ពី​ម្ដាយ គ្មាន​ផ្ទះសម្បែង​ជ្រកកោន និង​បាត់បង់​ការសិក្សា ជា​រឿង​អាម៉ាស់​សម្រាប់​ប្រទេស​កម្ពុជា​។
​នៅ​ចុងបញ្ចប់​នៃ​លិខិត លោក រ៉ុង ឈុន បាន​សង្ឃឹមថា ព្រះអង្គ​នឹងធ្វើ​ព្រះរាជអន្តរាគមន៍​ដោះលែង តំណាង​អ្នក​បឹងកក់​ទាំង​១៥​នាក់​ឱ្យមាន​សេរីភាព និង​ដាក់វិន័យ​លើ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​រំលោភច្បាប់​៕​

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons