ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2012, ម៉ោង 02:47 AM ហេង សុខា

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ មិថុនា នៅបន្ទប់ជួលម្តុំលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
កម្មការិនីរូបនោះមានឈ្មោះ ហួន ណាក់ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រះស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់មិត្តភក្តិថា ខឹងម្តាយវាយ២អំបោស ទើបគេលេបថ្នាំសម្លាប់ខ្លួនបែបនេះ ។
បើតាមសម្តីរបស់ស្ត្រីជាម្តាយបានឲ្យដឹងថា កូនស្រីរបស់គាត់ ចាប់តាំងពីមកធ្វើការរោងចក្រនៅក្រុងភ្នំពេញ មិនដែលត្រឡប់ទៅលេងផ្ទះនៅស្រុកកំណើតទេ សូម្បីពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏មិនទៅលេងផ្ទះដែរ ។ ដោយសារតែមិនឃើញកូនត្រឡប់ទៅផ្ទះសោះ ទើបនៅថ្ងៃកើតហេតុគាត់សុខចិត្តជិះតាក់ស៊ីមកហៅកូនឲ្យត្រឡប់ទៅផ្ទះវិញ តែនាងនៅតែមិនព្រមទៅវិញទេ ពេលនោះ គាត់បានស្តីបន្ទោសថាឲ្យ កូនស្រីក៏រត់ទៅនៅជាមួយមិត្តភក្កិបាត់ ។
ប្រភពព័ត៌មានបន្តទៀតថា រហូតដល់ម៉ោងខាងលើ ទើបដឹងថា នាងលេបថ្នាំងងុយដេកអស់១០គ្រាប់សម្លាប់ខ្លួន ត្រូវមិត្តភក្កិដឹកតាមរ៉ឺម៉កម៉ូតូយកទៅ សង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ឲ្យគ្រូពេទ្យលាងក្រពះបានរួចផុតពីសេចក្តីស្លាប់ហើយ ៕អង្គរធំ

