Thursday, June 7, 2012

ដូនចាស់វ័យ ១១១ ឆ្នាំ សុំឱ្យសប្បុរសជន ជួយឧបត្ថម្ភជីវិតចុងក្រោយ


Wednesday, 06 June 2012 13:26
វាពិតជាកម្រនឹងបានឃើញ ណាស់នាពេលបច្ចុប្បន្ននេះ អ្នកដែលមានអាយុកាលវែង រហូត ១០០ ឆ្នាំ ឬ ក៏ជាង មួយសតវត្សរ៍ មានអ្នកខ្លះរស់ ត្រឹមតែ ៨០ ឬ ៩០ ឆ្នាំ ប៉ុន្តែដូន ចាស់ម្នាក់នេះមានអាយុដល់ទៅ ១១១ ឆ្នាំហើយ នៅមានកម្លាំង កំហែងដើរបានធម្មតា មិនវង្វេងវង្វាន់ ត្រចៀកអាចស្តាប់បាន ភ្នែកនៅភ្លឺអាចដេរខោអាវឱ្យចៅ ចៅ ទួត-លួត-លា បានទៀត ។


      ជារៀងរាល់ព្រឹកល្ងាចគេតែងសង្កេតឃើញដូនចាស់ម្នាក់នេះដើរគើមៗតត្រុក ដៃ ម្ខាងកាន់ឈើច្រត់ ដៃម្ខាង ទៀតទ្រចង្កា ពេលខ្លះឃើញអង្គុយបុកស្លាអង្កុកៗនៅ ក្រោមសំយាបប្រក់ស្លឹកត្នោតដែលកូនចៅសង់ឱ្យ ស្ថិតក្នុងភូមិព្រៃតាលាភ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ស្បែកជ្រីវជ្រួញធ្លាក់យុរយារ បែកប្រជ្រុយពេញខ្លួន ដូនចាស់បានយកដៃទ្រចង្កា ងើបមកវាចាប្រាប់អ្នកយកព័ត៌មានយើងទាំងសម្តីមួយៗពីប្រវត្តិរបស់គាត់ឱ្យដឹងថា ដូនចាស់មាន ឈ្មោះ ស្វាយ ញ្ញឹម អាយុ ១១១ ឆ្នាំ កើតក្នុងឆ្នាំ ១៩០១ មានស្រុកកំណើតក្នុងភូមិឃុំនេះ ។ ដូនចាស់ជាកូនច្បងក្នុងចំណោមបងប្អូន ៧ នាក់ (ស្រី ៣ នាក់ ប្រុស ៤  នាក់) មានឪពុកឈ្មោះ តា វាល ម្តាយឈ្មោះ ញ្ញ៉ឹប ស្លាប់ចោលតាំងពីគាត់នៅតូច ។ ដោយរស់នៅជាកូនកំព្រា ដូនចាស់ មិនបានសិក្សារៀនសូត្រអ្វីជ្រៅជ្រះនឹងគេទេ លុះធំចូលដល់វ័យ ២០ ឆ្នាំ គាត់ត្រូវបានបងប្អូន មីងមារៀបចំ ឱ្យមានគូស្រករ ។ ជីវិតប្តីប្រពន្ធគាត់ថ្វីដ្បិតតែមានជីវភាពក្រីក្រក៏ពិតមែន ប៉ុន្តែមាន សុភមង្គលណាស់ ដោយប្រកបមុខរបរ ធ្វើស្រែចម្ការ ។ ចំណងអាពាហ៍ពិពាហ៍របស់គាត់បាន បន្សល់ទុកកូន ៤ នាក់ (ស្រី ៣ នាក់ ប្រុសម្នាក់) ។ អនិច្ចាណាស់ ប្តីរបស់គាត់បានស្លាប់បាត់បង់ ជីវិតចោលគាត់ និង កូនៗទាំងបួននាក់ឱ្យក្លាយជាក្មេងកំព្រាឪពុក គាត់ធ្លាក់ខ្លួនជាស្រីមេម៉ាយ ប្រឹងរកស៊ីចិញ្ចឹមកូនៗ ។ មិនត្រឹមតែប៉ុណ្ណោះបងប្អូនរបស់គាត់ក៏បានស្លាប់ចោលគាត់ម្តងម្នាក់ៗ រហូតដល់អស់រលីង ។

      ដូនចាស់បង្អង់បន្តិចហើយបន្តថា តាំងពីប្តី ស្លាប់ចោលទៅ បន្ទុកគ្រួសារទាំងមូលធ្លាក់មកលើ គាត់ទាំងស្រុង ក្នុងការទំនុបបម្រុងកូនចៅ ។ ជីវិត គាត់ចាប់ផ្តើមលំបាកកាន់តែខ្លាំង ធ្វើស្រែភ្ជួររាស់ លើកភ្លឺស្រែដោយខ្លួនឯង ជាមួយកូនៗ ។ ចំណែកឯ កូនស្រីដែលអង្គុយក្បែរដូនចាស់ គ្រាន់តែឮម្តាយ និយាយដល់ត្រង់នេះ ទឹកភ្នែកមិនដឹងជាមកពីណា ទេ ហូរធ្លាក់មកស្រោកៗអាណិតជីវិតម្តាយដែល កម្សត់ ។

      “ចៅអើយ ! តាំងពីប្តីស្លាប់ទៅ ជីវិតវេទនា  ណាស់ តែចេះតែប្រឹងក្រាញននៀលទាំងឈឺទាំងជា ធ្វើយ៉ាងណា ចិញ្ចឹមកូនៗរហូតបានធំគ្រប់ៗគ្នា...”។

      ស្បែកធ្លាក់យារ សរសៃឡើងរវាមពេញដៃ នៅមុខចង្កៀងប្រេងកាត និង ប្រអប់ស្លាម្លូ ដូន ចាស់បានយកដៃ ទ្រចង្កាហើយបន្តទាំងការងឿងឆ្ងល់ ថា ចុះហេតុអីបានជាគាត់អាយុវែងម៉្លេះ ? បើបង ប្អូនគេទៅចោលអស់ហើយ ! ម៉្យាងគាត់ក៏មិន មែនជាអ្នកស្រណុកហូកចុកឆ្ងាញ់អីដែរ ។ ទន្ទឹម នឹងនោះដូនចាស់ក៏បានបញ្ជាក់ប្រាប់ផងដែរថា គាត់បាន យល់សប្តិជាញយៗ ចូលដល់ឆ្នាំនេះ ឃើញយន្តហោះហោះមកផ្ទះរបស់គាត់ ហើយអ្នក នៅក្នុងនោះគេបានស្រែកបបួលគាត់ទៅជាមួយគេ ប៉ុន្តែគាត់ឆ្លើយប្រាប់ថាទៅមុនចុះមិនទាន់ទៅទេ ព្រោះនៅអាល័យកូនចៅ គេក៏វិលទៅវិញបាត់ទៅ ។

      អង្គុយជាមួយម្តាយនោះគឺអ៊ំស្រី អាន សារឿន អាយុ ៦៦ ឆ្នាំ ជាកូនស្រីពៅជាអ្នកមើលថែគាត់ផ្ទាល់ បានប្រាប់ឱ្យដឹងថា ម្តាយរបស់គាត់ចូលដល់ឆ្នាំ រោងនេះរាងទ្រុឌទ្រោមបន្តិច ប៉ុន្តែនៅដើរទៅ បុណ្យបានដីជាងមួយគីឡូម៉ែត្រ តែកូនចៅត្រូវដើរ តាមក្រោយជាមួយគាត់រហូត ហើយនៅផ្ទះវិញគឺ គាត់ដើរចុះដើរឡើងនៅមុខផ្ទះទៅមកៗដូចហាត់ ប្រាណ អ៊ីចឹង ដើម្បីកុំឱ្យស្ពឹកសរសៃ ពេលខ្លះឃើញ ខោអាវចៅៗរហែកគាត់យកមកដេរឱ្យទៀត ។ មិនថាអ្នកជិត ឬ អ្នកឆ្ងាយទេ ឱ្យតែឃើញម្តាយ គាត់គេតែងពោលសរសើរថា បើបានអាយុវែង ហើយនៅរឹងមាំដូចគាត់មិនដឹងជាសប្បាយចិត្តប៉ុន ណាទេ ធ្វើអ្វីមិនកើតយ៉ាងហោចណាស់ក៏បាននៅ មើលមុខកូនចៅដែរ ។

      សម្លឹងមុខម្តាយហើយបន្តថា ម្តាយរបស់គាត់ តាំងពីក្មេងគឺហូបតែបន្លែ សាច់ត្រី និង សាច់ជ្រូក ត្រីងៀត ចំណែកឯ សាច់ផ្សេងៗគាត់មិនហូបទេ ដូចជាសាច់មាន់ ទា គោ ក្របី... ហើយគាត់មាន សុខភាពល្អណាស់មិនដែល ឃើញម្តាយឈឺធ្ងន់ ឬ ប្រើថ្នាំពេទ្យមួយគ្រាប់ទេ សូម្បីតែខ្យល់មួយឆ្នាំ ទល់មួយឆ្នាំមិនដែលកោសម្តងឡើយ ! តែសព្វថ្ងៃ គាត់ចេះតែរាកម្តងម្កាល ។ ចំណែកឯការហូបចុក ប្រចាំថ្ងៃវិញហូបបានតែជាមួយសាច់ត្រី និង ត្រី ងៀត តែពេលខ្លះគាត់រកមិនបាន ព្រោះគាត់មាន ជីវភាពទន់ខ្សោយនោះ គាត់ចេះតែស្លនេះស្លនោះ ឱ្យហូបអ៊ីចឹងទៅ ថ្ងៃណាមានប្រាក់ទើបទិញត្រី ងៀតឱ្យគាត់ហូប... ។

      ក្នុងអាយុកាលជាងមួយសតវត្សរ៍នេះ ដូន ចាស់ និង កូនពៅ បានអង្គុយលើកដៃសំពះអំពាវ-នាវសប្បុរស ជននានាទាំងក្នុង និង ក្រៅស្រុក សុំ ឱ្យជួយគាត់ផង ដូចជាអង្ករ ត្រីងៀត ជាពិសេស ថវិកាទុកសម្រាប់ធ្វើបុណ្យគាត់ពេលគាត់ស្លាប់ ៕  Written by ភ្នំពេញដេលីញូវ   
      

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons