ដោយ ពិន ស៊ីសុវណ្ណ
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន
ចំនួនដំរីព្រៃនៅកម្ពុជាក៏ដូចជានៅប្រទេស អាស៊ីអគ្នេយ៍ផ្សេងទៀតបានធ្លាក់ចុះខ្លាំងច្រើនទសវត្សរ៍ថ្មីៗនេះ។ ពីមុន ការប្រមាញ់ជាសត្រូវរបស់ដំរី ហើយឥឡូវនេះការបំផ្លាញជម្រកដំរីគឺជាសត្រូវទី២។
ចំនួនដំរីរស់នៅក្នុងព្រៃប្រទេសកម្ពុជាបាន ធ្លាក់ចុះពីប្រហែល២ពាន់ក្បាលក្នុងឆ្នាំ១៩៩៥ មកសល់មិនដល់៤០០ក្បាលទេបច្ចុប្បន្ននេះ។ បញ្ហានេះមិនមែនមានតែនៅកម្ពុជាទេគឺមាននៅមានទូទាំងអាស៊ី ដែលសល់ដំរីតែ៤ម៉ឺនក្បាលប៉ុណ្ណោះ។
អង្គការអភិរក្សធម្មជាតិ International Union for Conversation of Natureចាត់ទុកថា ដំរីអាស៊ីរងគ្រោះជិតដាច់ពូជ ហើយចំនួនដំរីធ្លាក់ចុះជាង៥០%បីជំនាន់កន្លងមកនេះ។ ពីមុនការប្រមាញ់បានសម្លាប់ដំរីច្រើនបំផុត តែឥឡូវការបំផ្លាញជំម្រកដំរីនិងជម្លោះរវាងមនុស្សនិងដំរីបាន គម្រាមផ្តាច់ពូជដំរី។
លោក Nick Marx ប្រធានកម្មវិធីអភិរក្សដំរីនៅសួនសត្វភ្នំតាម៉ៅ។ គាត់ជាអ្នកអភិរក្សសត្វ។
គាត់និយាយថា៖
«ដំរីជាសត្វអស្ចារ្យ ឆ្លាត។ វារស់នៅជាសហគមន៍ ជាគ្រួសារ។ ដីរីចេះយំ ចេះកើតទុក្ខ ពេលបាត់បង់គ្នីគ្នា ជាទីស្រឡាញ់របស់វា។ យើងមិនត្រូវគិតថា មនុស្សជាសត្វលោកតែមួយគត់ត្រូវរស់នៅក្នុងពិភពលោកនេះទេ។ បើគ្មានដំរី ខ្លា និងសត្វផ្សេងទេ នោះពិភពលោកនេះជាកន្លែងមិនល្អ។ ខ្ញុំគិតថា គ្រប់ៗគ្នាគិតដូច្នេះ»។
ដោយសារអស់ជម្រក ដំរីត្រូវមកស៊ីដំណាំ។ ដូច្នេះជម្លោះមនុស្សនឹងដំរីកើតមានឡើង ដែលនាំឲ្យមានការសម្លាប់ដំរី។
លោកនៀង ធីជាអ្នកគ្រប់គ្រងកម្មវិធីអភិរក្សដំរីនៃអង្គការFauna & Flora អន្តរជាតិនៅភ្នំពេញ។
គាត់និយាយថា៖
«ជម្លោះមនុស្សនិងដំរីកើតមានច្រើន ដោយសារមនុស្សច្រើនទៅរស់នៅជិតព្រៃ។ គេដាំដំណាំ ធ្វើកសិកម្មនៅជិតជាយព្រៃ តំបន់ដំរីរស់នៅ។ ដូច្នេះ ដំរីមកស៊ីដំណាំ ហើយទំនាស់មនុស្ស និងដំរីកើតឡើង។ បើមិនដោះស្រាយបញ្ហានេះទេ នោះអ្នកភូមិនឹងសម្លាប់ដំរី»។
ជម្រកដំរីជាច្រើនត្រូវបាត់បង់ដោយសារក្រុមហ៊ុន អភិវឌ្ឍន៍និងការកាប់ឈើខុសច្បាប់ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងៗ។ ដូច្នេះទំនាស់មនុស្សនិងដំរីមិនអាចចៀសរួចទេ។
ដំរីបំផ្លាញដំណាំ ផ្ទះសម្បែង និងសម្លាប់មនុស្ស ពេលវាត្រូវគំរាមកំហែង។ ដូច្នេះ មនុស្សយើងសម្លាប់ដំរី ដែលបំផ្លាញដំណាំ។
Nick Marx និយាយថា៖
«តាមពិត មនុស្សបង្កជម្លោះ ដោយចូលក្នុងព្រៃបំផ្លាញជម្រកដំរី ធ្វើឲ្យដំរីគ្មានកន្លែងរស់ ហើយទំនាស់ក៏កើនឡើង។ បើមិនរកដំណោះស្រាយទេ ជាលទ្ធផលគឺដំរីនឹងត្រូវមនុស្សចាប់ឬសម្លាប់។ យើងត្រូវចាប់សង្គ្រោះដំរី ដែលអាចរងគ្រោះដោយសារស្ថានការណ៍នេះ។ នេះជាវិធានការអវិជ្ជមាន តែជាការចំបាច់ដើម្បីកុំឲ្យគេសម្លាប់វា»។
សួនសត្វភ្នំតាម៉ៅសង្គ្រោះដំរី៥ក្បាលពីជម្លោះរវាងមនុស្សនឹងដំរី។
ដំរីនេះឈ្មោះឈូក។វាអាយុ៦ឆ្នាំ។ គេចាប់វា ព្រោះវាអាចមានប្រទុសរាយជាមួយមនុស្ស។ ដូច្នេះមន្ត្រីត្រូវចាប់វាទុកដើម្បីសង្គ្រោះ។ ឈូកពិការជើង ដោយសារជាប់អន្ទាក់។ ឥឡូវវាអាចដើរបានដោយសារជើងសិប្បនិមិត្ត។
Marx និយាយថា ដំរីនៅកម្ពុជា និងនៅប្រទេសអាស៊ីអាគ្នេយ៍អាចគង់វង្សបានអាស្រ័យលើវិធានការរបស់ រដ្ឋាភិបាលក្នុងការការពារជម្រកវា។
«អនាគតរបស់ដំរីនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍កំពុងនៅក្នុងដំណាក់កាលចាំបាច់។ ខ្ញុំមើលឃើញថា បើមនុស្សមានឆន្ទៈអភិរក្សព្រៃ និងដំរី នោះដំរីអាចរស់បាន។ បើរដ្ឋាភិបាលមិនមានឆន្ទៈនេះទេ ដំរីមិនអាចរស់បានទេ»។
ដោយសារចំនួនមនុស្សកើនឡើង ហើយព្រៃហិនហោចទៅៗ ដូច្នេះចំនួនដំរីព្រៃនឹងបន្តធ្លាក់ចុះ មិនអាចទប់ស្កាត់បាន៕
ដោយសារចំនួនមនុស្សច្រើនឡើងៗ ហើយព្រៃហិនហោចទៅៗ ហេតុនេះចំនួនដំរីព្រៃនឹងបន្តធ្លាក់ចុះ បើមិនមានការទប់ស្កាត់។