Monday, May 14, 2012

ឃាត់ខ្លួនបុរសកំហូចបីនាក់ពីបទយកព្រះពុទ្ធសាសនាធ្វើអាជីវកម្ម


         ដោយ៖អ៊ិនសាមិត្តថ្ងៃទី១៥ខែឧសភាឆ្នាំ២០១២
         ប៉ោយប៉ែត៖បច្ចុប្បន្នមាន ជនខិលខូចមួយចំនួនកំពុងតែធ្វើអាជីវកម្មល្មើសនិងច្បាប់  ដើម្បីរកប្រាក់ដាក់ហោប៉ៅខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯង  ទោះជាស្ថិតវិធីណាក៏ដោយ។ជាក់ស្ដែងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ភ្លាមៗ នៅនឹងកន្លែងខណះដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយខិតប័ណ្ណរ៉ៃអង្គាសប្រាក់ក្លែងក្លាយបោកប្រាស់ប្រជាពលរដ្ឋ  ថាយកទៅកសាងសាលាឆាន់មួយកន្លែង ស្ថិតនៅក្នុងភូមិរលួស ឃុំគារពី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
         លោកហមម៉ុតមេបញ្ជាការប៉េអឹមក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ប្រជាពលរដ្ឋមករាយការណ៍ថាមានមនុស្សបីនាក់ដើររ៉ៃអង្គាសប្រាក់គ្មានច្បាប់ត្រឹមត្រូវដោយពួកគេនិយាយថាយកបច្ច័យទៅកសាងសាលាឆាន់ នៅភូមិរលួស ស្រុកមោងឫស្សី ខេត្តបាត់ដំបង  នេះជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកព្រះពុទ្ធសាសនា។
          ក្រោយពីទទួលសេចក្ដីរាយការណ៍ភ្លាម កំលាំងសមត្ថកិច្ចប៉េអឹមបានអញ្ជើញជនទាំងបី  មកសួរនាំខណះដែលពួកគេកំពុងដើររ៉ៃអង្គាស ដល់ចំនុចផ្លូវរថភ្លើង ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតវេលាម៉ោង៩៣០នាទីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១២។
       ជនសង្ស័យទាំងបីនាក់ដែលត្រូវឃាត់ខ្លួន៖១-ឈ្មោះ ឈុន អឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ២-ឈ្មោះ ចូវ សៀង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរត់ម៉ូតូឌុប៣-ឈ្មោះ យស សុវណ្ណ ភេទប្រុសអាយុ៥៥ឆ្នាំ អ្នកទាំងបីរស់នៅក្នុង ភូមិរលួសឃុំគារពី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
          នៅចំពោះមុខសមត្ថកិច្ចជនទាំងបីបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត អំពើឆបោក ប្រជាពលរដ្ឋពិតប្រាកដមែន ដោយប្រើវិធីចែក ប្រូក្រាមរ៉ៃអង្គាសប្រាក់ ព្រោះជាមុខរបរ ងាយស្រួលរកលុយណាស់ដើម្បីចិញ្ចឹមគ្រួសារ ពួកគេបន្តថាទើបតែមករ៉ៃអង្គាស នៅក្រុងប៉ោយប៉ែតបានបីថ្ងៃប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
           យោងតាមចំលើយសារភាពនិងវត្ថុតាង កំលាំងសមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែត  បានកសាងសំនុំរឿងបញ្ជូនទៅកាន់ ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons