| Written by ភ្នំពេញដេលីញូវ |
| Friday, 04 May 2012 00:12 |
ជាការពិតណាស់មនុស្សយើង កើតមករមែងមានវាសនា ខុសៗគ្នា ទៅតាមអំណាច នៃផល កម្មរៀងៗខ្លួនពីអតីតជាតិ ដែលបានកសាងទុក មក ។ អ្នកចូលដល់វ័យចាស់បាន រស់នៅស្រួល ដេកស្រួល ហូប ឆ្ងាញ់ ឆ្អែតគ្រប់ៗពេល ដោយសារតែមានការជួយទំនុកបម្រុងពីកូន ចៅ (តបគុណ) ប៉ុន្តែសម្រាប់ដូន ចាស់ម្នាក់នេះវិញ ផ្ទុយស្រឡះពី ចាស់ៗដទៃទៀតជារៀងរាល់ថ្ងៃ គេតែងតែឮសូរសំឡេងថ្ងួចថ្ងូរហ៊ឹះៗ ដោយសារតែការឈឺចុកចាប់ និង ការស្រេកឃ្លានចេញពីខ្ទមកម្សត់ ដំបូលបែកបាក់ធ្លុះធ្លាយមួយ ដែល អ្នកស្រុកសង់ជាខ្ទមឱ្យស្នាក់នៅលើ ដីរបស់អ្នកភូមិ ដោយសារតែភាព ក្រីក្រ និង គ្មានគូគាប់ កូនចៅមួយ គ្រាប់ក៏គ្មានដែរ... ។ ជារៀងរាល់ថ្ងៃ យូរៗម្តងគេតែងឮ សំឡេងថ្ងួចថ្ងូរល្វើយៗថា“ឃ្លានណាស់ៗ”ចេញពីខ្ទមកម្សត់ដែល មានដូនចាស់ជរាទុគ៌តម្នាក់កំពុង តែរំកិលអាត្មាចុះឡើងៗរង់ចាំអ្នកស្រុកហុចបាយហុចទឹក បើគ្មានទេគឺដេកអត់ទាំង ស្រេកឃ្លាន ។ ដូនចាស់អភ័ព្វរកកូនចៅសាច់ញ្ញាតិមួយ គ្រាប់គ្មាននឹងគេដែលបានបន្លឺសំឡេងគ្រលួច ស្តាប់ ឮហើយគួរឱ្យ សង្វេគនេះឈ្មោះ ពៅ យ៉ុន អាយុ ៨២ ឆ្នាំ កំពុងតែរស់រង់ចាំការសន្តោសពីអ្នកស្រុក ភូមិក៏ដូចជាសប្បុរសជន ដើម្បីបានហូបឆ្អែតឆ្ងាញ់ មួយពេលៗនៃជីវិតចុងក្រោយនេះ រស់នៅក្នុងភូមិ ស្រីអោ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។ រូបរាងកាយស្គមកំព្រឹងញេរពេញដោយក្តី ស្រេកឃ្លាន ដូនចាស់រូបនេះបានរំកិលអាត្មាមក ជិតអ្នកយកព័ត៌មានយើង ហើយប្រឹងបញ្ចេញ សំឡេងញ្ញ័រៗរៀបរាប់ឱ្យដឹងពីឆាកជីវិតថា “ចៅ អើយ ! ខ្ញុំរស់នៅវេទនាណាស់ ខ្វិនដើរទៅណា មិនរួចអស់រយៈពេល ៥ ឆ្នាំមកហើយ ។ កាលពី នៅដើរបានចេះតែប្រឹងដើរស៊ីឈ្នួលគេសព្វបែបយ៉ាង និង ដើរបេះស្លឹកបាស រាវខ្យង ខ្ចៅ ទូលដើរ លក់ឱ្យអ្នកភូមិ តែពេលនេះត្រូវដេកនៅរំកិលអាត្មា ក្នុងខ្ទមកម្សត់ ជញ្ជាំងបាំងស្លឹកដូងធ្លុះធ្លាយ ដំបូល ប្រក់មេឃ ហើយខ្ទមនេះអ្នកភូមិអាណិតសង់ឱ្យ នៅទម្រាំដល់ថ្ងៃចុងក្រោយ” ។ ដូនចាស់បង្ហូរទឹក ភ្នែក ជាមួយនឹងសម្លៀកបំពាក់រហែកថា “ខ្ញុំមាន បងប្អូនប្រាំបួននាក់ ប៉ុន្តែពួកគេបានស្លាប់ចោល អស់ហើយកាលពីជំនាន់ ប៉ុល ពត ក្រោយមកខ្ញុំក៏ មានប្តីសីដែរ ហើយបង្កើតបានកូនបួននាក់ (ស្រី ២ ប្រុស ២) ប៉ុន្តែអកុសលកម្មក្រាស់របស់ខ្ញុំ កូនៗ ត្រូវស្លាប់អស់រលីងទៀត ។ ដូច្នេះហើយបានជាខ្ញុំ ត្រូវរស់នៅក្នុងស្ថានភាពស្ទើររស់ស្ទើរស្លាប់ដោយក្តីស្រេកឃ្លានបែបនេះ ។ ប្រសិនបើបងប្អូនកូនចៅ នៅប្រហែលជាមិនដល់ថ្នាក់នេះទេ ។ តាំងពីចាប់ផ្តើមខ្វិនដើរទៅណាមកណា មិនរួច ខ្ញុំត្រូវរំកិលអាត្មានៅក្នុងខ្ទមកម្សត់នេះ រហូត រកតែអំបិល ប្រហុក អង្ករច្រកឆ្នាំងមួយ គ្រាប់គ្មានផង សព្វថ្ងៃរស់បានដោយអ្នកភូមិជាអ្នក ដាក់ទាន ។ គេឱ្យអីហូបហ្នឹងទៅ បើអត់ស៊ូទ្រាំ ដេកទាំងក្តីស្រេកឃ្លាន ធ្វើយ៉ាងម៉េចបើផលកម្ម ខ្ញុំយ៉ាងនេះនោះ ។ រាល់ថ្ងៃខ្ញុំពុំដែលបានហូបឆ្អែតឆ្ងាញ់ម្តងណា ទេ កុំថាឡើយត្រីសាច់សូម្បីតែដុំអំបិលក៏គ្មានផង ។ កុំថា ឡើយដល់តែហូបឆ្ងាញ់ នៅជីវិតចុងក្រោយ នេះឱ្យតែបានហូបឆ្អែតជាមួយអំបិល ប្រហុកនោះ វាប្រសើរណាស់ទៅហើយ ។ ខ្ញុំចេះតែអង្គុយ ស្រមើស្រមៃថា“បើបានត្រីសាច់ហូបឆ្អែតឆ្ងាញ់មួយ ពេល”មិនដឹងថាត្រេកអរយ៉ាងណាទេ ។ សូម្បី តែការឈឺចាប់រាល់ថ្ងៃប្រចាំកាយនេះរកថ្នាំសង្កូវ លេបគ្មានផង ចេះតែស៊ូទ្រាំទាំងក្តីឈឺចាប់ រង់ចាំ ដល់ថ្ងៃណាក៏ថ្ងៃហ្នឹងទៅ” ។ តាមការមើលឃើញពីស្ថានភាពជាក់ស្តែង និង ស្តាប់ការរៀបរាប់របស់ដូនចាស់នេះសង្វេគ ណាស់ សូម្បីតែទឹកលុបមុខ ៣-៤ ថ្ងៃទើបបានម្តង ព្រោះទៅណាមកណាមិនរួចរង់ចាំតែអ្នកនៅក្បែរ ជាអ្នកផ្តល់ឱ្យ ។ ដូនចាស់បង្ហូរទឹកភ្នែកបញ្ជាក់ ប្រាប់ថា នេះហើយកម្មពៀរ បើគ្មានកូនមួយគ្រាប់ តើឱ្យសង្ឃឹមអ្នកណា ? នេះបានអ្នកស្រុកជួយ បើ អត់ទៀតជីវិតដូនចាស់ទៅជាយ៉ាងណានោះទេ ។ ជួបជាមួយលោកតា សុខ ជា អ្នករស់នៅ ក្បែរធ្លាប់ហុចបាយហុចទឹកបានប្រាប់អ្នកយកព័ត៌-មានយើងឱ្យដឹងថា “ដូនចាស់ម្នាក់នេះពិតជារស់ នៅវេទនាខ្លាំងណាស់ សព្វថ្ងៃកុំតែបានអ្នកស្រុក ហុចបាយហុចទឹកព្រឹក ល្ងាចនោះកុំអីស្លាប់ដោយក្តីស្រេកឃ្លានបាត់យូរហើយ ព្រោះម្នាក់ៗយល់ ថាចេះតែជួយចិញ្ចឹមទៅម៉ែគេម៉ែយើង ។ សព្វ ថ្ងៃគាត់ហូបបានណាស់ ប៉ុន្តែពុំមានអីហូបគ្រប់ គ្រាន់ ពេលខ្លះគាត់ឃ្លានពេកក៏ស្រែកថា “ឃ្លាន ណាស់ !ៗ” គេឮគេចេះតែហុចនេះហុចនោះ ញយៗដែរ” ។ គាត់បន្តថា “នៅពេលអ្នកភូមិមិននៅចេញ ក្រៅធ្វើការងាររកស៊ី គេតែងតែដួសទឹក បាយ តាមដែលគេមាន ទុកឱ្យក្បែរខ្លួន បើគេរវល់ខ្លាំង គាត់អត់បាយដែរទៅ ។ ជីវិតដូនចាស់ម្នាក់នេះ មិនខុសពីក្បូនក្នុងមហាសាគរឡើយ រកមុខ ក្រោយ មិនឃើញទេ រស់រង់ចាំតែក្តីស្លាប់ដោយក្តីស្រេក ឃ្លាន” ។ ជាចុងក្រោយដូនចាស់សុំអង្វរលើកដៃសំពះដល់សប្បុរុសជននានាមេត្តាជួយគាត់ឱ្យបានហូប ឆ្អែត ឆ្ងាញ់មួយពេលផង និង សម្លៀកបំពាក់ថ្មី នៅគ្រាចុងក្រោយផង ៕ |

