អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជានៅថ្ងៃសៅរ៍នេះ បានធ្វើការច្រានចោលចំពោះការថ្លែងរបស់អ្នកនាំពាក្យក្រសួង ការបរទេសថៃ គឺលោក ថានី ថោងភក្តី តាមរយៈកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២ ដែលចោទថា «កម្ពុជាបន្តការប្រឹងប្រែងដាក់គ្រាប់មីននៅតាមព្រំដែន ថៃ-កម្ពុជា»។
តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងថា នៅជុំវិញពិភពលោក អ្នកណាក៏ដឹងដែរថា អតីតសមរភូមិនៅកម្ពុជា ជាពិសេសតាមព្រំដែនកម្ពុជា-ថៃ មានពោរពេញទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន ដែលត្រូវបានដាក់បង្កប់ដោយពួកខ្មែរក្រហមក្នុងអំឡុងសង្រ្គាមអស់ រយៈកាលជិត៣ទសវត្សរ៍។ ដោយបន្តថា តំបន់ជិតប្រាសាទព្រះវិហារដែលទាហានថៃបានធ្វើឲ្យផ្ទុះមីនមួយ គ្រាប់នោះ កន្លងមកគឺជាសមរភូមិ និងជាទីជម្រករបស់កម្លាំងខ្មែរក្រហម ដែលពិតជាបានដាក់បង្កប់គ្រាប់មីនជាច្រើនដើម្បីការពារទីតាំងរបស់ គេក្នុងអំឡុងពេលសង្រ្គាម។
សេចក្តីថ្លែងការណ៍បានបន្ត ទៀតថា វាជារឿងគួរឲ្យសោកសៅ និងរំជួលចិត្តខ្លាំងណាស់ ដែលកម្ពុជាត្រូវទទួលរងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ ខណៈដែលការផ្ទុះគ្រាប់មីនជាបញ្ហានៅកើតមានជារឿយៗ សូម្បីតែនៅកន្លែងដែលប្រជាជនបានទៅតាំងទីលំនៅ និងបង្កបង្កើនផលរាប់ឆ្នាំមកហើយក្រោយពីចប់សង្រ្គាម ក៏នៅមានគ្រាប់មីនផ្ទុះដែរ។
ជាមួយគ្នា កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងមិនធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានជាបន្តទៀតទេ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ចំណងទំនាក់ទំនងកាន់តែប្រសើររវាង ប្រទេសទាំងពីរនេះ៕


