ថ្ងៃទី 03 ខែឧសភា ឆ្នាំ2012, ម៉ោង 09:10 AM ហេង សុខា

ហេតុការណ៌នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ថៃ្ងទី០២ ឧសភា នៅបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្រ្តីខឹងប្តីគិតខ្លីលេបថ្នាំធ្វើអត្តឃាត មានឈ្មោះ ឃិន ស៊ីណូយ អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីបុរសជាប្តីបានបង្ហើបឲ្យដឹងថា កាលពីថ្ងៃ គាត់បានស្តីបន្ទោសប្រពន្ធ តែមិនបញ្ជាក់ថាបន្ឬោសពីរឿងអីទេលុះដល់យប់ ស្រាប់តែប្រពន្ធចូលទៅ សម្ងំក្នុងបន្ទប់លេបថ្នាំជាតិដែកអស់១០គ្រាប់ មិនមាននរណាម្នាក់ដឹងទេ ។
បុរសជាប្តីបានបន្តទៀតថា បានជាមានថ្នាំជាតិដែកនៅនឹងផ្ទះ ដោយសារថាស្រ្តីជាប្រពន្ធមានផ្ទៃពោះ៤ខែ នោះ បានទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ គ្រូពេទ្យឲ្យថ្នាំជាតិដែកយកទុកលេបប្រចាំថ្ងៃ ។ ពេលដែលប្រពន្ធលេបថ្នាំអស់ចំនួន១០ គ្រាប់ហើយ ក៏បានសម្ងំដេក រហូតថ្នាំប្រតិកម្មធ្វើទុក្ខ នាងមិនបានដាស់ប្តីទេ ដោយសារតែខឹងប្តី សុខចិត្តដើរទាំងត្រដាបត្រដួស ទៅគោះទ្វារបន្ទប់អ្នកនៅជិតបន្ទប់ឲ្យជួយផង ដោយប្រាប់ថានាងលេបថ្នាំជាតិដែកអស់១០គ្រាប់ រួចហើយបានក្អួតចង្អោរនៅមុខបន្ទប់នោះ ។
ពេលដឹងរឿងហើយ អ្នកស្នាក់នៅបន្ទប់ជិតគ្នានោះ បានដាស់បុរសជាប្តីហៅរ៉ឺម៉កម៉ូតូដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ។ មកដល់មន្ទីរពេទ្យគ្រូពេទ្យ បានលាងក្រពះបានធូរស្រាល ហើយបុរសជាប្តីបានដឹកប្រពន្ធត្រឡប់ទៅកន្លែងស្នាក់នៅវិញ៕

