តុលាការខេត្ត កោះកុងត្រូវបានគេរាយការណ៏ឲ្យដឹងថា គ្រោងធ្វើការកោះហៅអ្នកកាសែតពីរនាក់ដែលមានវត្តមានអំឡុងការ បាញ់ប្រហារលោក ឈុត វុទ្ធី សកម្មជនព្រៃឈើ ដើម្បីធ្វើការសាកសួរនាថ្ងៃទី១៧ឧសភា ខាងមុខនេះ ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្ត កោះកុងបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកាលពី ថ្ងៃច័ន្ទម្សិលមិញថា តាមដែលគាត់ដឹង ស្រ្តីពីអង្គភាពសារព័ត៌មាន ឌឹឃេមបូឌាដេលី ពីរនាក់គឺ ផន បុប្ផា និង អូលីសា ប៉្លុកហីល ( Olesia Plokhil ) នឹងត្រូវតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺ នាថ្ងៃទី១៧ ឧសភា ពាក់ព័ន្ធការស្លាប់របស់លោក ឈុត វុទ្ធី និង មន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ិន រតនា ។
ក្រុមអ្នកស៊ើបអង្កេត ករណីឃាតកម្មនេះរបស់រដ្ឋាភិបាល បានបង្ហាញលទ្ធផលស៊ើបអង្កេតរយៈពេលខ្លីមួយរបស់ខ្លួន កាលពីចុងសប្ដាហ៏កន្លងទៅដោយថាលោក ឈុត វុទ្ធី ត្រូវបានលោក អ៊ិន រតនា បាញ់សម្លាប់ ហើយក្រោយមកលោក អ៊ិន រតនា ក៏ត្រូវគ្រាប់កាំភ្លើងស្លាប់ដោយការរាលកៃ អំឡុងការប្រតាយដណ្ដើមកាំភ្លើងគ្នា ជាមួយសន្តិសុខម្នាក់របស់ក្រុមហ៊ុន ។ សន្តិសុខរូបនោះក្រោយមកត្រូវបានឃាត់ខ្លួន ហើយតុលាការបានចោទប្រកាន់ពីបទមនុស្សឃាដដោយអចេតនា ។ ប៉ុន្តែយ៉ាង ណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិល និង ក្រុមគ្រួសារ ជនរងគ្រោះទាំងពីរ បានច្រានចោលលទ្ធផលស៊ើបអង្កេតនេះ ដោយថា ធ្វើឡើងដើម្បីល្អមើល និង បិទបាំងការពិត ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេត របស់ អង្គការសិទ្ធិមនុស្សអាដហុកបានអត្ថាធិប្បាយថា អ្វីដែលតុលាការធ្វើ គឺគ្រាន់តែជាការចង់បញ្ជាក់ថា គេបានប្រឹងប្រែងដែរ ចំពោះរឿងនេះតែប៉ុណ្ណោះ ” ទោះជាយ៉ាងណាក៏ដោយយើងមិនជឿតុលាការ និង គណៈកម្មាធិការស៊ើបអង្កេតចម្រុះនេះទេ ។ពួកគេមិនអាចផ្ដល់នូវយុត្តិធម៌បានទេ បើពួកគេមិនអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួម ធ្វើការស៊ើបអង្កេត លើករណីនេះ.. ” ៕អត្ថបទសាព័ត៌មានសេរី


