ដោយ ៖ ស្អាង ជ័យ ថ្ងៃទី 03 ឧសភា 2012ម៉ោង 10:50:35
ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់មានប្រពន្ធនិងកូន៤នាក់ទៅហើយបានដាច់ចិត្ត ចងកធ្វើអត្តឃាត នៅលើផ្ទះ ដោយយកខ្សែនីឡុងចងភ្ជាប់ជាមួយធ្នឹមផ្ទះ ហើយត្រូវបានស្ត្រីជាប្រពន្ធប្រទះឃើញធ្វើឲ្យមានការភ្ញាក់ផ្អើល ឆោឡោឡើងដឹងដល់ប្រជាពលរដ្ឋជិតខាងកាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីបុរសរងគ្រោះត្រឡប់មកពីពិនិត្យសុខភាពនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ហើយត្រូវបានគ្រូពេទ្យបញ្ជាក់ថាមានជំងឺច្រើនមុខនៅក្នុងខ្លួន ព្យាបាលអស់លុយច្រើន នេះបើតាមការអះអាងរបស់ស្ត្រីជាប្រពន្ធប្រាប់សមត្ថកិច្ច។បុរសដែលចងកធ្វើអត្តឃាត ឈ្មោះ នូវ យ៉ុត អាយុ៤៩ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។
ស្ត្រីឈ្មោះ ផៃ ថុន អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធបុរសរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលដែល ចុះទៅពិនិត្យនៅកន្លែងកើតហេតុថា កន្លងមកប្តីរបស់គាត់តែងតែមានអាការៈមិនស្រូលខ្លួនចេះតែឈឺនេះ ឈឺនោះមិនស្រាក់ស្រានទេ ទើបនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ គាត់បានប្រមូលលុយកាក់បានមួយចំនួន នាំប្តីជិះម៉ូតូឌុបទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកន្លែងដែលមា នទីតាំងនៅគីឡូម៉ែត្រលេខ៧ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីជាប្រពន្ធបានបន្តថា ក្រោយពីពិនិត្យសុខភាពរួចក្រុមគ្រូពេទ្យបានប្រាប់ថា ប្តីរបស់គាត់មានជំងឺច្រើនមុខណាស់នៅក្នុងខ្លួនដូចជា ជំងឺថ្លើម លើសឈាម ខ្លាញ់រុំសរសៃឈាម ក្រពះ ពោះវៀនជាដើម ហើយគ្រូពេទ្យក៏បានជូនថ្នាំគ្រាប់ទុកសម្រាប់លេបផងដែរ។ ស្ត្រីខាងលើបានបញ្ជាក់ថា ក្នុងការពិនិត្យនិងថ្លៃទិញថ្នាំអស់ប្រាក់ចំនួន៤០០ដុល្លារ ហើយគ្រូពេទ្យបានប្រាប់ថា ពេលលេបថ្នាំអស់ មកពិនិត្យ និងទិញថ្នាំម្តងទៀត ទើបជាសះស្បើយពីជំងឺ ហើយខ្លួនក៏បាននាំប្តីមកផ្ទះវិញ។
ស្ត្រី ផៃ ថុន បានបន្តទៀតថា ពេលមកដល់ផ្ទះខ្លួនបានចេញទៅជួយពិធីមង្គលការកូនអ្នកស្រុកនៅ ក្បែរផ្ទះ។ លុះដល់វេលាម៉ោងកើតហេតុ ខ្លួនបានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្តីស្លាប់បាត់ទៅហើយ ។
លោកអ៊ុត ភិរុណ នាយផ្នែកនគរបាលបច្ចេកវិទ្យាសាស្ត្រនៃអធិការដ្ឋាននគរបាលស្រុកស្អាង ដែលបានចុះទៅធ្វើកោសល្យវិច័យសពបានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដ មែន ហើយមិនមែនជាករណីឃាតកម្មសម្លាប់អ្វីឡើយ។ ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


