Saturday, May 19, 2012

កម្ពុជា ត្រៀម​បញ្ជូន​ក្រុម​ចាប់​ជំរិត​ចិន​៤៩ នាក់ ទៅ​តៃវ៉ាន់​វិញ

ថ្ងៃទី​ 19 ខែឧសភា ឆ្នាំ2012, ម៉ោង 02:03 PM ភួន
1

ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ​បាន នឹង​កំពុង​រៀប​ចំ ត្រៀម​បញ្ជូន​ជន​ជាតិ​ចិន កោះ​តៃវ៉ាន់ ទាំង​៤៩នាក់ ទៅ​ឱ្យ​រដ្ឋា​ភិបាលកោះ​តៃវ៉ាន់​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បង្ក្រាប និង​ចាប់​ខ្លួន ពី​សំណាក់​កម្លាំង​នគរ​បាល​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ និង​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១២ ។
នៅរសៀលថ្ងៃទី១៩ ខែឧសភានេះ លោក​ឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំ​ពាក្យអគ្គស្នងការនគរបាលជាតិ បាន​ថ្លែង​ឱ្យដឹងថា ជនជាតិចិនកោះតៃវ៉ាន់ ទាំង​៤៩​នាក់ ក្នុងនោះស្ដ្រី៦នាក់ នឹងត្រូវ បញ្ជូន​ទៅកាន់​កោះតៃវ៉ាន់វិញ នាពេល​ឆាប់ៗ​ខាង​មុខនេះ តែលោកមិនទាន់​បានបញ្ជាក់​កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ។
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាក់ថា ជនជាតិចិនកោះតៃវ៉ាន់ ទាំងនោះបាន ធ្វើសកម្មភាព ជំរិត​ទារ​លុយពីជនជាតិចិននៅក្រៅប្រទេសតាមប្រព័ន្ធបច្ចេកវិទ្យា ហើយ ត្រូវបានកម្លាំងនគរបាលរបស់ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ហើយឈានទៅរកការចាប់ខ្លួនបានជាបន្ដបន្ទាប់ កាលពីរសៀលម្សិលមិញ ។
ប្រតិបត្ដិការចាប់ជនជាតិចិនកោះតៃវ៉ាន់ នេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកឃើញថា ពួកគេ​ទាំង​នេះ បានចូល មកប្រទេសកម្ពុជាហើយបង្កើតជាក្រុមធ្វើសកម្មភាពជំរិតទារលុយពីបណ្ដាជនជាតិចិនផ្សេងទៀត ដែល​នៅក្រៅប្រទេស។
កាលពីខែកញ្ញាឆ្នាំ២០១១កម្លាំងសមត្ថកិច្ចក៏បានបង្ក្រាប និងចាប់ខ្លួនជនជាតិចិនកោះតៃវ៉ាន់ ដែលជាបក្ខពួក របស់ក្រុម​នេះម្ដងរួចហើយ ប្រមាណជិត២០០នាក់ ហើយក៏បានបញ្ជូនទៅឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់ផងដែរ ៕អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons