Sunday, May 20, 2012

មន្រ្តីប៉េអឹម៣រូប ត្រូវ​កោះហៅជាសាក្សី​ក្នុង​រឿង​បាញ់​​សម្លាប់​លោក ឈុត វុទ្ធី

ថ្ងៃទី​ 21 ខែឧសភា ឆ្នាំ2012, ម៉ោង 08:36 AM ph

   បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​សាក្សី​ជា​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី រួច​មក  នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ខាង​មុខ​នេះ តុលាការ​ខេត្ត​កោះកុងនឹងកោះហៅ​សាក្សី​ចំនួន​៣រូប​ទៀត​ឲ្យ​ចូល​មក​បំភ្លឺ​ ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។
  លោក អ៊ិន គង់ជិត មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​ថា សាក្សី​ទាំង​៣នាក់​ដែល​តុលាការ​កោះ​ហៅ​នោះ​គឺ​ ​ជា​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​ក្នុង​ពេល​ដែល​មាន​ការ​បាញ់ ​សម្លាប់
​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា មាន​ឈ្មោះ ពុំ រ៉ាវីន អាយុ​៣៧ឆ្នាំ , ប៊ូ អន អាយុ​២៨ឆ្នាំ និង​ ឯក សុអឿន អាយុ​២៨ឆ្នាំពួក​គេ។
   ក្រោយ​ការ​បាញ់​សម្លាប់​​រយៈ​ពេល​១សប្តាហ៍ តាមរបាយ​ការណ៍​ស៊ើប​អង្កេត​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ ​បាន​បង្ហាញ​ថា លោក ឈុត វុទ្ធី ត្រូវ​បាន​លោក អ៊ិន រតនា បាញ់​សម្លាប់ ហើយ​លោក អ៊ិន រតនា បាន​ត្រូវ​គ្រាប់​កាំភ្លើង​ដោយ​ចៃដន្យ នៅ​ពេល​ដែល​លោក រ៉ាន់ បូរ័ត្ន ដណ្ដើម​កាំភ្លើង​ពី​លោក អ៊ិន រតនា។
ប៉ុន្តែ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ផ្នែក​សិទ្ធិ​មនុស្ស និង​ព្រៃ​ឈើ បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ ដោយ​ថា របាយ​ការណ៍​នៅ​មាន​ចំណុច​មន្ទិល​សង្ស័យ​ជា​ច្រើន។     ​  ​   លោក ឈុត វុទ្ធី ​ប្រធាន​អង្គការ​ធនធាន​ធម្មជាតិ​ រួម​ជាមួយ​មន្រ្តី​កងរាជ​អាវុធ​ហត្ថម្នាក់​ទៀត​ឈ្មោះ អ៊ិន រតនា ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា នៅ​តំបន់​វាលបី ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង ខណៈ​ដែល​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​រូប​នោះ​រួម​ជាមួយ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប​ទៀត​ដើរ​ល្បាត​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ ហើយ​ក្រោយ​មក​បុរស​ម្នាក់​ឈ្មោះ រ៉ាន់ បូរ័ត្ន ត្រូវ​បាន​គេ​ចាប់​ខ្លួន ដោយ​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ក្នុង​ករណី​នេះដែរ៕អង្គរធំ

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons