Tuesday, May 15, 2012

ថ្ងៃ​សម្រាក​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ភ្ញៀវ​សម្រុក​ឡើង​កម្សាន្ដ​ភ្នំ​បូកគោ ជាង​បី​ម៉ឺន​នាក់​

ដោយ: ឌីណា
CEN
ភ្ញៀវទេសចរ កំពុង​កើនឡើង​យ៉ាងគំហុក ក្នុង​ទឹកដី​ខេត្ដ​កំពត ដែល​ទាមទារ​សេវាកម្ម​ល្អប្រសើរ​ជាង​សព្វថ្ងៃ​
ភ្ញៀវទេសចរ កំពុង កើនឡើង យ៉ាងគំហុក ក្នុង ទឹកដី ខេត្ដ កំពត ដែល ទាមទារ សេវាកម្ម ល្អប្រសើរ ជាង សព្វថ្ងៃ
កំពត: គិតតែ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាងបី​ម៉ឺន​នាក់ បាននាំគ្នា​ឡើងទៅ​កម្សាន្ដ​លើ​កំពូលភ្នំ​បូកគោ ក្នុង​ខេត្តកំពត​។ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។
​ប៉ុន្តែ​អ្វីដែល​ជាការ​សោកស្ដាយ​នោះ គឺ​សេវាកម្ម​ពាក់ព័ន្ធ​មួយចំនួន ស្ថិតក្នុង​ភាព​អន់​ខ្សោយ ពិសេស​ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​កំពុង​ខ្វះខាត គឺ​មិនមាន​គ្រប់គ្រាន់​សម្រាប់អ្នកទេសច​រ ដែល​កំពុង​កើនឡើង​យ៉ា​ងច្រើន​សន្ធឹកសន្ធាប់​នាពេល​នេះឡើយ​។​
Photo by CEN
អ្នកគ្រប់គ្រង​វិស័យ​ទេសចរណ៍​ទទួលស្គាល់​នូវ​អ្វីដែល​អវិជ្ជមាន ព្រោះ​ជា​រឿង​ថ្មី​ មិន​ធ្លាប់​នឹកស្មាន​ដល់ ហើយ​អំពាវនាវ​ចំពោះ​អ្នកមាន​អាជីព មាន​ជំនាញ និង​ទ្រព្យធន ជួយ​គិតគូរ​ពង្រីក​បន្ថែម​ទាំង​បរិមាណ និង​គុណភាព​លើ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ជា​អាទិភាព​។​
Photo by CEN
លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពត បាន​ឲ្យ​ដឹងថា បញ្ហា​កង្វះ​បន្ទប់​ស្នាក់នៅ និង​អាហារ​ដ្ឋា​ន ក្នុង​ក្រុង​កំពត កំពុង​កើតមាន ព្រោះតែ​រយៈពេល​ចុងក្រោយ​នេះ ភ្ញៀវ​បាន​សម្រុក​មកលេង​យ៉ាងគំហុក​។ នេះ​ជា​រឿង​ថ្មី​សន្លាង ដែល​ពីមុនមក​មិន​ធ្លាប់​ទទួលបាន​ភ្ញៀវ​ដ៏​ច្រើន​បែបនេះ​ទេ​។ ម្ល៉ោះហើយ​ ទាំង​សេវាកម្ម​ទទួលភ្ញៀវ​ ទាំង​បែបបទ​ផ្សេងៗ ពិតជា​ជួប​ការលំបាក ទោះបីជា​កន្លងមក​មន្ទី​រ​ជំនាញ​ធ្លា​ប់ណ្ដុះបណ្ដាល​លើ​ការងារ​នេះ​ជា​ រៀងរាល់ឆ្នាំ​ក្ដី ដោយសារ​អ្នក​ធ្លាប់​ទទួលបាន​ជំនាញ​ភាគច្រើន​ធ្វើ​បន្លាស់​ទី​។ ឯ​អ្នក​មក​ថ្មីក៏​មិនទាន់មាន​បទពិសោធន៍ ហើយ​រឿង​ដែល​សំខាន់គឺ​ការខ្វះខាត​តែម្ដង​។
Photo by CEN
ជាក់ស្ដែង​ក្នុង​ថ្ងៃ​ច​ម្រី​ន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ គិត​ត្រឹមតែ​រយៈពេល​ពីរថ្ងៃ​នេះ គឺ​ថ្ងៃទី​១៣ និង​ទី​១៤ ខែឧសភា ភ្ញៀវ​ចូលមក​កាន់​ខេត្ដ​កំពតមាន​ប្រមាណ​ជាង​បី​ម៉ឺន​នាក់​។ ក្នុងនោះ​ទី​ដែល​ទេសចរ​ចាប់អារម្មណ៍ គឺ​ភ្នំ​បូកគោ ដែល​ថ្ងៃ​ទីមួយ (១៣ ឧសភា​) មាន​រថយន្ដ​ចំនួន ៨១៦ គ្រឿង និង​ថ្ងៃទី​ពីរ​ចំនួន ២.៣៣៨ គ្រឿង បាន​ឡើងទៅ​កម្សាន្ដ​។
​សព្វថ្ងៃនេះ ដោយ​មិន​គិត​បញ្ចូល​សណ្ឋាគារ​ឋានសួគ៌​បូកគោ នៅ​ខេត្ដ​កំពត មាន​សណ្ឋាគារ​ប្រាំ ផ្ទះសំណាក់ ៥៦ រួមមាន ១.០៦០ បន្ទប់​។ តែ​ពីរ​យប់នោះ ភ្ញៀវ​ខ្វះ​កន្លែង​សម្រាក រហូត​អ្នកខ្លះ​វិលត្រឡប់​ទៅ​សម្រាក​នៅ​ខេត្ដ​តាកែវ និង​ខ្លះ​វិល​ទៅ​ភ្នំពេញ ទាំងយប់​។ រីឯ​កន្លែង​ទទួលទាន​អាហារ​វិញ​ក៏មាន​ការខ្វះខាត​ផងដែរ ដោយ​អ្នកខ្លះ​នាំគ្នា​ទៅ​ក្រាលកន្ទេលហូប​នៅតាម​ឆ្នេរ​ព្រែក ព្រោះតែ​រក​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​មិនបាន​។
​លោក​បាន​កោតសរសើរ​ដល់​ភ្ញៀវ​ផងដែរ​ថា ទោះជា​ពួកគាត់​បរិភោគ​ពាសវាល​ពាសកាល​មែន តែ​មិនបាន​រំខាន​ចំពោះ​បរិស្ថាន​ទេ ត្បិត​ពួកគាត់មានការ​ទទួលខុសត្រូវ​ខ្ពស់ ចេះ​វេច​ខ្ចប់​កាកសំណល់ និង​សំរាម​ផ្សេងៗបោះ​ចូល​ធុង ដែល​កាយវិការ​បែបនេះគួរឱ្យ​អ្នកដទៃ​បន្ដ​យក​គំរូ ដើម្បី​សោ​ភ័ណភាព អនាម័យ​ទីក្រុង​ទេសចរណ៍​ទាំងអស់គ្នា​។
​ជាមួយគ្នានេះ​ លោក សយ ស៊ី​ណុល បាន​អំពាវនាវ​ដល់​ម្ចាស់​ដីទាំងឡាយដែល​កំពុង​ទុក​ដី​នៅ​ទំនេរ​កណ្ដាល​ក្រុង គួរ​គិតគូរជួយ​ប្រែក្លាយ​ដី​ទាំងនោះ ឱ្យមាន​ប្រយោជន៍ ពិសេស​ពាក់ព័ន្ធ​នឹង​ការសង់​ជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​តាម​ស្ដង់ដារ​ដែល​ខេត្ដ​នេះ​កំពុង​ខ្វះខាត​។
​ដោយឡែក ​ប្រភពពី​អ្នកគ្រប់គ្រង​សណ្ឋាគារ​ឋានសួគ៌​បូកគោ បានឱ្យដឹងថា នាពេលនេះ សណ្ឋាគារ​មាន​បន្ទប់​ចំនួន ៤១៨ បើក​បម្រើ​ជូន​អតិថិជន ដោយ​បន្ទប់​ទាំងនោះ មាន​ពីរ​ប្រភេទ គឺ​តម្លៃ ៥០ ដុល្លារ និង ១០០ ដុល្លារ​៕ S

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons