ថ្ងៃ អាទិត្យ 13 ឧសភា 2012
ដោយ ប៉ែន បូណា
RFI
ថ្ងៃអាទិត្យនេះគឺជាថ្ងៃចម្រើនព្រះជន្ម ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា គម្រប់ ៥៩ ព្រះវស្សា និងយាងចូល ៦០ ព្រះវស្សា។ ក៏ដូចរៀងរាល់ឆ្នាំដែរ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវប្រារព្ធឡើងក្នុង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ខែឧសភាតទៅ។ រយៈពេលបីថ្ងៃនេះត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រី រាជការនិងអ្នកបម្រើការងារទាំងឡាយ។

ព្រះឆាយាលក្ខណ៍ របស់ ព្រះមហាក្សត្រ ត្រូវ បាន គេ ដាក់ តាំង ដើម្បី អបអរ បុណ្យ ចម្រើន ព្រះជន្មរបស់ ព្រះអង្គ (RFI/Channa Siv)
ក៏ដូចជារៀងរាល់ឆ្នាំដែរ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានប្រារព្ធធ្វើឡើងដោយ ស្ងៀមស្ងាត់ ដោយគ្មានពិធីអ្វីធំដុំទេ។ ពិធីនេះត្រូវបានគេប្រារព្ធតាមរយៈការដាក់តាំងលម្អព្រះឆាយាល័ក្ខណ៍ របស់ព្រះមហាក្សត្រនៅពីមុខព្រះបរមរាជវាំង ក្រសួងស្ថាប័ន និងទីសាធារណៈនានា។ នៅក្នុងព្រះបរមរាជវាំងក៏គ្មានការប្រារព្ធពិធីអ្វីធំដុំដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ប៉ុន្តែ មន្ត្រីនៃព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានឲ្យដឹងថា ព្រះមហាក្សត្រមិនដែលយកថ្ងៃចម្រើនព្រះជន្មព្រះអង្គទៅប្រារព្ធពិធី អ៊ឹកអធិកអ្វីឡើយ តែព្រះអង្គបានប្រើពេលវេលានេះ ដើម្បីស្តេចយាងចុះសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ជនក្រីក្រនៅតាមទីជនបទនានា។
គួរកត់សម្គាល់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានគេកត់សម្គាល់ តាមរយៈសារលិខិតថ្វាយព្រះពរពីសំណាក់ឥស្សរជនកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ លិខិតថ្វាយព្រះពរទាំងនោះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជាកាសែត វិទ្យុ និងជាពិសេសតាមកញ្ចក់ទូរទស្សន៍។ ចំណែកប្រជាពលរដ្ឋទូទៅ ក៏ដូចជាមន្ត្រីរាជការ បុគ្គលិក កម្មករផ្សេងៗដែរ បានយកពេលវេលាឈប់សម្រាកនេះដើម្បីធ្វើដំណើរកម្សាន្តទៅតាម បំណងរៀងៗខ្លួន។
ព្រះករុណាសម្តេចព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រកម្ពុជា កាលពីខែតុលាឆ្នាំ២០០៤ បន្ទាប់ពីព្រះរាជបិតារបស់ទ្រង់ គឺសម្តេចឳ នរោត្តម សីហនុ បានប្រកាសដាក់រាជសម្បត្តិ។ ក្រោយការឡើងគ្រងរាជសម្បត្តិ ព្រះអង្គតែងយាងចុះសួរសុខទុក្ខប្រជារាស្ត្រនៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស។ រយៈពេលបីថ្ងៃនេះ រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ជាងធម្មតា ពីព្រោះតែអ្នកទីក្រុងជាច្រើនបានចាកចេញទៅធ្វើដំណើរកម្សាន្តនៅតាម បណ្តាខេត្ត៕