ថ្ងៃទី 13 ខែឧសភា ឆ្នាំ2012, ម៉ោង 06:55 AM កែវ សុវណ្ណារិទ្ធ

ក្មេងប្រុស៣នាក់ ល្បីថា ជាស្វាចាប់ជាតិនេះ កូនច្បងឈ្មោះសុង សាង អាយុ១៧ឆ្នាំ កូនទី២ស្លាប់, កូនទី៣ ឈ្មោះសុង ស៊ីល អាយុ១១ឆ្នាំ កូនទី៤ ឈ្មោះសុង សីហា អាយុ៧ឆ្នាំ។ ពួកគេមានឪពុកឈ្មោះសុខ សុង អាយុ ៤១ឆ្នាំ ម្តាយឈ្មោះប៉ាត ម៉ុម អាយុ៣៨ឆ្នាំ រស់នៅភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ទាក់ទិនដល់លក្ខណៈមិនធម្មតារបស់កូនប្រុសទាំង៣នេះ លោកសុខ សុង ជាឪពុក បានរៀបរាប់ទាំង តូចចិត្តថា លោកមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ប៉ុន្តែ បានផ្លាស់មកនៅភូមិ-ឃុំដូចខាងលើ ព្រោះនៅឯស្រុក គ្មានដីធ្លីបង្កបង្កើនផល។ កាលនៅឯស្រុក បន្ទាប់ពីរៀបការរួចមក លោក និងប្រពន្ធតែងនាំគ្នាទៅរកកាប់អុស ឯភ្នំមកទុកដុត ដែលកាលនោះមិនទាន់មានកូនទេ។ ថ្ងៃមួយ ដោយអស់កម្លាំងពេក លោកក៏ប្រះដេកក្រោម ដើមពង្រ ដ៏ធំមួយទំហំ៣ឱប ស្រាប់តែយល់សប្តិឃើញ ស្វាត្រោសដ៏ធំ១ក្បាល ជាមេហ្វូង មកប្រាប់លោកថា ពូជពង្សស្វា ដែលរស់ក្នុងព្រៃសព្វថ្ងៃ កំពុងរស់ក្នុងការភ័យខ្លាច ព្រោះតែមនុស្សដាក់អន្ទាក់ ខ្លះបាញ់ប្រហារ ធ្វើម្ហូប។ ពេលនេះ រូបវាជាមេហ្វូងកាន់តែចាស់គ្មានធ្មេញទំពែផ្លឈើទៀតទេ នឹងត្រូវស្លាប់មិនខាន តែវា មិនចង់កើតជាស្វាទៀតទេ ខ្លាចមនុស្សបាញ់យកសាច់អាំង ក្លែមស្រា ហេតុនេះ សូមលោកអនុញ្ញាតឱ្យវានៅជាមួយ ផង។ ស្វាត្រោសចាស់នោះ បានទាំងយំអង្វរលោកគួរឱ្យ អាណិត ប៉ុន្តែ លោកប្រាប់វាវិញថា ចាំសួរប្រពន្ធសិន បើ ប្រពន្ធព្រមឱ្យនៅ លោកមិនឃាត់ទេ។ យល់សប្តិបានតែត្រឹមនេះ លោកក៏ភ្ញាក់ដឹងខ្លួនទៅ ខំងើយមើលដើមពង្រ តែ គ្មានឃើញស្វាមួយក្បាលសោះ។
លោកសុខ សុង បន្តទៀតថា ពេលនោះ លោកបានប្រាប់ ប្រពន្ធពីរឿងយល់សប្តិចម្លែកនេះ នាងក៏ឆ្លើយថា គួរឱ្យអាណិតណាស់ បើស្វាត្រោសនោះមាននិស្ស័យជាមួយពួកយើង គួរ យើងទទួលឱ្យវានៅជាមួយចុះ។ មិនយូរប៉ុន្មាន ស្រាប់តែប្រពន្ធ ចាប់ផ្តើមមានផ្ទៃពោះកូនដំបូង លុះគ្រប់ខែ ក៏ប្រសូតបានជាកូនប្រុសក្បាលពយ ជើងទាំង២ទន់រឡិករឡាក់ មានស្នាមដៅដូចគេ បាញ់ និងដុះរោមស្រមូវដូចស្វា ផ្អើលអ្នកជិតខាងមកចោមរោម មើលគ្រប់គ្នា។
លោកបានដាក់ឈ្មោះឱ្យកូនប្រុសនេះថា សុង សាង ឥឡូវគេមានអាយុ១៧ឆ្នាំ ពេញកំលោះហើយ ប៉ុន្តែ មិនចេះស្លៀកពាក់ ទេ ហើយបើចាប់ស្លៀកខោឱ្យ គេស្រាតចោលភ្លាម ទុកខ្លួនឱ្យនៅ ននលគក។ គេមិនចេះនិយាយទេ ចេះតែស្រែកចេចចាច! ដូចស្វា ដើរក៏មិនរួចបានតែវារជើង៤ រួចទៅបេះបោចស្លឹកឈើព្រៃស៊ី ជួនកាល ឡើងទៅបោចដំបូលស្បូវចោល ឬក៏ស៊ីបំផ្លាញ ដោយមានលក្ខណៈ រពឹសហួសហេតុ។
លោកសុខ សុង ឱ្យដឹងទៀតថា ក្រោយមក លោកយល់សប្តិឃើញ ស្វាមកសុំនៅជាមួយទៀត ដោយអះអាងថា មេហ្វូងរបស់វាមកចាប់ជាតិជាមនុស្សទៅហើយ វាត្រូវតែមកកើត បាននៅជាមួយគ្នា។ ភរិយា លោកក៏មានផ្ទៃពោះកូនទី២ និងកើតបានកូនប្រុសដូចស្វាទៀត ប៉ុន្តែ កូនប្រុសឈ្មោះសុខ សឿន អាយុបានតែ២ឆ្នាំ ក៏ឈឺស្លាប់ទៅ។ ប្តីប្រពន្ធលោកមិនដឹងជាមានកម្មពៀរអ្វី គឺបន្ទាប់ពីកូនទី២ ស្លាប់ទៅ លោកចេះ តែយល់សប្តិឃើញស្វាមកសុំនៅ រួចប្រពន្ធក៏មានផ្ទៃពោះ កើតបានកូនទី៣ ឈ្មោះសុង ស៊ីល សព្វថ្ងៃអាយុ ១១ឆ្នាំ និងកូនប្រុសទី៤ ឈ្មោះសុង សីហា អាយុ៧ឆ្នាំ សុទ្ធតែមានលក្ខណៈ ដូចស្វាទាំងអស់។ កូនទាំង៣នេះ ពិបាកឃ្វាលណាស់ ព្រោះឱ្យតែប្រហែស វាខាំគ្នាស្រែកចេចចាច! ដណ្តើម ស្លឹកឈើគ្នាស៊ី ឬឡើងទៅបោចដំបូល ស្បូវមកទំពាដូចជាឆ្ងាញ់ណាស់ ហើយបើមានកាកសំណល់អ្វីបោះចោល ពួកវាដណ្តើមគ្នាប្រញាយ ជួនប្រឡែងគ្នា បោចសក់គ្នា លុះឈឺ ក៏ខាំគ្នាដូចស្វា។
ដោយតូចចិត្តនឹងវាសនាអាក្រក់ បានកូនប្រុស៤ នាក់ដូចស្វាយ៉ាងនេះ លោក និងប្រពន្ធក៏ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ រួចបន់ស្រន់សុំឱ្យបាន កូនស្រីមួយ ដែលមានលក្ខណៈត្រឹមត្រូវ។ ទីបំផុតក៏បានកូនស្រីដូចបំណង ដោយដាក់ឈ្មោះថា សុង ស្រីម៉ុច សព្វថ្ងៃនាងមានអាយុ៤ឆ្នាំ ចេះជួយដួសបាយទឹក ចំណីចំណុកហុចឱ្យបងៗទាំង៣ ហើយ សង្ឃឹមថា នឹងបាន កូនស្រីម្នាក់នេះគ្រាន់ជាទីពឹងមិន ខានកាលបើលោក និងភរិយាចាស់ជរាទៅ។
ដោយឡែក អ្នកស្រីប៉ាត ម៉ុម អាយុ៣៨ឆ្នាំ ជាភរិយា បានឱ្យដឹងថា អ្នកស្រីនិងប្តី ពុំដឹងបានសាង បាបកម្មអ្វី បានជាបង្កើតកូនប្រុស៤នាក់ដូចស្វា ដែល សព្វថ្ងៃនៅសល់កូន៣នាក់ ពិបាកឃ្វាលណាស់។ សព្វថ្ងៃ ប្តីចេញទៅរកស៊ីម្នាក់ឯង រកកម្រៃទិញអង្ករច្រក ឆ្នាំង ដោយទុកអ្នកស្រីឱ្យនៅមើលកូនដ៏រពឹសទាំង៣ នេះ ព្រោះបើធ្វេសប្រហែស ច្បាស់ជាពួកវារត់ទៅលេង លើផ្លូវឡាន ម៉ូតូបុកស្លាប់មិនខាន។ បើអ្នកស្រីចង់ ចេញទៅរកម្ហូប ត្រូវចាប់កូនទាំង៣ នេះចងបំបែកពីគ្នា ព្រោះបើដាក់ជិតគ្នា វាខាំគ្នាដូចស្វាអ៊ីចឹង។ សព្វថ្ងៃ កូនច្បងអាយុ១៧ឆ្នាំហើយ ប៉ុន្តែ វាក្រិនដូចស្វា មិន ធំធាត់សោះ ព្រោះវាចូលចិត្តស៊ីស្លឹកឈើ បើមានបាយ ក៏ស៊ីដែរ តែមិនសូវត្រង់មាត់ទេ សូម្បីតែអ្នកយកព័ត៌មានសុំថត ក៏ពួកវាធ្វើភ្នែកភ្លឹះៗ ដោយការងឿង ឆ្ងល់ ហើយក៏មិនស្គាល់ម៉ាស៊ីនថតដែរ។
លោកខាន់ សារ៉ន អាយុ៥៥ឆ្នាំ, នាងផឹង ម៉ាន អាយុ៣៣ឆ្នាំ និងលោកពៅ វុន អាយុ៥០ឆ្នាំ ជា អ្នកជិតខាង បាននិយាយស្របគ្នាថា ពុំដឹងជាត្រូវ បណ្តាសាព្រហ្មលិខិត ឬយ៉ាងណាទេ បានជាគ្រួសារ អភ័ព្វនេះបង្កើតកូនប្រុស៤នាក់ដូចស្វា ប៉ុន្តែ ខូចកូន ១ទៅហើយ។ ពួកគេដាច់បាយជាហូរហែ ព្រោះបុរស ជាប្តី និងជាឪពុកដើរស៊ីឈ្នួលគេរកលុយទិញអង្ករច្រក ឆ្នាំង ឯប្រពន្ធគ្មានចេញទៅណារួចទេ រវល់នៅឃ្វាល កូនស្វាទាំង៣នេះ។ ពួកគាត់ឧស្សាហ៍ហុចអង្ករ បាយ សម្លជាហូរហែ ព្រោះពួកគេគ្មានដើមទុនអ្វីក្រៅពីកម្លាំង នោះឡើយ។ ពីមុន ពួកគេរស់នៅខេត្តកំពង់ឆ្នាំង លុះ ក្រពេក ក៏ផ្លាស់មកនៅមូលដ្ឋាននេះ ខ្ចីដីគេសង់ខ្ទម នៅរស់វេទនាណាស់។ ជួនកាល ឃើញនាងជាប្រពន្ធ អង្គុយយំ ព្រោះដាច់អង្ករ សូម្បីតែមុងភួយ ក៏គ្មាន ដែរ។ អាស្រ័យហេតុនេះ ពួកគាត់ក៏សូមអំពាវនាវ ដល់សប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយឧបត្ថម្ភដល់ជីវភាពពួកគេផង៕អត្ថបទអង្គរធំ

