ទំនប់វារីអគ្គិសនី សាយ៉ាប៊ូរីដ៏ចម្រូងចម្រាស់របស់ប្រទេសឡាវ ពេលនេះបានផ្អាកការសាងសង់ជាបណ្តោះអាសន្នហើយ។ ការផ្អាកនេះ គឺដោយសារតែមានការជំទាស់ពីប្រទេសជិតខាងដែលមានទន្លេមេគង្គ ឆ្លងកាត់។
វីឡាផន វិឡាវង្ស ប្រធានគណៈកម្មការអគ្គិសនី របស់ក្រសួងថាមពលឡាវ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា រដ្ឋាភិបាលខ្លួនបានផ្អាកការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីមួយ រយៈសិន។ ហើយពេលនេះរដ្ឋាភិបាលឡាវកំពុងសុំការអនុម័តពីប្រទេសដែលពាក់ព័ន្ធ ព្រមទាំងបានបញ្ជូនឯកសារច្បាប់ថ្មីដល់ប្រទេសជិតខាង ដើម្បីឲ្យមានភាពច្បាស់លាស់ ក្នុងការបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនេះទៀត។
ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ដែលគ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណ២៤០០លានដុល្លារអាមេរិក ត្រូវបានជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសជិតខាងដែលស្ថិតនៅក្រោម ទន្លេមេគង្គដូចជាប្រទេសកម្ពុជា និងវៀតណាម អំពីផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរនោះ៕ខ្មែរសេរី


