Wednesday, May 9, 2012

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ


ថ្ងៃទី 9 ឧសភា 2012
ដោយ: សុខ ភក្តី
CEN
គោឧសភរាជ បរិភោគអាហារ ៧ មុខ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល កាលពីឆ្នាំកន្លងមក
គោឧសភរាជ បរិភោគអាហារ ៧ មុខ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល កាលពីឆ្នាំកន្លងមក
ភ្នំពេញ: នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១២ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក នៅ​ទីលាន​ព្រះ​ស្រែ វាល​ព្រះមេរុ ខាងជើង​ជាប់​ព្រះបរមរាជវាំង​។ ព្រះករុណា ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី យាង​ចូលរួម​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ដោយ​អម​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​មន្ត្រីរាជការ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​រដ្ឋាភិបាល និង​មហាជន​ជាច្រើន​ផ្សេង​ទៀត​។​
​ក្នុង​ពិធី​នៅ​ព្រឹក​នេះ មិន​មាន​វត្តមាន​របស់​សម្តេច​ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​
​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័លនៅ​ឆ្នាំ​នេះ ព្រះ​អម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ស្តេច​មេឃ និង​អ្នកអម្ចាស់​ក្សត្រី ស៊ីសុវត្ថិ ចាន់​ស៊ី​ដា ជា​ព្រះ​មេ​ហួ​។​
​នៅ​ថ្ងៃ​៤​រោច ខែ​ពិសាខ រៀងរាល់ឆ្នាំ តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដើម្បី​ជា​ពិធី​មង្គល​មួយ ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកថា ជា​ការចាប់ផ្តើម​ប្រកក់ប្រសិទ្ធី​ដល់​ប្រជាកសិករ ក្នុងការ​ធ្វើ​ស្រែចម្ការ នៅ​រដូវវស្សា​ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់​។​
​ក្រៅ​ពី​ការ​ភ្ជួរ​រាស់ សាប ព្រោះ ដែល​ស្តេច​មេឃ និង​ព្រះ​មេ​ហួ ធ្វើ​ជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​រដូវ​ធ្វើស្រែ​ចម្ការ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ក៏​មាន​ការ​ផ្សង​ប្រផ្នូល​លើ​ការដាំដុះ ស្រែ ស្រូវ​ចម្ការ តាមរយៈ​គោ​ឧសភ​រាជ ( គោ​របស់​ព្រះមហាក្សត្រ )​។​
​ការ​ផ្សង​ប្រផ្នូល​នេះ មាន​គោ ១ នឹម លែង​ឲ្យ​បរិភោគ វត្ថុ ៧ មុខ រួមមាន​៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា​។ ក្រោយមក អាចារ្យ​ប្រឡោ​ហិត នឹង​ទស្ស​ទាយ ទៅតាម​តម្រា ពី​ការបរិភោគ​វត្ថុ​នីមួយៗ របស់​គោ​ឧសភរាជ​នោះ​។​
​នៅ​ទីលាន​ព្រះ​ស្រែ វាល​ព្រះមេរុ កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ក៏​មាន​តាំង​បង្ហាញ​នូវ​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ព្រមទាំង​អនុផល​ព្រៃឈើ មកពី​តាម​បណ្តា​ខេត្ត ​រាជធានី ដោយមាន ៤៥ ស្តង់​ផងដែរ​៕​ S

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons