Monday, May 7, 2012

វត្តមានស៊ូប៊ែឌី ពីរឿងព្រៃឈើ សម្តេចហ៊ុន សែន​ ឲ្យផ្អាក​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច


ថ្ងៃទី​ 07 ខែឧសភា ឆ្នាំ2012,
ភ្នំពេញ: ខណៈ​ដែល លោក សុរិយា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​ទស្សនកិច្ច​ផ្លូវការ ជាថ្មីទៀត ដោយ​ផ្តោត​សំខាន់​លើ​សម្បទាន​ដី នៅ​កម្ពុជា​ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​​លើ​បទ​បញ្ជា ស្តីពីវិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់​គ្រង​​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្ប​ទាន​​​ដី​សេដ្ឋកិច្ច​។ ​
​បទបញ្ជា ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ការធានា​សមធម៌ ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​បទបញ្ជា ឲ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​សេចក្តីសម្រេច ៤ ចំណុច ដែល​រួម​ទាំង​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការផ្តល់​សម្បទាន​ដី​ សេដ្ឋកិច្ច​ផងដែរ​។​
ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោ​លករណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបា​លរួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដោយ​កាប់​ឈើ​លក់ ហើយ​មិន​ធ្វើ​ការអភិវឌ្ឍ​ដី​សម្បទាន ទន្ទ្រាន​ដី​បន្ថែម ទុក​ដី​ចោល​ទំនេរ​សម្រាប់​លក់​បន្ត ធ្វើ​អាជីវកម្ម​ខុស​លក្ខខណ្ឌ​នៃ​កិច្ចសន្យា បំពាន​ដី​របស់​ប្រជាពលរដ្ឋ ឬ​ដី​សហគមន៍ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា រាជរដ្ឋាភិបាល​នឹង​ដកហូត​នូវ​ដី​សម្បទាន​សេដ្ឋកិច្ចទាំងនោះ។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​ដកហូត​មក​វិញ​នោះ នឹង​ត្រូវ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ ដោយផ្ទាល់​។​ក៏ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ថា ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​បាន​ទទួល​ការអនុញ្ញាត​ជា​គោលការណ៍​ពី​រាជរដ្ឋាភិបាល​​រួចហើយ មុន​ថ្ងៃ​ចេញ​បទបញ្ជា​នេះ ត្រូវ​បន្ត​អនុវត្ត​តម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​។​

​ ​អង្គការ​សិទ្ធិមនុស្ស អាដហុក បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ ដើម្បី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន ចំនួន ៧៥១.៨៨២ ហិកតា​។ ផ្ទៃ​ដី​ជាង ២ ភាគ ៣ បាន​កាត់​ចេញពី​ដី​ការពារ​ដោយ​ព្រះរាជក្រឹត្យ ដែល​ជា​តំបន់​ការពារ​សត្វព្រៃ និង​ព្រៃឈើ​។  គិត​មក​ទល់​នឹង​ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ប្រមាណ ២.២៧៦.៣៤៩ ហិកតា ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន ២២៥ ក្រុមហ៊ុន តាមរយៈ​ក្រសួង​កសិកម្ម និង​តាមរយៈ​អនុក្រឹត្យ ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដោយផ្ទាល់​៕



 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons